កំពង់ឆ្នាំងៈ អ្នកក្រុងកំពង់ឆ្នាំង បានផ្អើលនាំគ្នាទៅមើលពស់ថ្លាន់មួយទម្ងន់ជាង២០គីឡូក្រាម មានពង ៣៩ គ្រាប់ ដែលពលរដ្ឋម្នាក់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង បានប្រទះឃើញកាលពីថ្ងៃទី ២៦ ខែឧសភា ខណៈខាងរដ្ឋបាលព្រៃឈើស្នើយកទៅអភិរក្សពូជសត្វល្មូនជិតផុតពូជនេះកុំឲ្យបាត់បង់។
លោក ញ៉ោក ប៉ុនធី នាយប៉ុស្តិ៍រដ្ឋបាលក្រុងផ្សារឆ្នាំងបានឲ្យដឹងថាបុរសឈ្មោះ ចាន់ ថា អាយុ៤០ឆ្នាំនិងកូនប្រុសបានប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ជាង២០គីឡូក្រាមប្រវែង៣ម៉ែត្រ មានពងចំនួន៣៩នៅក្នុងព្រៃនៅ៥០ម៉ែត្រពីផ្ទះរួចក៏ចាប់យកមកចិញ្ចឹមធ្វើឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាងទៅមើលរហូតខ្លះនាំគ្នាបន់ស្រន់ក្នុងអបិយជំនឿផង។
លោកថា នៅថ្ងៃទី២៦ ឧសភាឪពុកនិងកូនពីរនាក់នាំគ្នាទៅព្រៃដុតភ្លើងរកចង្រិតស្រាប់តែឆ្កែដែលមកជាមួយផ្អើលរត់ចេញពីគុម្ពោតព្រៃ។ ពួកគេងឿងឆ្ងល់ក៏ដើរទៅមើលក៏ប្រទះឃើញពស់ថ្លាន់ធំមួយក្បាលមានពងដល់ទៅ៣៩ ហើយក៏ចាប់យកមកផ្ទះតែម្តង។
លោកបន្តថា ខាងរដ្ឋបាលជលផលពេលឮដំណឹងនេះក៏បានមកទាក់ទងអាជ្ញាធរមូលដ្ឋានឲ្យស្នើសុំអ្នកចាប់យកពស់ថ្លាន់និងស៊ុតយកទៅចិញ្ចឹមក្នុងតំបន់អភិរក្សប៉ុន្តែម្ចាស់ពស់និងប្រជាពលរដ្ឋមិនព្រមឲ្យទេព្រោះពួកគេមានជំនឿថាជាសត្វមានបារមីរបស់អ្នកតាដោយសារថា គុម្ពោតព្រៃផ្តុំពស់ថ្លាន់ក្រាបពងនោះ គេដុតមិនដែលឆេះសោះ។
លោកស្រី ហួន ហ៊ុយអ៊េង ចៅសង្កាត់ផ្សារឆ្នាំងបានឲ្យដឹងថាពេលគាត់ចិញ្ចឹមពស់នោះក្នុងផ្ទះធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងនិងមកពីភូមិក្បែរផ្អើលនាំគ្នាទៅមើលដោយសារជឿថា ជាសត្វរបស់អ្នកតាមានបារមី។
លោកស្រីចៅសង្កាត់បន្តថា៖ «ប្រជាពលរដ្ឋច្រើនណាស់នាំគ្នាផ្អើលទៅដុតធូបបន់ស្រន់សុំសេចក្តីសុខ ព្រោះពួកគេមានជំនឿថា ជាពស់ថ្លាន់របស់អ្នកតាដែលនឹងនាំមកនូវសេចក្តីសុខសប្បាយ សុវត្ថិភាពនិងចម្រុងចម្រើនដល់អ្នកនៅក្នុងភូមិ»។
ប៉ុន្តែលោក ស៊ិន កុសល នាយរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងថ្លែងថា សត្វពស់ថ្លាន់មួយក្បាលនេះនិងពងរបស់វា គួរតែយកមកអភិរក្សនិងថែរក្សាយ៉ាងត្រឹមត្រូវ។
លោក ញ៉ោក ប៉ុនធី នាយប៉ុស្តិ៍រដ្ឋបាលក្រុងផ្សារឆ្នាំងបានថ្លែងឲ្យដឹងថាខាងអាជ្ញាធរបានប្រាប់ទៅម្ចាស់ពស់ថា កុំឲ្យយកពស់ថ្លាន់និងពងទាំងនោះយកទៅលក់និងហូបវាហើយបើពស់នោះមានជំងឺត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាមដើម្បីជូនដំណឹងទៅក្រុមអភិរក្ស។
កាលពីថ្ងៃទី៨ ខែឧសភា មុននេះ ពស់ថ្លាន់មួយក្បាលដែលមានទម្ងន់១៨គីឡូក្រាមក៏ត្រូវគេប្រទះឃើញនៅក្បែរវត្តក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ៕

