រតនគិរីៈ មេភូមិនិងពលរដ្ឋភាគតិចទំពួន៤០គ្រួសារនៅស្រុកបរកែវ ត្រូវបុរសម្នាក់តាំងខ្លួនជាជំនួយការតំណាងរាស្រ្តគណបក្សប្រជាជន បោកយកលុយជាង១ពាន់ដុល្លាទៅរត់ការយកដីមានជម្លោះជាមួយក្រុមហ៊ុនមកវិញ។
លោក ក្វាស ជាវ អាយុ៥៧ឆ្នាំជាមេភូមិប៉ាអរ ឃុំកិះចុង អះអាងថា បុរសឈ្មោះថា អាយុប្រមាណ៥០ឆ្នាំ បានតាំងខ្លួនជាជំនួយការលោក ប៊ូ ឡាំ តំណាងរាស្រ្តខេត្តរតនគិរីគណបក្សប្រជាជនកម្ពុជា បានបោកគាត់ និងពលរដ្ឋយកលុយសរុប១៥០០ដុល្លារអាមេរិក ចាប់តាំងពីខែកុម្ភៈ មកម៉្លេះ។
លោក ជាវ បញ្ជាក់ថា៖«យើងរៃលុយគ្នាហើយវេរឲ្យឈ្មោះថា តាម វីង និងឲ្យផ្ទាល់ខ្លះ ទាំងអស់មាន១៥០០ដុល្លារ ពឹងឲ្យគេជួយដោះស្រាយយកដីជម្លោះជាមួយក្រុមហ៊ុនមកវិញ»។ លោកបន្តថាពលរដ្ឋ៤០គ្រួសារមានបញ្ហាដីធ្លីទំហំ៦៩ហិកតាជាមួយនឹងអ្នកមាន និងក្រុមហ៊ុនលី សុខគីម។ ឈ្មោះ ថា នោះបានទៅលេងក្នុងភូមិគាត់ ពេលដឹងថាពលរដ្ឋមានជម្លោះដីធ្លីគេក៏អួតថា គេអាចជួយបានព្រោះគេជាជំនួយការលោក ប៊ូ ឡាំ ហើយថា៖ «រឿងអីឲ្យដីគេយកទទេៗ។ គិតគូរឲ្យតែថ្លៃសាំងនិងសោហុយទៅចាំគេជួយ។ ខ្ញុំក៏ជឿហើយមានតែខ្ញុំទេអស់៥០០ដុល្លារច្រើនជាងគេ»។
ពលរដ្ឋរងគ្រោះ ក្វាស ទីវ អាយុ៥៦ឆ្នាំ អះអាងថា គ្រួសារគាត់ចាញ់បោកគេជាង៤០ម៉ឺនរៀលដែរព្រោះតែចង់បានដី២ហិកតាមកកាន់កាប់វិញ។ «លុយក៏អស់គ្មានបានការអីទេ។ចាញ់បោកគេទទេៗ»។ លោកបន្តថា ពីសប្តាហ៍មុនពលរដ្ឋបានទៅជួបលោក ប៊ូ ឡាំ សួរនាំពីរឿងនេះ។ ប៉ុន្តែលោកប្រាប់ថា គ្មានជំនួយការឈ្មោះ ថា នោះទេ។
ទាក់ទងទៅនឹងករណីឆបោកនេះ លោក ប៊ូ ឡាំបានបញ្ជាក់ថាករណីនេះមិនពាក់ព័ន្ធនឹងលោកទេ។ លោកប្រាប់ថា៖ «ខ្ញុំបានឲ្យពលរដ្ឋធ្វើពាក្យប្តឹងមកហើយខ្ញុំនឹងធ្វើលិខិតអមដាក់ទៅរដ្ឋសភា និងក្រសួងការពារជាតិ។ តែពេលនេះមិនទាន់ឃើញផ្ញើមកទេ»។
លោកបន្ថែមថា កន្លងមកធ្លាប់មានជនខិលខូចធ្វើលិខិតឬត្រាក្លែងទៅបោកប្រាស់ពលរដ្ឋក្នុងខេត្តរតនគិរី ហើយក៏ត្រូវបានចាប់យកទៅផ្ទន្ទាទោសផងដែរ។
ប្រជាពលរដ្ឋ៤០គ្រួសារកំពុងពិភាក្សាគ្នាដើម្បីរកវិធីប្តឹងឈ្មោះថា នោះទៅតុលាការខេត្តឬទៅរដ្ឋសភាតែម្តងខណៈពួកគាត់កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលី សុខគីម ដែលកន្លះខែមុនអាជ្ញាធរឃុំ១៥នាក់ត្រូវតុលាការកោះឲ្យទៅបំភ្លឺបន្ទាប់ពីក្រុមហ៊ុននេះប្តឹងពួកគាត់ ចោទពីបទគំរាមកំហែង និងរំលោភយកដី៕

