ភ្នំពេញ៖ ផ្លូវបេតុងថ្មីមួយខ្សែស្ថិតនៅតាមបណ្ដោយវិថីលេខ៩៣ ឬអតីតផ្លូវរថភ្លើង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលទើបសាងសង់រួចថ្មីៗ ត្រូវបានអាជ្ញាធរជីកកាត់មួយចំហៀងផ្លូវ ដើម្បីស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែម បង្កឱ្យមានការកកស្ទះចរាចរណ៍ និងការរិះគន់ពីប្រជាពលរដ្ឋថា ជាការខ្ជះខ្ជាយថវិការដ្ឋ និងខ្វះការធ្វើផែនការជាមុន។
ទោះជាយ៉ាងណា រដ្ឋបាលខណ្ឌឫស្សីកែវបានចេញសេចក្ដីបំភ្លឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា ការកាត់បេតុងផ្លូវថ្មីនេះ គឺជាការចាំបាច់ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀងរ៉ាំរ៉ៃ ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១ និងសង្កាត់ឫស្សីកែវជាច្រើនឆ្នាំមកហើយ។
តាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌ នៅរៀងរាល់រដូវវស្សា តំបន់មួយចំនួនក្នុងសង្កាត់ទួលសង្កែទី១ រួមមានកំណាត់ផ្លូវលេខ៩៣ ស្ថិតក្នុងក្រុមទី២ ក្រុមទី៣ ភូមិផ្សារតូច និងក្រុមទី១៥ ភូមិចុងខ្សាច់ ជាប់ព្រំប្រទល់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ តែងរងការជន់លិច។ ដោយឡែក នៅសង្កាត់ឫស្សីកែវ ក៏មានការលិចលង់នៅភូមិឃ្លាំងសាំង និងភូមិសាមគ្គីផងដែរ។
រដ្ឋបាលខណ្ឌបានពន្យល់ថា មូលហេតុចម្បង គឺដោយសារប្រព័ន្ធលូចាស់ដែលឆ្លងកាត់ផ្លូវបេតុងថ្មីអតីតផ្លូវរថភ្លើង មានទំហំតូចពេក បើប្រៀបធៀបនឹងបរិមាណទឹកភ្លៀងដែលហូរចូលពីតំបន់ទាំងពីរ។ កត្តានេះធ្វើឱ្យទឹកហូរយឺត បណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋលិចលង់រយៈពេលយូរ និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
បើតាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌថា: «ដើម្បីដោះស្រាយបញ្ហាលិចលង់នេះ ចាំបាច់ត្រូវស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែម ដោយអូសទឹកចេញពីតំបន់ព្រំប្រទល់សង្កាត់ទាំងពីរ ឱ្យហូរកាត់ខាងក្រោមផ្លូវបេតុងថ្មីនេះ តភ្ជាប់ទៅប្រព័ន្ធលូមេផ្លូវលេខ៩៩ ហើយបន្តហូរចូលព្រែកអូវែង និងទន្លេសាប តាមស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក»។
អាជ្ញាធរបានអះអាងថា គម្រោងដាក់លូនេះគ្រោងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៦ ហើយផ្នែកបេតុងដែលត្រូវកាត់សម្រាប់ដាក់លូ នឹងត្រូវចាក់បេតុងស្ដារឡើងវិញដូចស្ថានភាពដើម។
ទោះបីជាមានការពន្យល់បែបនេះក៏ដោយ ការដ្ឋានខាងលើនៅតែទទួលបានការចាប់អារម្មណ៍ និងការរិះគន់ពីសាធារណជន ជាពិសេសលើសំណួរថា ហេតុអ្វីបានជាប្រព័ន្ធលូមិនត្រូវបានគិតគូរ និងសាងសង់រួមគ្នាតាំងពីដំណាក់កាលដំបូងនៃការសាងសង់ផ្លូវ។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ការសាងសង់ផ្លូវរួចហើយ ទើបជីកកាត់ដាក់លូ គឺជារូបភាពដែលតែងតែកើតមាននៅតំបន់មួយចំនួន ហើយបង្កឱ្យមានការសង្ស័យអំពីប្រសិទ្ធភាពនៃការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធទីក្រុង។
យ៉ាងណាក៏ដោយ រដ្ឋបាលខណ្ឌឫស្សីកែវអះអាងថា ការខូចខាតផ្លូវនៅពេលនេះ គឺជាបណ្ដោះអាសន្ន និងជាជម្រើសដែលមិនអាចជៀសវាងបាន ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀងដែលបានបង្កការលំបាកដល់ប្រជាពលរដ្ឋអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

