ភ្នំពេញ៖ មហិច្ឆតារបស់កម្ពុជាក្នុងការកសាងប្រព័ន្ធអគ្គិសនីស្អាត មានភាពធន់ និងស្ថិរភាពកាន់តែប្រសើរ បានឈានដល់ដំណាក់កាលថ្មីមួយ បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ សម្រាប់គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្ដាញអគ្គិសនី (Utility-Scale Battery Energy Storage System – BESS) ដំបូងគេរបស់កម្ពុជា ដែលមានគោលបំណងធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលជាតិ ពង្រឹងស្ថិរភាពបណ្ដាញអគ្គិសនី និងជំរុញការតភ្ជាប់ថាមពលក្នុងតំបន់។
ADB បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនាថា គម្រោងនេះនឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោង នៅស្ថានីយ៍រងខេត្តតាកែវ កម្រិត ២៣០ គីឡូវ៉ុល ដែលស្ថិតនៅចម្ងាយប្រមាណ ៦៩គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។
ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ក្នុងអំឡុងពេលតម្រូវការប្រើប្រាស់ទាប ហើយបញ្ជូនវាត្រឡប់ទៅបណ្ដាញអគ្គិសនីវិញនៅពេលតម្រូវការកើនឡើង ដើម្បីជួយរក្សាស្ថិរភាពប្រព័ន្ធអគ្គិសនី និងអនុញ្ញាតឱ្យកម្ពុជាអាចបញ្ចូលថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងទៀតទៅក្នុងប្រព័ន្ធអគ្គិសនីជាតិបានកាន់តែច្រើន។
គម្រោងនេះត្រូវបានចាត់ទុកថាជាដំណាក់កាលថ្មីមួយនៃការផ្លាស់ប្តូរថាមពលរបស់កម្ពុជា បន្ទាប់ពីប្រទេសនេះទទួលបានជោគជ័យក្នុងការពង្រីកការផលិតថាមពលពន្លឺព្រះអាទិត្យ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត»។
លោកស្រីបន្ថែមថា៖ «តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថាក្រុមគ្រួសារ កសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនីដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ»។
កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៤០ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ៥ លានដុល្លារ ពី ADB តាមរយៈមូលនិធិអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ១៨,៤៤ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility)។
យោងតាម ADB គម្រោងនេះគាំទ្រគោលដៅរបស់កម្ពុជាក្នុងការសម្រេចឱ្យបានសមត្ថភាពថាមពលកកើតឡើងវិញ ៧០ភាគរយ នៅឆ្នាំ២០៣០ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀតកាន់តែច្រើន។ នៅពេលដំណើរការ វាត្រូវបានរំពឹងថានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ២៧៧០០តោនក្នុងមួយឆ្នាំ។
ប្រព័ន្ធផ្ទុកថាមពលថ្មនេះ នឹងត្រូវតភ្ជាប់ទៅបណ្ដាញបញ្ជូនអគ្គិសនីជាតិ តាមរយៈស្ថានីយ៍រងតាកែវ និងផ្ដល់សេវាកម្មបត់បែនដល់ប្រព័ន្ធ ដូចជាការគ្រប់គ្រងប្រេកង់ និងការគ្រប់គ្រងបន្ទុកអតិបរមា ដែលអាចឱ្យបណ្ដាញអគ្គិសនីទទួលយកថាមពលកកើតឡើងវិញដែលមានការប្រែប្រួលបានកាន់តែច្រើន។
របាយការណ៍វាយតម្លៃផលប៉ះពាល់សង្គម (Social Safeguards Due Diligence Report) ដែលរៀបចំដោយអគ្គិសនីកម្ពុជា (EDC) និងដាក់ជូន ADB បានចាត់ទុកគម្រោងនេះថា ជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដើម្បីពង្រឹងស្ថិរភាពបណ្ដាញអគ្គិសនី និងអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញកាន់តែច្រើននៅទូទាំងប្រទេស។
របាយការណ៍បញ្ជាក់ថា BESS នឹងត្រូវសាងសង់នៅជាប់ស្ថានីយ៍រងតាកែវដែលមានស្រាប់ ដោយមិនត្រូវការដីបន្ថែមក្រៅពីទីតាំងដែលបានរៀបចំរួចរាល់សម្រាប់គម្រោងនោះឡើយ។
គម្រោងនេះកើតឡើងស្របពេលដែលកម្ពុជាកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល និងហានិភ័យពីការប្រែប្រួលតម្លៃថាមពលសកល។
