
ជាការពិតណាស់ប្រព័ន្ធព័ត៌មានវិទ្យាជាតម្រូវការចាំបាច់សម្រាប់អាជីវកម្មជាច្រើននាពេលបច្ចុប្បន្ននេះដូចជាការបង្កើនទំនាក់ទំនងជាមួយនឹងដៃគូសហប្រតិបត្តិការ សម្រួលក្នុងការរក្សា និងដោះដូរទិន្នន័យជាដើម។ ពេលថ្មីៗ នេះគម្រោងមួយរបស់រដ្ឋាភិបាលអាមេរិកតាមរយៈ USAID ឈ្មោះថា Development Innovations បានធ្វើសិក្ខាសាលាមួយដែលបានអញ្ជើញអ្នកជំនាញមកចែករំលែកបទពិសោធដ៏ជោគជ័យក្នុងការ បង្កើតអាជីវកម្មទាក់ទងទៅនឹងព័ត៌មានវិទ្យា។
សិក្ខាសាលានេះបានធ្វើឡើងនៅការិយាល័យរបស់ Development Innovations ក្នុងគោលបំណងជួយផ្តល់ចំណេះដឹងដល់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហារបស់សង្គម។

លោក សុខ យ៉េង ជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឈ្មោះថា NETPRO Cambodia (ជាក្រុមហ៊ុនផ្តល់សេវាកម្មខាងដំណោះស្រាយ ផ្នែកបច្ចេកវិទ្យាទៅកាន់ការិយាល័យខ្នាតតូច និងខ្នាតមធ្យម) បានប្រាប់ពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាថា បច្ចេកវិទ្យាគឺជាឧបករណ៍ដែល ជួយផ្តល់ព័ត៌មានដ៏ច្បាស់លាស់ដល់អ្នកចង់ បង្កើតអាជីវកម្មដោយជួយសម្រួលក្នុងការសម្រេចចិត្តដែលចំណាយពេលវេលាតិច និងបានផលច្រើន។
លោកបន្តថា នៅបរទេស ពួកគេមានជំនាញប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងស្ទាត់ជំនាញ និងលឿនរហ័ស។ សម្រាប់ប្រទេសកម្ពុជាវិញ យើងនៅមានលក្ខណៈយឺតបន្តិចដែលត្រូវការ អង្គការ Development Innovations ជួយ ដល់អ្នកទិញឲ្យយល់កាន់តែច្រើន។
ជាមួយនឹងបទពិសោធរបស់លោកផ្ទាល់ ដែលមានអាជីវកម្មពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាសព្វថ្ងៃ លោកប្រាប់ថា៖ «នៅប្រទេសកម្ពុជាបច្ចេកវិទ្យានៅមានលក្ខណៈតួចចង្អៀតដោយសារយើងមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់បច្ចេកវិទ្យា។ ម្ចាស់អាជីវកម្ម និងអ្នកចាត់ការទូទៅមួយចំនួនមិនទាន់ចេះប្រើប្រាស់បច្ចេកវិទ្យា ក្នុងការជួយដំណើរការទៅលើអាជីវកម្ម របស់ពួកគេនៅឡើយ»។
សិក្ខាសាលានេះត្រូវបានចូលរួមដោយសហគ្រិនវ័យក្មេង និងយុវវ័យដែលមានគំនិតចង់ បង្កើតអាជីវកម្មដែលទាក់ទងទៅនឹងផ្នែកបច្ចេកវិទ្យា។ លោក សុខ លាភ គឺជាអ្នកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅ Web Essentials បានចូលរួមសិក្សាពីសិក្ខាសិលានេះបានមានយោបល់ថា សិក្ខាសិលានេះគឺផ្តល់នូវចំណេះដឹងដែលមិន អាចរកបាននៅសាលា ឬក្នុងសៀវភៅ។ លោកផ្តល់គំនិតថា អនាគតស្ថានភាពអាជីវកម្មផ្នែកបច្ចេកវិទ្យានឹងមានលក្ខណៈប្រសើរឡើង ដោយសារតែតម្រូវការពីអាជីវកម្មខ្នាតតូចៗ និងសហគ្រាសមានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបានលើកឧទាហរណ៍ថា៖ «ដូចជាអ្វីដែលយើងបានឃើញសព្វថ្ងៃ សូម្បីតែផ្សារទំនើបខ្នាតតូចៗក៏ត្រូវការបច្ចេកវិទ្យាដើម្បីគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌ និងភាគហ៊ុន(ផលិតផល)ជាដើម។ តម្រូវការទាំងនេះនឹងធ្វើឲ្យមានការរីកចម្រើនផ្នែកព័ត៌មានវិទ្យាទៅជាមួយផងដែរ»។
ដោយសារការចង់សិក្សា និងយល់ដឹងឲ្យច្បាស់ពីការរៀបចំអាជីវកម្ម យុវជន គឹម សេងសុភាព ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញព័ត៌មានវិទ្យា បានចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីស្ម័គ្រចិត្តធ្វើការនៅក្នុងគម្រោង Development Innovations។ លោកប្រាប់ថា កម្មវិធីនេះគឺជាឱកាសមួយដ៏ល្អមួយឲ្យអ្នកចង់បង្កើតអាជីវកម្ម ដោយខ្លួនឯង។
លោកបន្តថា៖ «ខ្ញុំចង់បើកហាងអ៊ីនធឺណិតផងដែរពីព្រោះឥឡូវនេះមនុស្ស ត្រូវការប្រើវា និងចំណាយដើមទុនតិចផងដែរ»៕


