ព្រះសីហនុៈ ក្នុងរយៈពេល ៨ ថ្ងៃ គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ មាននាវាទេសចរណ៍ចំនួន ៨ គ្រឿង ដែលភាគច្រើនជានាវាមានសញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង មានភ្ញៀវទេសចរចំនួន ២ ៩៦៥នាក់ មានជាង ៥០ សញ្ជាតិ បានចូលមក កម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ។ នេះបើតាម របាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុ។
របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល ៨ ថ្ងៃកន្លងទៅ ដែលនាវាបានចូលចតនោះ រួមមាន ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ថ្ងៃទី ៣ ថ្ងៃទី១៤ ថ្ងៃទី ១៨ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ និងថ្ងៃទី ២២ ថ្ងៃទី ២៤ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣។ នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានចំនួន ៤ គ្រឿង នាវាឈ្មោះ OCEAN ODYSSEY សញ្ជាតិ BAHAMAS ចំនួន ២ គ្រឿង នាវាឈ្មោះ NAVTICA សញ្ជាតិ MARSHALL ISLAND ចំនួន ១ គ្រឿង និងនាវាឈ្មោះ SEVEN SEAS EXLPORER សញ្ជាតិ MARSHALL ISLAND ចំនួន ១ គ្រឿង។
នាវាទាំងនេះភាគច្រើនមានគោលដៅចេញពីប្រទេសថៃ ទៅវៀតណាម ដោយមានការចូលចតក្នុងរយៈពេលខ្លីចន្លោះពី ១ ថ្ងៃ ទៅ៣ថ្ងៃ ហើយភ្ញៀវទេសចរទាំងនេះចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។ អ្នកជំនាញ និងមន្ត្រីទេសចរណ៍ បានលើកឡើងថា នេះជាភាពវិជ្ជមានសម្រាប់ការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ឱ្យដឹងថា ការចូលចតជាបន្តបន្ទាប់របស់នាវាទេសចរណ៍ខ្នាតធំទាំងនេះ គឺជាការបង្ហាញពីទំនុកចិត្តរបស់ទេសចរបរទេស ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ធំៗទាំងនេះ មកលើប្រទេសកម្ពុជា ជាពិសេសជឿជាក់ លើការទប់ស្កាត់ការរាលដាល នៃ ជំងឺកូវីដ ១៩ នៅទូទាំងប្រទេស។
លោកបានបញ្ជាក់ថា៖ «វាគឺជារូបភាពមួយ ដែលបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការចូលចត និងធ្វើដំណើរពីសំណាក់នាវាខ្នាតយក្សបែបនេះ។ អាជ្ញាធរនឹងបន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតការទាក់ទាញទេសចរណ៍តាមនាវាខ្នាតធំៗបែបនេះមកកាន់ខេត្តព្រះសីហនុ ក៏ដូចជាកម្ពុជាបន្ថែមទៀត»។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ដែរថា ភ្ញៀវទេសចរ ដែលមកតាមរយៈនាវាទេសចរណ៍ខ្នាតធំទាំងនេះ បានធ្វើដំណើរទៅដល់កន្លែងកម្សាន្តមួយចំនួន ដូចជា នៅតាម តំបន់ឆ្នេរ នៅក្នុងទីក្រុងព្រះសីហនុ នៅតាមផ្សារ វត្តអារាម សាលារៀន និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
លោកបានប្រាប់ថា៖ «ដោយសារតែភ្ញៀវទេសចរចូលមកកម្សាន្តមានរយៈពេលខ្លីពេក ដូចនេះប្រយោជន៍ ដែលពលរដ្ឋ និងអាជីវករទទួលបានពីដំណើរកម្សាន្ត គឺមិនបានច្រើននោះទេ។ តែយ៉ាងណាក៏ដោយ នេះក៏ជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍យើងដែរ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការចូលចតនៃនាវាទេសចរណ៍ខ្នាតយក្ស ១ គ្រឿង ហើយ ១ គ្រឿងទៀត ជាបន្តបន្ទាប់នេះ បានបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់។
បើតាមលោក ហូ វណ្ឌី នាពេលកន្លងទៅធ្លាប់មានភ្ញៀវទេសចរមួយចំនួនតូច ដែលមកតាមនាវាទេសចរណ៍បែបនេះ បានទៅ កម្សាន្តនៅខេត្តផ្សេងៗ ក្រៅពី ខេត្តព្រះសីហនុដែរ តាមរយៈភ្នាក់ងារទេសចរណ៍កម្ពុជា មានដូចជា ខេត្តកែប កំពត និងខេត្តកោះកុងជាដើម។ ប៉ុន្តែក្រោយវិបត្តិកូវីដ ១៩ សេវាកម្មទេសចរណ៍ប្រភេទនេះបានផ្អាកបណ្តោះអាសន្ន។ រហូតដល់ថ្មីៗនេះមាននាវាទេសចរណ៍មកជាបន្តបន្ទាប់ ប៉ុន្តែបានត្រឹមកម្សាន្តក្នុងខេត្តព្រះសីហនុ មិនបានទៅខេត្តដទៃទៀត ដោយសារមកក្នុងរយៈពេលខ្លី។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា នាវាទេសចរណ៍ខ្នាតធំទាំងនោះ នឹងអភិវឌ្ឍកម្មវិធីកម្សាន្តរបស់គេបន្ថែមទៀតនៅកម្ពុជា ដើម្បីឱ្យយើងអាចទាញផលប្រយោជន៍បានកាន់តែច្រើនថែមទៀតពីការចូលចតរបស់នាវាទាំងនោះ។ ការចូលចតនាវាខ្នាតធំនៅកម្ពុជា ក្នុងរយៈពេលខ្លីៗនេះ ដោយសារតែខាងនាវាទេសចរណ៍គេពឹងផ្អែក ទៅលើគម្រោងកម្សាន្តកម្មវិធីចាស់ ដែលកាលនោះកម្ពុជា ជាពិសេស ខេត្តព្រះសីហនុមិនទាន់មានភាពសម្បូរបែបលើផលិតផលទេសចរណ៍ និងកន្លែងកម្សាន្តនៅឡើយ ដែលខុសពីបច្ចុប្បន្ននេះ»។
លោកបន្ថែមថា ថ្វីដ្បិតតែការចូលចតនេះមានរយៈពេលខ្លី ប៉ុន្តែជានិន្នាការមួយដែលល្អ ក្នុងការទាក់ទាញទេសចរ ដែលរាជរដ្ឋាភិបាល បាននិងកំពុងពិចារណាទៅលើទេសចររយៈពេលខ្លីមានន័យថា ទេសចរដែលមកកម្សាន្តមិនស្នាក់នៅទេ ប៉ុន្តែចូលក្នុងចំនួន រាប់ពាន់នាក់ ឬឈានដល់រាប់ម៉ឺននាក់ ក្នុងនាវាយក្សនីមួយៗ។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ក្នុងខែមករា ឆ្នាំ ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ ៤០ ម៉ឺននាក់ ក្នុងនោះមានទេសចរចិនប្រមាណ ២៥ ០០០ នាក់ ដែលមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២៕


