កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី ដើម្បីរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងបានបិទបញ្ចប់ប្រកបដោយផ្លែផ្ការចេញពីទីក្រុងកាហ្សាន ភាគកណ្តាលនៃសហព័ន្ធរុស្ស៊ី ដែលគេចាត់ទុកជាការផ្តើមនូវទំព័រថ្មីនៃការទូតអ៊ុយរ៉ាស៊ីសម័យទំនើប។ កិច្ចប្រជុំមួយដែលរៀបចំឡើង ស្របពេលពិភពលោកពើបប្រទះការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ហើយនៅចំពេលខួបទំនាក់ទំនង ៧០ ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៉ី។ កិច្ចប្រជុំរយៈពេល ២ ថ្ងៃពេញ នាទីក្រុងវប្បធម៌របស់រុស្ស៊ី ជាចំណុចប្រសព្វនៃទំនាក់ទំនងនៃលោកភាគបូព៌ា និងលោកភាគខាងលិច ជាចំណុចប្រសព្វនៃកិច្ចពិភាក្សាការទូតកម្រិតខ្ពស់ ប្រមូលផ្តុំដោយថ្នាក់ដឹកនាំកំពូលរបស់រុស្ស៊ី និងគណៈប្រតិភូនៃបណ្តាប្រទេសនៃអាស៊ីភាគអាគ្នេយ៍ ក្នុងគោលដៅកសាងអនាគតរួម នៅចំពោះមុខការផ្លាស់ប្តូររបត់សាកល ដែលភាគីទាំង ២ ព្រមព្រៀងគ្នាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ទោះបីរងសម្ពាធក្តី។
សមិទ្ធផលនៃកិច្ចប្រជុំទទួលបានផ្លែផ្ការ ខុសពីការរំពឹងទុកមួយចំនួន
ប៉ុន្មានខែមុនកិច្ចប្រជុំនៅកាហ្សានចាប់ផ្តើម អ្នកវិភាគនិងអ្នកសង្កេតការណ៍អន្តរជាតិនានា បានលើកឡើងនូវការយល់ឃើញរៀងៗខ្លួន ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ខណៈចេញពីរង្វង់ក្រុមប្រទេសលោកខាងលិច បានបង្ហាញទស្សនៈអវិជ្ជមានចំពោះកិច្ចប្រជុំមួយនេះ។ ទស្សនៈខ្លះយល់ថា សម្ពាធអន្តរជាតិដែលកំពុងបន្តកើនឡើង និងការប្រឈមនឹងទណ្ឌកម្មនានា អាចធ្វើឱ្យអាស៊ានខិតចេញពីទីក្រុងមូស្គូ ដែលទំនងគ្មានការជួបពិភាក្សាគ្នាច្រើន ក្រៅតែពីការចូលរួមតាមពិធីការ ហើយខ្លះបន្ថែមថា កិច្ចប្រជុំនេះនឹងមិនផ្តល់ជាលទ្ធផលដុំកំភួនណាមួយឡើយ ដោយអាចគ្រាន់តែលើកឡើងពីកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងប្រពៃណីរវាងរុស្ស៊ី និងអាស៊ានប៉ុណ្ណោះ ហើយប្រាកដជាមិនអាចដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាយុទ្ធសាស្ត្រ ឬជាការព្រមព្រៀងណាមួយឡើយ។
តែផ្ទុយទៅវិញ លទ្ធផលនៃកិច្ចប្រជុំនៅកាហ្សានបានលុបបំបាត់មន្ទិលនេះទាំងស្រុង ដោយវាបានក្លាយជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ ដែលផ្តល់ជាវេទិកាប្រជុំពេញអង្គរវាងអាស៊ាន និងរុស្ស៊ី ជាពិសេសជំនួបទ្វេភាគីរវាងបណ្តាប្រទេសអាស៊ានទាំង ១១ ជាមួយរុស្ស៉ីផង ដែលមានការចូលរួមពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ កំណត់ត្រាដ៏សំខាន់នោះ គឺឯកសារអនុម័តជារួម ពោលគឺ សេចក្តីថ្លែងការណ៍ទីក្រុងកាហ្សាន (Kazan Declaration) ជាផែនទីបង្ហាញផ្លូវសំខាន់លើកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ដែលគូសបញ្ជាក់ពីចក្ខុវិស័យរួមក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី ប្រកបដោយសមធម៌ និងពហុប៉ូលនិយម ផ្អែកតាមមូលដ្ឋានច្បាប់អន្តរជាតិ និងតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ។ ក្រៅពីនេះ អង្គប្រជុំបានអនុម័តផែនការសកម្មភាពគ្រប់ជ្រុងជ្រោយពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ជាយុទ្ធសាស្ត្រ ៥ ឆ្នាំ ចងក្រងឡើងស្របតាមឆន្ទៈនយោបាយ ប្រែក្លាយជាគម្រោងសេដ្ឋកិច្ច បច្ចេកវិទ្យា និងការអភិវឌ្ឍ។ ឯកសារដទៃទៀតបានផ្តល់សច្ចាប័ន ដោយផ្តោតលើការរឹតចំណងវប្បធម៌ និងកិច្ចសហប្រតិបត្តិការផ្នែកថាមពល។ ទាំងនេះសរបញ្ជាក់ពីការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ដល់គ្នាទៅវិញទៅមក លើទំនាក់ទំនងអាស៊ាន-រុស្ស៉ី ដែលបន្ថែមពីទំនាក់ទំនងមនោសញ្ចេតនាប្រវត្តិសាស្ត្រ ទៅជាកិច្ចសហប្រតិបត្តិការពិតប្រាកដក្នុងសម័យទំនើប។
យុទ្ធសាស្ត្រការបរទេសរុស្ស៊ីដែល “ងាកទៅរកលោកខាងកើត” និងភាពសត្យានុម័តនៃពិភពលោកពហុប៉ូល
ការលើកឡើងពីក្នុងរង្វង់អ្នកតាមដានកិច្ចការរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ជោគជ័យនៃកិច្ចប្រជុំនៅកាហ្សាននេះ បានផ្តល់នូវតឹកតាងយ៉ាងសំខាន់អំពីគោលនយោបាយចាក់ទៅរកទិសខាងកើតរបស់ទីក្រុងមូស្គូ ដែលឃ្លារបស់អ្នកជំនាញហៅថា “ប៉ូវ៉ូរូត ណា វូតស្តុក” ឬ “ងាកទៅភាគខាងកើត”។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ យុទ្ធសាស្ត្រនយោបាយរបស់ក្រុមប្រទេសលោកខាងលិចបានរៀបចំដើម្បីស្វែងរកការដាក់រុស្ស៊ីឱ្យនៅឯកោទាំងការទូត និងសេដ្ឋកិច្ច តែយ៉ាងណា ការចូលរួមពីសមាសភាគីអាស៊ាន ដែលមានតំណាងប្រទេសជាថ្នាក់ដឹកនាំកំពូលបានចូលរួមនេះ បង្ហាញអំពីអប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់លោកខាងលិចនៅតំបន់អាស៊ីអាគ្នេយ៍ ចំពោះមុខពិភពលោកពហុប៉ូល។
របៀបវារៈរបស់កិច្ចប្រជុំកំពូល និងការជួបពិភាក្សាក្រៅផ្លូវការ រួមនឹងទ្វេភាគី ដែលរំលេចនូវប្រធានបទសំខាន់ៗជុំវិញវិស័យសេដ្ឋកិច្ច ថាមពល សន្តិសុខ និងជំនួយមនុស្សធម៌ បង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់របស់អាស៊ាននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទីក្រុងមូស្គូចាត់ទុកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយដែលត្រូវយកចិត្តទុកដាក់។ ក្នុងនោះ ចំណុចដែលគេចាប់អារម្មណ៍ គឺការលើកឡើងអំពីការជួញដូរទំនិញតាមរយៈការប្រើប្រាស់រូបិយប័ណ្ណជាតិរៀងៗខ្លួន រវាងរុស្ស៉ី និងសមាជិកអាស៊ាន ដែលជាចង្កូតរំលងចោលនូវការទូទាត់ហិរញ្ញវត្ថុដែលគ្រប់គ្រងដោយលោកខាងលិច ជាពិសេសយន្តការប្រាក់ដុល្លារអាមេរិកជាដើម ហើយដែលភាគីទាំង ២ បង្ហាញចេតនាគេចចេញឱ្យផុតនូវប្រព័ន្ធងាយរងគ្រោះពីសម្ពាធនៃទណ្ឌកម្មលោកខាងលិច។
លើសពីនេះ កិច្ចប្រជុំរយៈពេល ២ ថ្ងៃពេញនេះ បានក្លាយជាស្ពានដ៏សំខាន់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងនយោបាយ រវាងមូស្គូ និងអាស៊ាន ជាពិសេសការសម្របសម្រួលកិច្ចសហការកាន់តែស៊ីជម្រៅរវាងសហព័ន្ធសេដ្ឋកិច្ចអ៊ុយរ៉ាស៊ី (EAEU) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)។ នេះជានាវាបង្ហាញផ្លូវក្នុងការបង្កើតចន្លោះលំហសេដ្ឋកិច្ចនៃក្រុមប្រទេសអតីតសហភាពសូវៀត អ៊ុយរ៉ាស៊ី ដើម្បីទទួលបានរបាំងពាណិជ្ជកម្មទាប និងស្តង់ដារបទប្បញ្ញត្តិពាណិជ្ជកម្មដែលមានភាពស៊ីសង្វាក់គ្នា។
កិច្ចប្រជុំនៅកាហ្សាននេះ ក៏ផ្តល់នូវច្រកទ្វារកិច្ចសហការរវាងបណ្តាក្រុមហ៊ុន សហគ្រាសធំៗរបស់រុស្ស៊ី ដើម្បីស្វែងរកទីផ្សារនៅអាស៊ីអាគ្នេយ៍ផងដែរ តួយ៉ាងក្រុមហ៊ុនផលិតរថយន្តដ៏ធំ GAZ។ ក្នុងស្ថានភាពវិបត្តិថាមពលរបស់សាកលលោក រុស្ស៊ីបានដាក់បញ្ចូលកិច្ចពិភាក្សាលើផ្នែកថាមពលទៅក្នុងកិច្ចប្រជុំផងដែរ ដែលបង្ហាញថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ថាមពល និងបច្ចេកវិទ្យាថាមពលដែលមានស្ថិរភាព និងយូរអង្វែងជូនអាស៊ាន។
មជ្ឈភាពអាស៊ាន និងភាពដោយឡែករបស់តំបន់នេះ៖ ប្រយោជន៍រួម និងប្រយោជន៍ផ្ទាល់ខ្លួន
សម្រាប់អាស៊ាន កិច្ចប្រជុំកំពូលនេះ បានផ្តល់ជាវេទិកាសំខាន់មួយដើម្បីបញ្ជាក់នូវគោលជំហររបស់ប្លុក ទៅលើយុទ្ធសាស្ត្រអព្យាក្រឹតភាពនៃតំបន់ ក្នុងស្ថានភាពដែលសាកលោករងការបែកបាក់កាន់តែខ្លាំងឡើង។ តាមរយៈការចូលរួមជាមួយរុស្ស៊ីលើកនេះ អាស៊ានបង្ហាញថាខ្លួនមិនជ្រើសរើសជម្រើស “ផលបូកសូន្យ” ឬ “Zero-Sum Bloc” ក្នុងនយោបាយការបរទេសរបស់ខ្លួនឡើយ ចំពោះមុខការប្រណាំងប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច ដែលអាស៊ានសម្រេចជ្រើសរើសការរួបរួមចំពោះមុខការបែកបាក់។
