រដ្ឋ និងផ្នែកឯកជនកម្ពុជា-សហភាពអឺរ៉ុប បានបើកកិច្ចសន្ទនាលើកទី៤ (The 4th Cambodia-Europe Public-Private Sector Dialogue) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ជាពិសេសស្វែងរកដំណោះស្រាយរួម ក្នុងគោលបំណងធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចកាន់តែមានភាពប្រកួតប្រជែង ព្រមទាំងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិយោគិនមកពីសហភាពអឺរ៉ុប។
កិច្ចសន្ទនានេះបានប្រព្រឹត្តិឡើងនៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham), លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក Andreas Berg ភារធារី និងជាអនុប្រធានគណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនទៀត។
កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងផ្នែកឯកជន កម្ពុជា-សហភាពអឺរ៉ុប បានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាគ្នាប្រកបដោយឆន្ទៈខ្ពស់ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីសហភាពអឺរ៉ុប។
កិច្ចសន្ទនានេះបានធ្វើឡើងដើម្បីបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបានក្នុងវេទិកានៃកិច្ចសន្ទនាទាំង ៣ លើកកន្លងមក សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែមានភាពប្រសើរឡើង ព្រមទាំងកសាងទំនុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀត។
តាមរយៈកិច្ចសហការជិតស្និទ្ធរវាង CDC និង EuroCham ភាគីទាំង ២ មានជំនឿថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុប ដែលមានស្រាប់នឹងបន្តរីកលូតលាស់កាន់តែរឹងមាំ ហើយរំពឹងថានឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញគម្រោងវិនិយោគគុណភាពថ្មីៗបន្ថែមទៀតនាពេលអនាគត។
CDC បានអះអាងថា៖«លើសពីដើរតួជាវេទិកាសម្រាប់ស្វែងរកដំណោះស្រាយជូនវិនិយោគិន កិច្ចសន្ទនាបែបត្រង់ទៅត្រង់មក គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការតម្រង់ទិសដៅវិនិយោគរបស់កម្ពុជាឱ្យស្របទៅនឹងនិន្នាការសកល ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន»។
តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអឺរ៉ុប បានបង្ហាញនូវការចាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន CDC និងក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ។ ជាមួយគ្នានេះតំណាងវិនិយោគិនអឺរ៉ុប ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធដែលធ្លាប់ទទួលបាន ការឆ្លើយតប និងដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅកិច្ចប្រជុំទាំង ៣ លើកកន្លងមក។
កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋ និងផ្នែកឯកជនកម្ពុជា-សហភាពអឺរ៉ុប បានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ក្រៅពីការវិនិយោគផ្ទាល់នៅក្នុងប្រទេសកម្ពុជា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្ម(ទទួលទិញទំនិញ)ដ៏សំខាន់របស់កម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងមក ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំង ២ មានទឹកប្រាក់សរុប ៥,៨ ពាន់លានដុល្លារ កើនឡើង ១០,២% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ៥,៣៣ ពាន់លានដុល្លារ។
ក្នុងចំនួននេះគឺទំនិញកម្ពុជានាំទៅទីផ្សារសហភាពអឺរ៉ុប មានទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារ កើនឡើង ១៣,៥៥% ចំណែកទំនិញដែលអឺរ៉ុបនាំមកវិញ ៨៦៣ លានដុល្លារ ថយចុះ ៥,៨៨%៕

