
ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រើប្រាស់បច្ចេកទេសនៃការហ្វឹកហាត់របស់ខ្លួន ធ្វើការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ ជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង៤ ថ្ងៃពុធនេះ ដើម្បីវាស់ស្ទង់នូវសមត្ថភាពពិត មុនពេលក្រុមមួយនេះធ្វើដំណើរទៅចូលរួមការប្រកួតវគ្គជម្រុះ AFC Challenge Cup 2014 នៅប្រទេសហ្វីលីពីននាចុងខែមីនា ខាងមុខនេះ។
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកជម្រើសជាតិកម្ពុជា នឹងប្រើក្រសែភ្នែក ដែលពោរពេញទៅដោយបទពិសោធរបស់លោក មើលទៅលើទម្រង់លេងកូនក្រុមរបស់ខ្លួនក្នុងការប្រកួតមិត្តភាពនេះ ដើម្បីជ្រើសរើសកីឡាករមានទេពកោសល្យ ត្រៀមចូលរួមការប្រកួតជម្រុះ AFC Challenge Cup 2014 នៅហ្វីលីពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ខាងមុខនេះ ដោយកម្ពុជាឈរនៅក្នុងពូលEជាមួយម្ចាស់ផ្ទះហ្វីលីពីន ទួរមេនីស្ថាន និង ប្រ៊ុយណេ។
គ្រូបង្វឹករូបនេះ ហាក់មិនបានបង្ហាញពីមហិច្ឆតាដណ្តើមយកជ័យជម្នះ ក្នុងការប្រកួតមិត្តភាពជាមួយ U23ម៉ាឡេស៊ី លើកនេះឡើយ។ លោកបានប្រាប់កាលពីម្សិលមិញថា៖«តាមពិតទៅយើងបានត្រៀមខ្លួនហ្វឹកហាត់តែរហូតមក ប៉ុន្តែការត្រៀមនេះ មិនមែនសម្រាប់ការប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នៅថ្ងៃស្អែកនេះឡើយ គឺយើងត្រៀមសម្រាប់ចូលរួមការប្រកួតជម្រុះ AFC Challenge Cup 2014 នៅប្រទេសហ្វីលីពីន ហេតុនេះយើងមិនបានរៀបចំយុទ្ធសាស្រ្តឬកលល្បិចអ្វីប្លែក ដើម្បីយកឈ្នះលើ ក្រុម U23ម៉ាឡេស៊ី នោះទេ»។
តែទោះបីជាយ៉ាងណាលោក ប្រាក់ សុវណ្ណារ៉ា បានគូសបញ្ជាក់ថា៖«ការប្រកួតមិត្តភាពនេះ វាជាការធ្វើតេស្តដ៏សំខាន់ទៅលើសមត្ថភាពលេងកីឡាកររបស់យើង ថាតើពួកគេមានការរីកចម្រើនដល់កម្រិតណាហើយ មានចំណុចខ្លាំងត្រង់ណាខ្លះ និងមានចំណុចខ្សោយអ្វីខ្លះ ដើម្បីឲ្យយើងមានភាពងាយស្រួលកែតម្រូវដល់ពួកគេបន្ថែមទៀត»។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រុមក្រោម២៣ឆ្នាំរបស់ម៉ាឡេស៊ី គឺជាក្រុមដ៏ខ្លាំងមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយក្រុមមួយនេះ ក៏ធ្លាប់បានបំបាក់ក្រុមU23កម្ពុជា ក្នុងលទ្ធផល ៤-១ នាការប្រកួតជម្រុះតាមពូលនៃការប្រកួតស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១១ផងដែរ។ ប៉ុន្តែនៅមុនពេលមកប្រកួតមិត្តភាពជាមួយកម្ពុជាលើកនេះ U23ម៉ាឡេស៊ី បានត្រឹមស្មើ ៣-៣ ជាមួយជម្រើសជាតិឡាវ នាការប្រកួតមិត្តភាព ដែលរៀបចំឡើងនៅទីលាន National Stadium ក្នុងទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈថ្មីៗនេះ។
យ៉ាងណាមិញ សម្រាប់ការប្រកួតមិត្តភាពចំនួន៥លើក ចាប់តាំងពីឆ្នាំ២០០១ មកដល់ឆ្នាំ២០១២កន្លងមកនេះ កម្ពុជាបានយកឈ្នះលើក្រុមរបស់ម៉ាឡេស៊ី មួយនេះតែម្តងគត់ គឺការប្រកួតមិត្តភាព ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ កាលពីខែមិថុនា ឆ្នាំ២០១១ ក្នុងលទ្ធផល ១-០ ដែលរកបានដោយខ្សែប្រយុទ្ធ គួច សុកុម្ភៈ គឺមុនពេលក្រុមមួយនេះ ចាញ់ ម៉ាឡេស៊ី ១-០ វិញ សម្រាប់ការប្រកួតមិត្តភាពលើកចុងក្រោយ កាលពីខែមករា ឆ្នាំ២០១២។ ចំណែកការប្រកួត៣លើកផ្សេងៗទៀត កម្ពុជា បានចាញ់ ម៉ាឡេស៊ី ៤-០ នៅឆ្នាំ២០០៩ ចាញ់ ៥-០ នៅឆ្នាំ២០០៥ និងចាញ់ ៨-១ ក្នុងឆ្នាំ២០០១។
ចំពោះបញ្ជីឈ្មោះក្រុមជម្រើសជាតិទាំង២៥នាក់របស់កម្ពុជានៅពេលនេះរួមមានអ្នកចាំទី សំរឹត សីហា ស៊ូ យ៉ាទី និង ប៉េង ប៊ុនឆាយ រីឯខ្សែការពារមាន សុក រិទ្ធី ឡាយ រស្មី ស៊ុន សុវណ្ណរិទ្ធី សាយ ពិសិដ្ឋ ទូច បញ្ចរ៉ុង ទៀង ទីនី ខែក ខេមរិន្ទ អូម ថាវរៈ ហើយខ្សែបម្រើមាន ឃឹម បូរី ទៀប វឌ្ឍនៈ ជួន ជុំ ប្រាក់ មុន្នីឧត្តម សុះ ស៊ូហាណា សុក ច័ន្ទរស្មី ហូយ ផល្លីន ឈិន ឈឿន សាន ណារិទ្ធ ចាន់ វឌ្ឍនាកា ស៊ុន សុបញ្ញា សួន វាសនា ខណៈខ្សែប្រយុទ្ធមាន គួច សុកុម្ភៈ និង ឃួន ឡាបូរ៉ាវី។
ប៉ុន្តែសម្រាប់ការប្រកួតមិត្តភាពនេះលោក ប្រាក់ សុវណ្ណារ៉ា បានបង្ហើបថាមានកីឡាករប្រហែល១៦នាក់ទេ ដែលលោកដាក់ឲ្យលេងក្នុងជំនួបនេះ៕