ទោះបីជាកម្ពុជាទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រីកសមត្ថភាពផលិតថាមពល ការចូលប្រើប្រាស់អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយក៏ដោយ ក៏វិស័យថាមពលរបស់ប្រទេសនៅតែប្រឈមនឹងការប្រែប្រួលតម្លៃដែលបង្កឡើងដោយកត្តាខាងក្រៅ និងការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្ដាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិអន្តរជាតិផ្សេងៗ។
ADB រំពឹងថា ប្រព័ន្ធផ្ទុកថាមពលថ្មនេះ នឹងដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដែលផលិតក្នុងស្រុក និងពង្រឹងភាពធន់របស់ប្រព័ន្ធអគ្គិសនី។
គម្រោងនេះក៏ស្របតាមមហិច្ឆតាក្នុងតំបន់ ក្រោមគំនិតផ្ដួចផ្ដើម «បណ្ដាញអគ្គិសនីអាស៊ាន» (ASEAN Power Grid) ដែលមានគោលដៅសម្រេចឱ្យបាននូវប្រតិបត្តិការបណ្ដាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤៥។
ADB បានឱ្យដឹងថា ប្រព័ន្ធផ្ទុកថាមពលថ្មនៅតាកែវ នឹងជួយពង្រឹងពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្ដាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា និងការផ្លាស់ប្តូរថាមពលក្នុងតំបន់នាពេលអនាគត។
កាលពីដើមឆ្នាំនេះ ADB ក៏បានបង្កើតមូលនិធិ Regional Connectivity Fund for Energy in Southeast Asia ជាយន្តការហិរញ្ញប្បទានថ្នាក់តំបន់ដំបូងគេ សម្រាប់គាំទ្រដល់ការរៀបចំគម្រោងនានា ក្រោមក្របខណ្ឌបណ្ដាញអគ្គិសនីអាស៊ាន។
លោក Masato Kanda ប្រធាន ADB បានចាត់ទុកបណ្ដាញអគ្គិសនីអាស៊ានថា ជាឱកាសដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍ ដែលអាចធានាសន្តិសុខថាមពលសម្រាប់ប្រជាជនជិត ៧០០លាននាក់ និងគាំទ្រកំណើនសេដ្ឋកិច្ចរបស់តំបន់។
គម្រោងផ្ទុកថាមពលថ្មនៅតាកែវនេះ ក៏ត្រូវបានមើលឃើញថា ជាការបន្តពីជោគជ័យរបស់កម្ពុជាក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ។
នៅខេត្តកំពង់ឆ្នាំង ឧទ្យានថាមពលពន្លឺព្រះអាទិត្យជាតិ ដែលមានសមត្ថភាព ១០០មេហ្គាវ៉ាត់ និងទទួលបានការគាំទ្រពី ADB បានចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនីស្អាតទៅកាន់បណ្ដាញអគ្គិសនីជាតិរួចហើយ។
ក្នុងអំឡុងដំណើរទស្សនកិច្ចមួយកាលពីដើមឆ្នាំនេះ លោក ប្រាំង ជុលសា អគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា ឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ កំពុងផ្គត់ផ្គង់អគ្គិសនីប្រមាណមួយភាគបួននៃតម្រូវការអគ្គិសនីរបស់រាជធានីភ្នំពេញ។
ADB បានចាត់ទុកឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ ជាគំរូនៃការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតអគ្គិសនីរបស់កម្ពុជា ដោយកត់សម្គាល់ថា ការពឹងផ្អែកលើអគ្គិសនីនាំចូលរបស់ប្រទេស បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
គម្រោងផ្ទុកថាមពលថ្មថ្មីនេះ ត្រូវបានរំពឹងថា នឹងដោះស្រាយបញ្ហាប្រឈមសំខាន់មួយនៃថាមពលកកើតឡើងវិញ គឺការរក្សាទុកអគ្គិសនីដែលផលិតបានក្នុងពេលមានពន្លឺព្រះអាទិត្យ និងបញ្ចេញប្រើប្រាស់នៅពេលតម្រូវការកើនឡើង ឬនៅពេលការផលិតថាមពលពន្លឺព្រះអាទិត្យថយចុះ។
បន្ថែមពីលើការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម គម្រោងនេះក៏រួមបញ្ចូលការពង្រឹងសមត្ថភាពរបស់អគ្គិសនីកម្ពុជា ក្នុងការគ្រប់គ្រងប្រព័ន្ធថាមពលកម្រិតខ្ពស់ ការរៀបចំបទប្បញ្ញត្តិស្តីពីការផ្ទុកថាមពលថ្ម និងការបណ្ដុះបណ្ដាលជំនាញ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបង្កើនការចូលរួមរបស់ពួកគាត់ក្នុងវិស័យថាមពល ទាំងផ្នែកបច្ចេកទេស និងតួនាទីជាអ្នកដឹកនាំ។