នៅក្នុងយុគសម័យមួយដែលមានការប្រែប្រួលនូវទីផ្សារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាសាកល អាស៊ានមានភាពចាំបាច់ក្នុងការវាយតម្លៃទៅលើអន្តរកម្មរបស់ខ្លួនជាមួយភាគីរុស្ស៊ី ជាពិសេសចំពោះផលប្រយោជន៍ផ្នែកថាមពល។ ការធានានូវលំហូរផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ជាតម្រូវការចាំបាច់មុនគេសម្រាប់ប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ដែលវាជាមូលដ្ឋាននៃការធានាចំពោះសន្តិសុខថាមពល និងធនធាន។
បន្ថែមពីលើតំបន់ទាំងមូល កិច្ចប្រជុំនៅកាហ្សានបានផ្តល់នូវវេទិកាមួយសម្រាប់បណ្តាប្រទេសជាសមាជិកអាចជួបពិភាក្សាក្រៅផ្លូវការ និងទល់មុខគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរៀងៗខ្លួន ហើយជាពេលវេលាដែលមេដឹកនាំអាស៊ានបង្ហាញជំហររួមលើសន្តិសុខតំបន់ផងដែរ ក្រៅពីការប្តេជ្ញាចិត្តពីក្នុងស្រុករៀងខ្លួនកន្លងទៅ។
ជម្រើសជាយុទ្ធសាស្ត្ររបស់កម្ពុជា និងទំនាក់ទំនងដ៏រឹងមាំជាមូលដ្ឋានរយៈពេល ៧០ ឆ្នាំ រវាងកម្ពុជានិងរុស្ស៊ី
ភាគីកម្ពុជាតាមរយៈគណៈប្រតិភូដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញក្តីអំណរចំពោះទំនាក់ទំនងល្អជាប្រពៃណីរវាងភ្នំពេញ និងមូស្គូ ហើយភាគីកម្ពុជាបង្ហាញយុទ្ធសាស្ត្រការបរទេសរបស់ខ្លួនតាមរយៈផលប្រយោជន៍ជាក់ស្តែងនិយម ដែលវាហួសពីការគិតបែបមនោគមន៍វិជ្ជានយោបាយ ដែលបានគណនារួចជាស្រេចក្នុងផលប្រយោជន៍ការពារជាតិ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជម្រើសយុទ្ធសាស្ត្រលើឆាកអន្តរជាតិ។
ក្នុងជំនួបទ្វេភាគីរវាងកម្ពុជានិងរុស្ស៊ី លោក ហ៊ុន ម៉ាណែត និងលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការរឹតចំណងមិត្តភាព។ ពីខាងកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា ទោះក្នុងរបត់ភូមិសាស្ត្រនយោបាយសាកលផ្លាស់ប្តូរក្តី ជំហរជាប្រពៃណីរបស់កម្ពុជាលើទំនាក់ទំនងជាមួយរុស្ស៊ីគឺមិនបានផ្លាស់ប្តូរឡើយ ដែលលោកបានផ្ញើក្តីនឹករលឹកពីព្រះមហាក្សត្រកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជាជូនចំពោះប្រធានាធិបតីរុស្ស៊ី ហើយជាពិសេសកម្ពុជានៅតែចងចាំគុណបំណាច់របស់សហភាពសូវៀតចំពោះជំនួយកសាងកម្ពុជាឡើងវិញក្រោយរបបខ្មែរក្រហមដួលរលំទៅ ខណៈពិភពលោកបានព្រងើយកន្តើយចំពោះកម្ពុជាក្នុងកាលៈទេសៈនោះ ដែលជំនួយទាំងនេះជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគីមកទល់បច្ចុប្បន្ន។ ពីភាគីរុស្ស៊ី លោក ពូទីន ពេញចិត្តចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលបានកើន ២% នៅឆ្នាំ ២០២៥ ដែលតួលេខនេះភាគីទាំង ២ ទទួលស្គាល់ថានៅមានកម្រិតមធ្យមនៅឡើយ ហើយដើម្បីបំពេញបន្ថែម ភាគីទាំង ២ បន្តគាំទ្រលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធសេដ្ឋកិច្ចអ៊ុយរ៉ាស៊ី (EAEU)។
