អ្នកជំនាញសេដ្ឋកិច្ច និងមន្រ្តីរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយមថា អត្រាពន្ធបដិការដែលរដ្ឋបាលអាមេរិក បានកំណត់យកពីទំនិញកម្ពុជាចំនួន ៣៦% នាពេលកន្លងមក អាចនឹងត្រូវបញ្ចុះបន្ថែមទៀតបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា-ថៃយល់ព្រមឈប់បាញ់គ្នាតាមការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
បន្ទាប់ពីកើតជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ រយៈពេល ៥ថ្ងៃចាប់ពីព្រឹកថ្ងៃទី២៤ ខែកក្កដា មក ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានយល់ព្រមប្រកាសបទឈប់បាញ់ជាមួយគ្នា ដោយចូលជាធរមានកាលពីរាត្រីថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ មុននឹងឈានដល់ការព្រមព្រៀងនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានទូរស័ព្ទទៅថ្នាក់ដឹកនាំរដ្ឋាភិបាលទាំង ២ ដោយស្នើឱ្យឈប់បាញ់គ្នាជាបន្ទាន់ ប៉ុន្តែបើភាគីទាំង ២ មិនព្រមតាមសំណើនេះ គឺអាមេរិកអាចនឹងប្រើប្រាស់វិធានការដំឡើងអត្រាពន្ធបដិការ ខណៈប្រទេសទាំង ២ សុទ្ធតែកំពុងព្យាយាមចរចាជាមួយអាមេរិកដើម្បីបញ្ចុះអត្រាពន្ធរៀងៗខ្លួន។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា លោក Casey Barnett នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាព្រឹកថ្ងៃទី ២៩ កក្កដា បានសរសេរថ្លែងអំណរគុណដល់លោកប្រធានាធិបតី Trump ចំពោះកិច្ចអន្តរាគមន៍ដ៏ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឈានទៅបញ្ចប់ការប្រយុទ្ធគ្នារវាងកងយោធាកម្ពុជា-ថៃ ក្នុងរយៈពេល ៤៥:៣០ម៉ោង នៃកិច្ចអន្តរាគមន៍ផ្ទាល់របស់លោក។ លោកបន្ថែមថា ឥឡូវនេះមានសង្ឃឹមហើយសម្រាប់ជនភៀសខ្លួនប្រមាណ ៣០ម៉ឺននាក់ និងមនុស្សរាប់លាននាក់ទៀតដែលជីវភាពរស់នៅរបស់ពួកគេកំពុងរងនូវការគំរាមកំហែងដោយការផ្ទុះសង្គ្រាមនេះ។
លោកបានសរសេរថា៖«ជាមួយនឹងបទឈប់បាញ់ គឺត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលអាចផ្ទុះឡើងយ៉ាងងាយស្រួលដល់ការប្រយុទ្ធជាថ្មី។ ក្នុងស្មារតីផ្នែកពាណិជ្ជកម្មរបស់លោក Trump សង្ឃឹមថាកម្ពុជា និងថៃនឹងអាចបន្ធូរបានតាមរយៈការធ្វើឱ្យធម្មតាឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាជនរបស់ពួកគេ និងការធ្វើពាណិជ្ជកម្មឆ្លងដែនឡើងវិញដោយគ្មានលក្ខខណ្ឌ»។
ចំណែកអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានមើលឃើញថាការយល់ព្រមបង្កើតឱ្យមានបទឈប់បាញ់រវាងភាគីទាំង ២ គឺជាជំហានវិជ្ជមានដែលនឹងនាំមកនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងថៃ ក៏ដូចជាផ្តល់នូវបរិយាកាសអំណោយផលដើម្បីឱ្យមហាអំណាចអាមេរិកបន្ធូរបន្ថយអត្រាពន្ធបដិការសម្រាប់ប្រទេសកម្ពុជា ឱ្យចុះនៅទាបជាងអត្រា៣៦% ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ សីហា ខាងមុខ។
