កំពតៈ នៅក្នុងទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មសម្បកបាវ នៅក្រុមហ៊ុនហ័រស៊ីនខេមបូឌា ភែកឃីជីងចក្រីទីង ខេត្តកំពត នៅថ្ងៃទី ២៥ ខែកុម្ភៈ លោក ចម ប្រសិទ្ធ រដមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ដើម្បីប្រកួតប្រជែងទំនិញនៅលើទីផ្សារអន្តរជាតិ កម្ពុជាត្រូវផ្តោតសំខាន់លើគុណភាពនិងការវេចខ្ចប់ទំនិញ ដោយរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រើប្រាស់សម្បកវេចខ្ចប់ (សម្បកបាវ) ដែលផលិតនៅក្នុងស្រុក ច្រើនជាងការនាំចូល។
លោករដ្ឋមន្ត្រី បានស្នើដល់ប្រធានសហព័ន្ធស្រូវអង្ករ ម្ចាស់រោងចក្រសហគ្រាស ងាកមកជួយគាំទ្រសម្បកវេចខ្ចប់នៅក្នុងស្រុកវិញ ដោយដំណើរទស្សនកិច្ចនាពេលនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងក្រុមហ៊ុនហ័រស៊ីន ជាមួយនឹងសហព័ន្ធស្រូវអង្ករកម្ពុជា និងរោងចក្រសហគ្រាសផ្សេងៗ ដើម្បីសិក្សាស្វែងយល់ទៅលើការផលិត និងតម្រូវការប្រើប្រាស់សម្បកបាវវេចខ្ចប់ទំនិញផ្សេងៗ។
លោកបញ្ជាក់ថា៖ «យើងដែលជារោងចក្រផលិតស្រូវអង្ករ អំបិល ចំណីសត្វឬក៏ជី និងទំនិញផ្សេងៗពិនិត្យលទ្ធភាពទិញសម្បកបាវក្នុងស្រុកគឺកាលណា យើងជួយអ្នកនៅក្នុងស្រុក ដូចជាជួយខ្លួនឯងដែរ។ ដូចនេះរឿងបញ្ហាសម្បកបាវនេះជារឿងដែលទាក់ទាញភ្ញៀវ គឺស្ថិតនៅលើសម្បកបាវនេះហើយ។ អ៊ីចឹង បើសម្បកបាវគ្មានគុណភាព ផលិតផលល្អយ៉ាងណាក៏លក់មិនចេញដែរ»។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង ថ្លែងថា ជាឆន្ទៈរោងម៉ាស៊ីនកិនស្រូវ តែងតែមានគំនិតចង់ប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជំរុញការប្រើប្រាស់ផលិតក្នុងស្រុកឱ្យបានជាអតិបរមា។
តែទោះយ៉ាងណាវាអាស្រ័យទៅលើតម្លៃដែរ បើសិនតម្លៃនៃសម្បកវេចខ្ចប់ទាំងនោះមានតម្លៃថ្លៃពេក ម្ចាស់រោងម៉ាស៊ីនក៏ពិបាកដែរ។ ម្យ៉ាងវិញទៀត ក៏ទាមទារឱ្យមានការផលិតទៅតាមលក្ខខណ្ឌទីផ្សារតម្រូវផងដែរ៕