ចំពោះជំនួយមនុស្សធម៌ និងសង្គម ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ខណៈប៉ុន្មានទសវត្សរ៍ចុងក្រោយ និស្សិតកម្ពុជាជាង ៨ ពាន់នាក់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅអតីតសហភាពសូវៀត និងរុស្ស៊ី ដែលក្លាយជាធនធានមនុស្សសំខាន់របស់ជាតិ ហើយបច្ចុប្បន្នមាននិស្សិតប្រមាណ ១៦០ នាក់ទៀត កំពុងបន្តការសិក្សានៅរុស្ស៊ីក្រោមជំនួយរបស់រដ្ឋ។
ផ្លូវកិច្ចសហការចំពោះមុខ៖ លោក ហ៊ុន ម៉ាណែត របស់កម្ពុជាផ្តល់សញ្ញាអាទិភាពចំនួន ៤
កម្ពុជាបង្ហាញវិស័យអាទិភាពចំនួន ៤ សំខាន់ៗចំពោះទំនាក់ទំនងនឹងរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំនៅកាហ្សាន ក្នុងសន្និសីទសារព័ត៌មានធ្វើឡើងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ និងលោក សូ ណារ៉ូ។ ទី១ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងនយោបាយ ដែលកម្ពុជាអំពាវនាវកិច្ចខិតខំប្រឹងប្រែងរួមលើការប្រឆាំងឧក្រិដ្ឋកម្មអន្តរជាតិ បទល្មើសឆបោកអនឡាញ ដែលកំពុងយាយីសន្តិសុខសង្គម។ ទី២ ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាបន្តយន្តការកិច្ចព្រមព្រៀង FTA និង EAEU ដែលស្នើឡើងដើម្បីស្វែងរកការវិនិយោគផ្ទាល់ពីបរទេស និងបង្កើនទីផ្សារ។ ទី៣ កិច្ចសហប្រតិបត្តិការសន្តិសុខថាមពល ដែលកម្ពុជាស្វែងរកអ្នកជំនាញពីរុស្ស៊ីក្នុងការបង្កើនជំនាញថាមពល ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងបច្ចេកវិទ្យាកសិកម្ម។ ទី៤ គំនិតផ្តួចផ្តើមលើប្រជាជន ដែលនឹងបន្ថែមការផ្លាស់ប្តូរវប្បធម៌ វិស័យអប់រំ និងវេទិកាយុវជនជាដើម។
ការទូតក្រៅផ្លូវការ និងក្របខណ្ឌសន្តិភាពអាស៊ាន៖ ជំនួបរវាងមេដឹកនាំកម្ពុជា និងថៃ លើបញ្ហាព្រំដែន
ជំនួបនៅកាហ្សាន ក៏បានផ្តល់លទ្ធភាពដើម្បីជជែករកដំណោះស្រាយដើម្បីបន្ថយកម្ដៅនយោបាយ ដោយកម្ពុជានិងថៃបានជួបពិភាក្សាក្រៅផ្លូវការលើបញ្ហាជាប់គាំងនៃរដ្ឋទាំង ២ ដោយលោក ហ៊ុន ម៉ាណែត និងលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បានជជែកគ្នាអំពីវិបត្តិព្រំដែន ដែលក្រោយមកលោក ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយជាសាធារណៈ។ លោកបានបញ្ជាក់អំពីជំហររបស់កម្ពុជាដែលប្រកាន់យកច្បាប់អន្តរជាតិ និងដោះស្រាយដោយសន្តិវិធី ប្រាប់ទៅកាន់ភាគីថៃ។ ចំពោះព្រំដែនសមុទ្រ លោកថា