លោកបានថ្លែងថា៖«ខ្ញុំមានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅបញ្ចប់សង្គ្រាមជាមួយភាគីថៃ នឹងផ្តល់ផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រជាជន ព្រមទាំងទទួលបានការសាទរពីអាមេរិកតាមរយៈការទម្លាក់អត្រាពន្ធបដិការផងដែរ»។
ប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល ក្នុងអំឡុងកម្មវិធីចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបញ្ចប់ការបោះបង្គោលព្រំដីសម្រាប់គម្រោងព្រែកជីកហ្វូណនតេជា នៅក្នុងខេត្តកែប នាព្រឹកថ្ងៃទី២៥ ខែកក្កដា បាននិយាយថា រហូតកដល់ពេលនេះ គឺក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានធ្វើកិច្ចការជាច្រើនដើម្បីធានាថាទំនិញកម្ពុជានៅតែមានទីផ្សារល្អនៅអាមេរិក។ លោកបានបន្តថា ភាគីកម្ពុជាបានស្នើសុំដោយទទូចឱ្យភាគីអាមេរិកយកពន្ធពីកម្ពុជាក្នុងអត្រាមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងប្រទេសដៃគូប្រកួតប្រជែងនានា(ប្រទេសនាំចេញប្រភេទទំនិញទៅអាមេរិកប្រហាក់ប្រហែលនឹងកម្ពុជា)។
លោកប្រាប់ទៀតថា សម្រាប់កិច្ចចរចាជាមួយអាមេរិករឿងពន្ធបដិការនេះ គឺក្រុមការងារចំពោះកិច្ចបានបញ្ជូនឯកសារទាំងអស់ទៅឱ្យភាគីអាមេរិក កាលពីវេលាម៉ោង ២៣:៣០នាទី(ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៦ ខែកក្កដា រួចរាល់អស់ហើយ។ ជាមួយគ្នានេះ ខាងភាគីអាមេរិកក៏បានធ្វើការពិភាក្សាផ្ទៃក្នុង និងបានធ្វើរបាយការណ៍ទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ រួចហើយផងដែរ។ លោកបន្តថា កម្ពុជារំពឹងទទួលបានលទ្ធផលល្អលើសពីការចរចាលើកមុនដែលរដ្ឋាភិបាលអាមេរិកកំណត់យកពន្ធបដិការពីទំនិញកម្ពុជាចំនួន ៣៦% ដោយបញ្ចុះពីអត្រា ៤៩% នៅពេលប្រកាសដំបូង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
លោកថ្លែងថា៖«យើងខ្ញុំសង្ឃឹមថាក្នុងអាទិត្យក្រោយនេះ យើងនឹងទទួលព័ត៌មានពីសហរដ្ឋអាមេរិកអំពីអត្រាពន្ធគយបដិការរបស់កម្ពុជាយើង»។
បើតាមលោក ស៊ុន ចាន់ថុល អត្រាពន្ធគយបដិការដែលរដ្ឋាភិបាលអាមេរិកនឹងប្រកាសនៅសប្តាហ៍ក្រោយ(មុនថ្ងៃទី១ ខែសីហា) សម្រាប់ប្រទេសកម្ពុជា គឺនឹងចុះទាបជាង ៣៦% ដែលបានកំណត់នាពេលកន្លងមក។
កាលពីថ្ងៃទី៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតឱ្យលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់ពីការបញ្ចុះពន្ធបដិការពីអត្រា ៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំណាងពាណិជ្ជកម្មអាមេរិកចំនួន ២ដងរួចមក។
រដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការដំឡើងពន្ធគយសម្រាប់ការនាំចូលទំនិញពីស្ទើរគ្រប់ប្រទេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ទោះយ៉ាងណានៅពេលកាលបរិច្ឆេទចូលមកដល់ លោក Donald J. Trump ក៏បានសម្រេចពន្យារពេលចំនួន ៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕


