ការបាញ់ប្រហារនៅក្នុងវិទ្យាល័យ San Jose National High School ក្នុងទីក្រុង Tacloban នាថ្ងៃចន្ទ ទី ២២ មិថុនា បានបណ្តាលឲ្យស្លាប់សិស្សចំនួន ៣នាក់ និង របួសយ៉ាងតិច ១៥នាក់។ អ្នកនាំពាក្យប៉ូលិសជាតិ លោក Allen Rae Co បានបញ្ជាក់នៅថ្ងៃអង្គារ ទី២៣ មិថុនាថា បើផ្អែកតាមភស្តុតាងបឋមដែលប្រមូលបាននៅក្រោយហេតុការណ៍ ការបាញ់ប្រហារនោះមានការរៀបចំទុកជាមុន។ ជនសង្ស័យដែលជាសិស្សប្រុសចំនួន ២នាក់មានអាយុ ១៤ និង ១៥ឆ្នាំបានសង្ងំនៅក្នុងបន្ទប់ទឹកសាលាជាងមួយម៉ោង មុននឹងចាប់ផ្តើមបាញ់ប្រហារមិនរើសមុខពីក្រៅបង្អួចទៅលើសិស្សសាលានៅក្នុងថ្នាក់រៀន។
រហូតមកដល់ពេលនេះ ការស៊ើបអង្កេតកំពុងបន្តធ្វើដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះ។ តែទោះជាយ៉ាងណា និងបើតាមអ្នកនាំពាក្យប៉ូលិសក្រុង Tacloban លោកស្រី Evalyn Diaz ករណីរងការធ្វើបាប ឬការបៀតបៀននៅក្នុងសាលារៀនត្រូវបានចាត់ទុកជាហេតុផលមួយដែលនាំឲ្យមានសោកនាដកម្មមួយនេះ។ បន្ទាប់មក និងបើតាមលោកស្រី Evalyn Diaz ដដែល ខ្លឹមសារនៅក្នុងបណ្តាញសង្គមក៏អាចជាហេតុផលមួយដែលជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនៅក្នុងសាលារៀននេះដែរ។ ជនសង្ស័យដែលជាសិស្សប្រុសវ័យ ១៤ និង ១៥ឆ្នាំកំពុងជាប់ឃុំនៅប៉ុស្តិ៍ប៉ូលិស។ យោងតាមលទ្ធផលស៊ើបអង្កេតបឋម ជនសង្ស័យអាយុ ១៤ឆ្នាំបានរងឥទ្ធិពលខ្លាំងពីខ្លឹមសារហិង្សានៅក្នុងបណ្តាញសង្គម។
អ្នកនាំពាក្យប៉ូលិសក្រុង Tacloban លោកស្រី Evalyn Diaz បានឲ្យដឹងទៀតថា ជនសង្ស័យវ័យ ១៤ឆ្នាំដដែលរូបនេះមានបទពិសោធន៍ប្រើប្រាស់អាវុធ និងចូលចិត្តលេងហ្គេម GoreBox ដែលមានឆុតឆាកហិង្សាខ្លាំង។ ក្រោយការបញ្ជាក់នេះ មជ្ឈមណ្ឌលប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែតរបស់ហ្វីលីពីនបានប្រកាសហាមឃាត់ហ្គេមនេះជាបណ្តោះអាសន្នដើម្បីបើកការស៊ើបអង្កេតបន្ថែម។ ដោយឡែក អ្នកនាំពាក្យប៉ូលិសជាតិ លោក Allen Rae Co បានបញ្ជាក់ថា មានក្រុមអនឡាញមួយក្រុមដែលគេមិនស្គាល់អត្តសញ្ញាណអាចមានចំណែកទទួលខុសត្រូវនៅក្នុងសោកនាដកម្មបាញ់ប្រហារទៅលើសិស្សសាលាក្នុងក្រុង Tacloban។
សូមបញ្ជាក់ជូនថា ជនដៃដល់បានប្រើកាំភ្លើងខ្លីប្រភេទ Glock មួយដើមដែលជាកាំភ្លើងរបស់មន្ត្រីនគរបាលស្ត្រីម្នាក់។ បច្ចុប្បន្ន មន្រ្តីនគរបាលស្រ្តីដែលអះអាងជាម្តាយមីងរបស់ជនសង្ស័យត្រូវបានផ្អាកពីការងារ និងឃុំខ្លួនដើម្បីស៊ើបអង្កេត។ ចំណែកកាំភ្លើងខ្លីមួយដើមទៀតប្រភេទ 38 calibre ត្រូវបានចុះក្នុងបញ្ជីរបស់ក្រុមហ៊ុនសន្តិសុខមួយ។ អ្វីជាការកត់សម្គាល់ ទោះបីជាករណីបាញ់ប្រហារនៅក្នុងសាលារៀនជារឿងកម្រកើតមាននៅហ្វីលីពីនក៏ដោយក៏អំពើហិង្សាក្នុងសាលានៅតែជាក្តីបារម្ភធំមួយ។ កាលពីដើមខែមិថុនានេះ មានសិស្សសាលាចំនួន ៧នាក់បានរងរបួសដោយការវាយប្រហារនឹងកាំបិតពីសំណាក់សិស្សរៀមច្បងម្នាក់ក្នុងខេត្ត Cavite៕