កម្ពុជាបញ្ជាក់ជាថ្មីអំពីស្មារតីបន្តយន្តការច្បាប់អន្តរជាតិដោយការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលភាគីទាំង ២ បានព្រមព្រៀង។ លើព្រំដែនគោក កម្ពុជាពេញចិត្តការបន្តយន្តការទ្វេភាគីដែលមានស្រាប់ តួយ៉ាងយន្តការ JBC ហើយកម្ពុជាជំរុញឱ្យថៃតែងតាំងសមាសភាព JBC របស់ខ្លួនឱ្យច្បាស់លាស់ ដែលស្របតាមស្មារតីកិច្ចព្រមព្រៀង ២៧ ធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។ ហើយការបើកព្រំដែនគោក គឺមិនទាន់មានភាពចាំបាច់ជជែកឡើយ។
ទាំងនេះសរបញ្ជាក់អំពីសារៈសំខាន់នៃទីក្រុងកាហ្សានដែលផ្តល់ជាចន្លោះសមស្របសម្រាប់មេដឹកនាំកម្ពុជានិងថៃ អាចជជែកទល់មុខគ្នាបាន ដែលជាស្នូលនៃអាស៊ានទាំងមូលលើការសន្ទនានយោបាយ។
ជារួម
កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅកាហ្សាន នាពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៦ នេះ ប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានផ្លែផ្ការលើសពីការអនុវត្តពិធីការធម្មតាតាមការរំពឹងទុកមួយចំនួន ដែលជាផ្នែកមួយនៃសណ្តាប់ធ្នាប់ពិភពលោកថ្មី។ សម្រាប់រុស្ស៊ី កិច្ចប្រជុំនេះបង្ហាញពីយុទ្ធសាស្ត្ររបស់ខ្លួនកាន់តែច្បាស់លើការងាកទៅរកអាស៊ីប៉ាស៊ីហ្វិក និងការសម្របខ្លួននឹងសម្ពាធរបស់លោកខាងលិច។ ចំពោះអាស៊ានវិញ បង្ហាញពីសារៈសំខាន់នៃតួនាទីរបស់តំបន់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទូតសកល។
សម្រាប់កម្ពុជា ដំណើរទៅកាន់ទីក្រុងកាហ្សានលើកនេះ ផ្តល់នូវវេទិកាការទូតសំខាន់សម្រាប់រឹតចំណងមិត្តភាពជាមួយរុស្ស៊ីក្នុងរយៈពេល ៧០ ឆ្នាំមកនេះ ហើយបានបង្ហាញការប្តេជ្ញាចិត្តលើដំណោះស្រាយវិវាទព្រំដែនជាមួយថៃ ព្រមទាំងបានស្វែងរកទីផ្សារសេដ្ឋកិច្ចថ្មីជាមួយក្រុមប្រទេសអ៊ុយរ៉ាស៊ី (EAEU) ដែលមានរុស្ស៊ីជាឆ្អឹងខ្នង ដែលជាកិច្ចសន្ទនានយោបាយមិនអាចបំភ្លេចបានរបស់ទីក្រុងភ្នំពេញ ជាពិសេសការឆ្លើយតបចំពោះគោលនយោបាយការបរទេសឯករាជ្យរបស់ខ្លួន៕
បណ្ឌិត ប៊ូឡាត់ អាក់មែដខារីម៉ូវ (Bulat Akhmetkarimov) គឺជាសាស្ត្រាចារ្យជំនួយផ្នែកទំនាក់ទំនងអន្តរជាតិ មានមូលដ្ឋាននៅរាជធានីភ្នំពេញ។
ប្រែសម្រួលដោយ៖ សំបាន ច័ន្ទដារ៉ា ជាជំនួយការលោកបណ្ឌិត ប៊ូឡាត់ និងជាអ្នកស្រាវជ្រាវលើទំនាក់ទំនងរុស្ស៊ី-អាស៊ាន នៅមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ IFME ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស និងជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ RT International ប្រចាំកម្ពុជា។

