
ភ្នំពេញៈ ផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតនៅក្នុងបញ្ហាដោយសារភាពអសមត្ថភាព ក្នុងការប្រែក្លាយចំនួនប្រជាពលរដ្ឋវ័យក្មេងឲ្យទៅជាកម្លាំងពលកម្មជំនាញ និងការរីកចម្រើនយឺតដោយសារការពឹងផ្អែកខ្លាំងពេកទៅលើកសិកម្ម។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញកាលពីចុងសប្តាហ៍មុន។
នៅក្នុង ប្រទេសកម្ពុជា និង វៀតណាម ការធ្វើពិពិធកម្មនៃពលកម្មពីវិស័យកសិកម្ម គឺបានរួមចំណែកជាង ៧០ ភាគរយនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសទាំងពីរ។ នេះបើតាមការសិក្សាថ្នាក់តំបន់របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «ការងារនៅអាស៊ីបូព៌ាប៉ាស៊ីហ្វិក៖ ការងារសហគ្រាសនិងសុខុមាលភាព»។
ប្រជាពលរដ្ឋកម្ពុជាពី ៧៥ ទៅ ៨០ ភាគរយបន្តពឹងផ្អែកទៅលើចំណូលដែលបានមកពីកសិកម្មដែលវារារាំងដល់ផលិតភាពនិងការបង្កើតទិន្នផលសេដ្ឋកិច្ចរីកចម្រើនខ្លាំង។
របាយការណ៍ដែលចេញកាលពីថ្ងៃសុក្រ បានឲ្យដឹងទៀតថា៖ «ក្នុង ប្រទេសកម្ពុជា ចំណូលពីអាជីវកម្មដែលមិនមែនកសិកម្ម…គឺជាប្រភពចម្បងនៃចំណូលរបស់ប្រជាពលរដ្ឋដែលមានជីវភាពធូរធារបំផុតខណៈប្រជាពលរដ្ឋក្រីក្របំផុតពឹងផ្អែកបំផុតទៅលើកសិកម្ម»។ ដើម្បីយកយុវវ័យជនបទចេញពីភាពក្រីក្រនិងការងារកសិកម្មរដ្ឋាភិបាលបានផ្តោតទៅលើការកែលម្អវិស័យអប់រំ ដោយត្រូវសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ចំពោះការអប់រំថ្នាក់បឋមសិក្សាសកលត្រឹម ឆ្នាំ២០១៥។
របាយការណ៍បន្តថា៖ «ទោះយ៉ាងណាក្តី ការពង្រីក និងការពង្រឹងលទ្ធភាពទទួលបានការអប់រំមិនស្មើនឹងកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ទេ»។ «គ្រាន់តែក្មេងច្រើនជាងមុនទៅសាលារៀនមិនមែនមានន័យថា ពួកគេកំពុងរៀននិងកសាងជំនាញទេ»។ ខណៈ កម្ពុជា បានអត្រាចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សាចំនួន ៩៧ ភាគរយហើយប្រព័ន្ធអប់រំនៅមានបញ្ហាចំពោះគុណភាពអប់រំ និងអវត្តមានច្រើន និងអត្រានៃភាពក្រីក្រអ្នកអប់រំ បានប៉ាន់ប្រមាណថា មានតែមួយភាគបីប៉ុណ្ណោះនៃសិស្សបឋមសិក្សាចេះអានអក្សរ ហើយតិចជាងបួនភាគរយនៃចំនួនពលករដែលកំពុងធ្វើការងារបានបញ្ចប់ថ្នាក់អនុវិទ្យាល័យ។ នេះបើតាមធនាគារពិភពលោក។
របាយការណ៍បន្តថា៖ «កំណើនផលិតភាពត្រូវបានរារាំងដោយសារការខ្វះជំនាញមូលដ្ឋាននៅ កម្ពុជា និង ឡាវ»។
បន្ថែមពីលើការខ្វះខាតជំនាញមូលដ្ឋានសាកលវិទ្យាល័យ មិនបានផ្តល់គុណភាពគ្រប់គ្រាន់និងត្រូវតាមការរំពឹងទុកដល់និស្សិតបញ្ចប់ការសិក្សានោះទេ។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីៗនៃនិយោជកកម្ពុជាដែលក្នុងនោះ ៧៦ ភាគរយនៃអ្នកឆ្លើយសំណួរបានលើកឡើងបែបនេះ។
លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា៖ «គុណភាពនៃការអប់រំពឹងផ្អែកទៅលើគណនេយ្យភាពនៃប្រព័ន្ធអប់រំ។ ការប្រឡងដែលមានភាពត្រឹមត្រូវជាងមុន និងយុត្តិធម៌ជាងមុន នឹងធ្វើឲ្យសិស្សមានសមត្ថភាពជាងមុន»។
លោកបន្ថែមថា ខណៈក្រសួងអប់រំជំរុញឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនជាងមុន ដើម្បីជំរុញឲ្យមានជំនាញឧស្សាហកម្ម ជំហានទីមួយ ត្រូវពង្រឹងគុណភាពអប់រំជាមូលដ្ឋានសិន»។
លោកបន្តថា៖ «ដើម្បីសម្រេចបានគោលដៅនេះវាត្រូវការពេលវេលានិងធនធាន»។
មន្ត្រីក្រសួង អប់រំ យុវជន និងកីឡា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ៕ PS


