
ភ្នំពេញៈ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាបន្ធូរបន្ថយទោស យាយក្រពើ គឺអ្នកស្រី ឈិន សុគន្ធារី កាលពីរសៀលថ្ងៃ ទី២២ ខែមេសា ពីការដាក់ពន្ធនាគារ ៤ឆ្នាំកន្លះ មកដាក់ពន្ធនាគារត្រឹម ២ឆ្នាំ និងពិន័យប្រាក់ ១៥ លានរៀលវិញពីបទ «ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិដីសាធារណៈ» ក្រោមបណ្តឹងរបស់សាលារាជធានីភ្នំពេញ។
លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានប្រកាសសាលដីកាពីម្សិលមិញថា៖ «សាលាឧទ្ធរណ៍បានសម្រេចបន្ធូរបន្ថយទោស ឈ្មោះ ឈិន សុគន្ឋារី ហៅ យាយក្រពើ ភេទស្រី អាយុ ៥៨ឆ្នាំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីង គ្រុប ពីជាប់ពន្ធនាគារ ៤ឆ្នាំ ៦ខែ មកត្រឹម ២ ឆ្នាំវិញនិងកែប្រែការពិន័យជាប្រាក់ពី ៣០ លានរៀលមកត្រឹម ១៥ លានរៀលនិងលុបចោលប្រាក់បង្គាប់ឲ្យសងជំងឺចិត្តចំនួន ៦០ លានរៀលទុកជាអាសារបង់»។
លោកចៅក្រម ងួន អ៊ីម បានបន្ថែមថា៖ «ជនជាប់ចោទមានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលតាមកំណត់ច្បាប់ប្រសិនមិនទទួលយកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ»។
លោកបញ្ជាក់ដែរថា ឈ្មោះ ឈិន សុគន្ឋារី ហៅ យាយក្រពើ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ «ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិដីសាធារណៈ» តាមមាត្រា ២៥៩ នៃច្បាប់ ភូមិបាលពាក់ព័ន្ធនឹងករណីឈូសឆាយសាធារណៈ (ដីរដ្ឋ) នៅក្នុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃ ទី៣០ ខែសីហា ២០១៣។ សំណុំរឿងនេះ សាលាដំបូងរាជធានី កាលពីថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០១២ សម្រេចផ្តន្ទាទោស យាយក្រពើ កំបាំងមុខដាក់ពន្ធនាគារ ៤ឆ្នាំ និង ៦ខែពិន័យប្រាក់ ៣០ លានរៀលនិងបង្គាប់ឲ្យសងជំងឺចិត្តសាលារាជធានីភ្នំពេញជាដើមបណ្តឹងចំនួន ៦០ លានរៀល។ ប៉ុន្តែសាលក្រមនេះត្រូវ យាយក្រពើ ប្តឹងជំទាស់មកសាលាឧទ្ធរណ៍។
លោក សុក សំអឿន ជាមេធាវីរបស់ យាយក្រពើ បានថ្លែងថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ គឺអយុត្តិធម៌ណាស់ ចំពោះលោកស្រី ឈិន សុគន្ធារី ហើយលោកក៏ពុំទាន់ដឹងថា កូនក្តីលោកនឹងបន្តប្តឹងសារទុក្ខទៅតុលាការកំពូលឬយ៉ាងណាទេ ព្រោះមិនទាន់សួរយោបល់។
លោកលើកឡើងថា យោងអង្គហេតុជាក់ស្តែងរឿងនេះលោកស្រី ឈិន សុគន្ធារី គឺគ្រាន់តែជនរងគ្រោះនិងពុំមានទោសអ្វីឡើយពីព្រោះគាត់ចូលកាន់កាប់ដីជាង ៣៤ ហិកតានេះតាំងពី ឆ្នាំ១៩៩៩ គឺ ១៣ឆ្នាំ មុនអនុក្រឹត្យនេះចេញ គឺតាមរយៈការទិញពីអ្នកកាន់កាប់មុនហើយដែលដីខ្លះត្រូវបានកាន់កាប់តាំងពី ឆ្នាំ១៩៧៩ មកនិងមានការដឹងឮ និងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ អ្នកស្រីក៏បានដាក់ពាក្យស្នើសុំកាន់កាប់មកសាលាក្រុងភ្នំពេញ។ នៅថ្ងៃ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ (៥ ខែ ១ ថ្ងៃ មុនអនុក្រឹត្យ ១០១) អ្នកស្រី ឈិន សុគន្ធារី ក៏បានបង់ពន្ធអចលនទ្រព្យជូនរដ្ឋថែមទៀតផង។
ក៏ប៉ុន្តែលោក យឹម សារី ដែលជាមេធាវីរបស់សាលារាជធានីភ្នំពេញមានប្រសាសន៍ថា៖ «សេចក្តីសម្រេច របស់សាលាឧទ្ធរណ៍នេះគឺសមរម្យ នឹងអាចទទួលបានសម្រាប់ខ្ញុំ។ប៉ុន្តែមិនដឹងថា កូនក្តីខ្ញុំនឹងទទួលយកឬអត់ទេ ពីព្រោះខ្ញុំមិនទាន់បានធ្វើរបាយការណ៍ដាក់ជូនទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញនៅឡើយ»៕


