ភ្នំពេញៈ ប្រាក់ចំណេញរបស់ NagaCorp ដែលជាប្រតិបត្តិករកាស៊ីណូ NagaWorld នៅទីក្រុងភ្នំពេញបានកើនឡើង ២៤ ភាគរយនៅឆមាសទី ១ ឆ្នាំ ២០១៦ ដោយសារតែ «ការកើនឡើងទំហំអាជីវកម្មនៅទូទាំងផ្នែកទាំងអស់នៃអាជីវកម្មល្បែង»។ នេះបើតាមឯកសារដាក់ទៅកាន់ផ្សារហ៊ុននៅទីក្រុងហុងកុងកាលពីម្សិលមិញ។
ប្រាក់ចំណូលសរុបក្នុងអំឡុងរយៈពេល ៦ ខែដំបូងឆ្នាំនេះបានកើនឡើង ២៨៨,៥ លានដុល្លារគឺកើនឡើង ១០,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈប្រាក់ចំណេញសុទ្ធបានកើនឡើងដល់ ១២៥,២ លានដុល្លារកើនឡើង ២៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រតិបត្តិការបានពីកាស៊ីណូមានរហូត ៩៦ ភាគរយខណៈប្រាក់នៅសល់បានពីប្រតិបត្តិការសណ្ឋាគារ ការលក់អាហារ និងភេសជ្ជៈដែលបានកើនឡើង ១១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនឲ្យដឹងថា៖ «កំណើនទំហំអាជីវកម្មបណ្ដាលមកពីកំណើនភ្ញៀវទេសចរ កំណើនអចលនទ្រព្យ និងការអនុវត្តដោយប្រសិទ្ធភាពប្រតិបត្តិការប្រកបដោយជោគជ័យកាលពីឆ្នាំ ២០១៥ ដែលបានបន្តផ្ដល់ភាពងាយស្រួលដល់អ្នកលេងល្បែងនៅក្នុងតុលេងល្បែង និងម៉ាស៊ីនលេងល្បែងអេឡិចត្រូនិក (EGM)»។
នៅក្នុងទីផ្សារទូទៅការទិញកាក់លេងល្បែងលើតុជាសាធារណៈបានកើនឡើង ១៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣០៥,៦ លានដុល្លារក្នុងអំឡុងឆមាសទី ១ ឆ្នាំ ២០១៦ ខណៈការទិញកាក់លេងល្បែងរបស់ EGM កើនឡើង ១៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៧៤១,៨ លានដុល្លារ។
ក្រុមហ៊ុនប្រកាសថា Naga City Walk ជាមជ្ឈមណ្ឌលទិញទំនិញលក់រាយរួចពន្ធនឹងកាន់កាប់ផ្លូវក្រោមដីតភ្ជាប់ Naga World ទៅ Naga 2 ដែលជាកន្លែងកម្សាន្តចម្រុះនៅពេលអនាគតនឹងបើកដំណើរការនៅខែនេះ។
China Duty Free Group ជាក្រុមហ៊ុនលក់រាយគ្រប់គ្រងដោយរដ្ឋចិនបានជួលហាងក្រោមដីមានទំហំ ៣ ៩០០ ម៉ែត្រការ៉េ៕ LA


