ក្រុមហ៊ុនអភិវឌ្ឍន៍ Supalai Plc ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនប្រទេសថៃគ្រោងនឹងបង្កើនចំណាយរហូតដល់២០ភាគរយសម្រាប់ទិញដីនៅឆ្នាំក្រោយ ខណៈស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកំពុងមានភាពល្អប្រសើរ ស្របពេលតម្លៃដីធ្លីកំពុងកើនឡើង។
លោក Tritecha Tangmatitham អគ្គនាយករងក្រុមហ៊ុន Supalai Plc បាននិយាយថា តម្លៃដីក្នុងទីក្រុងបាងកក បានកើនឡើង៩ភាគរយជាមធ្យមក្នុងមួយឆ្នាំ នារយៈពេល២ឆ្នាំចុងក្រោយនេះ ដោយដីសម្រាប់គម្រោងអភិវឌ្ឍន៍ខុនដូបានកើនឡើងច្រើនជាង១០ភាគរយ។
លោកបានអះអាងថា៖«តម្លៃដីនឹងបន្តកើនឡើងទៀត ខណៈស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ និងគម្រោងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសក៏កំពុងតែដំណើរការទៅមុខល្អប្រសើរផងដែរ»។
នៅក្នុងឆ្នាំ២០១៥ ខាងមុខ ក្រុមហ៊ុនក៏គ្រោងនឹងចំណាយ៦ពាន់លានបាត (១៨៦,៥១លានដុល្លារអាមេរិក) ដើម្បីទិញដីសម្រាប់ធ្វើការអភិវឌ្ឍលំនៅឋាន ខណៈបច្ចុប្បន្ននេះមានចំនួន៥ពាន់លានបាត(១៥៥,៤២លានដុល្លារ)។
លោក Tritecha បាននិយាយថា៖«នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះយើងមិនបានប្រមូលទិញដីទុកទេ ពីព្រោះអត្រាការប្រាក់មានតម្លៃខ្ពស់ និងតម្លៃដីមានការកើនឡើង»។
ដោយសារភាពធូរស្រាលនៃទីផ្សារអចលនទ្រព្យ នៅក្នុងត្រីមាសទី២នេះក្រុមហ៊ុន Supalai ក៏នឹងចេញគម្រោងចំនួន១៦ ដែលមានតម្លៃសរុប២១ពាន់លានបាត (៦៥២,៧៦លានដុល្លារ) ក្នុងនោះមានខុនដូ ចំនួន៧អគារ មានតម្លៃ១៣ពាន់លានបាត (៤០៤,០៣លានដុល្លារ) និងគម្រោង៩ផ្សេងទៀតដែលមានតម្លៃ៨ពាន់លានបាត(២៤៨,៦២លានដុល្លារ)។
ក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០១៤នេះ ក្រុមហ៊ុន Supalai លក់បាន១០,៥ពាន់លានបាត(៣២៦,៣៩លានដុល្លារ) សម្រាប់ការលក់មុននឹងចេញគម្រោង ហើយរំពឹងថា នឹងឈានទៅ២២ពាន់លានបាត(៦៨៣,៨៥លានដុល្លារ)នៅចុងឆ្នាំនេះផងដែរ។
ក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើក៏បានរំពឹងទុកដែរថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននឹងកើនឡើងតិចតួចនៅឆ្នាំនេះដែលស្មើនឹង២៣ទៅ២៤ភាគរយ បន្ទាប់ពីផលចំណេញសុទ្ធក្នុងវិស័យនេះកាលពីឆ្នាំមុនមានចំនួន២២ទៅ២៣ភាគរយ។
ក្រុមហ៊ុន Supalai ក៏គ្រោងនឹងសាងសង់ខុនដូចំនួនពីរនៅចុងខែនេះផងដែរ ខណៈតម្រូវការកំពុងកើនឡើង។ គម្រោងខុនដូ ក្នុងតំបន់ Soi Lasalle នៅសង្កាត់ Bang Na របស់ទីក្រុងបាងកក នឹងមានចំនួន៣៣៤យូនីត ដែលមានតម្លៃ៨០០លានបាត (២៤,៨៥លានដុល្លារ) ខណៈមួយទៀតនៅចំណុចប្រសព្វ Pak Kret ក្នុងខេត្ត Nonthanburi មាន៤១០យូនីតដោយមានតម្លៃ ១,១ពាន់លានបាត(៣៤,១៧លានដុល្លារ)៕

