យោងតាមកាសែតផ្លូវការកូរ៉េខាងជើង KCNA ចេញផ្សាយក្នុងថ្ងៃអង្គារ ទី២៣ មិថុនា លោក គីម ជុងអ៊ុន បានប្រកាសចេញនូវគោលនយោបាយដ៏មុតមាំរបស់បក្ស និងរដ្ឋ ដែលសំដៅពង្រឹងសមត្ថភាពការពារជាតិឲ្យបានលឿនជាងមុនដោយផ្អែកលើបច្ចេកវិទ្យានុយក្លេអ៊ែរ។ ការថ្លែងដូចនេះធ្វើឡើង ក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់គណបក្សពលករ។ មនុស្សខ្លាំងកូរ៉េខាងជើងរូបនេះដដែល បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងបន្តកិច្ចសហប្រតិបត្តិយោធាដោយបំពាក់ឲ្យក្រុងសេអ៊ូលនូវនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ រួមទាំងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែខ្លាំងនៅក្នុងតំបន់។
សម្រាប់លោក គីម ជុងអ៊ុន សកម្មភាពទាំងនេះបានធ្វើឲ្យស្ថានការណ៍សន្តិសុខនៅឧបទ្វីបកូរ៉េកាន់តែតានតឹង និងគ្រោះថ្នាក់ជាងមុន រួមទាំងអាចរុញស្ថានការណ៍នៅឧបទី្វបកូរ៉េឲ្យខិតទៅរកហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរទៀតផង។ ប្រឈមនឹងស្ថានភាពបែបនេះ ជំហរម៉ឹងមាត់ និងមិនរង្គោះរង្គើរបស់ទីក្រុងព្យុងយ៉ាង គឺការអភិវឌ្ឍ និងពង្រឹងថែមទៀតនូវសមត្ថភាពទប់ស្កាត់ និងអាចជឿទុកចិត្តបានដើម្បីការពារខ្លួន។ ជំហរបែបនេះបានទទួលការគាំទ្រ និងការឯកភាពពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូបដែលចូលរួមនៅក្នុងកិច្ចប្រជុំ។ មន្រ្តីទាំងនេះបានលើកឡើងដូចគ្នាថា ការពង្រឹងកម្លាំងនុយក្លេអ៊ែរជាជម្រើសត្រឹមត្រូវបំផុតនៅស្ថានភាពយោធា និងនយោបាយអន្តរជាតិដែលកំពុងវឹកវរសព្វថ្ងៃ។
កាសែតផ្លូវការកូរ៉េខាងជើង KCNA បានឲ្យដឹងទៀតថា សាររបស់លោក គីម ជុងអ៊ុន ជាហេតុផលដើម្បីបង្ហាញភាពស្របច្បាប់នៃការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ អ្នកវិភាគមួយចំនួនបានសន្និដ្ឋានថា ការថ្លែងដូចនេះរបស់មេដឹកនាំកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំគណបក្សពលករ ជាសញ្ញាបង្ហាញថា ក្រុងព្យុងយ៉ាងកំពុងបិទទ្វារ និងលែងយកចិត្តទុកដាក់លើការចរចារស្តីពីបញ្ហានុយក្លេអ៊ែរ ទោះបីកំពុងជាប់ទណ្ឌកម្មរបស់អន្តរជាតិក៏ដោយ។
គួររម្លឹកជូនថា កូរ៉េខាងជើងកំពុងស្ថិតក្រោមទណ្ឌកម្មអន្តរជាតិជាច្រើនទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ចាប់តាំងពីជំនួបរវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំនៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩ ទទួលបរាជ័យមក កូរ៉េខាងជើងរឹតតែប្រកាន់ជំហរ និងតាំងខ្លួនជារដ្ឋនុយក្លេអ៊ែរដែលមិនអាចផ្លាស់ប្តូរបាន៕

