សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SMEs) ចំនួន ៧៣៨មូលដ្ឋាន បានចុះបញ្ជីផ្លូវការ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ គឺបានកើនឡើងប្រមាណ ៤០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។
ការកើនឡើងនៅចំនួនសហគ្រាសធុនតូច និងមធ្យមនេះ គឺស្របពេលទំនិញថៃសំខាន់ៗ ជាពិសេសប្រភេទចំណីអាហារ និងភេសជ្ជៈ ដែលធ្លាប់នាំចូលមកកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា បានពហិការឈប់ប្រើទំនិញថៃ និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសវិញ។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែមិថុនានេះថា សហគ្រាសធុនតូច និងមធ្យម ដែលបានមកចុះបញ្ជី ហើយកើនឡើងច្រើនជាងគេ គឺប្រភេទសហគ្រាសផលិតចំណីអាហារ និងភេសជ្ជៈ ដោយមានរហូតដល់៣៩៩មូលដ្ឋាន។
ចំណែកប្រភទទី២ គឺឧស្សាហកម្មគីមី កៅស៊ូ និងប្លាស្ទិក មានចំនួន១៦៦មូលដ្ឋាន ទី៣ ប្រភេទឧស្សាហកម្មតម្បាញ់ កាត់ដេរ ចាក់កាបូប និងស្បែកជើង មានចំនួន៦៥មូលដ្ឋាន។ ទី៤ ផ្នែកឧស្សាហកម្មកែច្នៃលោកហៈដែលមានចំនួន៣៤មូលដ្ឋាន និងទី៥ ប្រភេទឧស្សាហកម្មផលិតពីរ៉ែមិនមែនលោហៈដែលមានប្រមាណ ២០មូលដ្ឋាន។
លោក ហេង សុខគង់ បញ្ជាក់ថា៖ «សម្រាប់ផលិតផលជាពិសេសម្ហូបអាហារ និងភេសជ្ជៈ គឺយើងឃើញថាកម្ពុជារបស់យើង ផលិតបានច្រើន ហើយបណ្តារោងចក្រសហគ្រាសបានកើតឡើងជាបន្តបន្ទាប់ច្រើន បើប្រៀបធៀបនឹងបណ្តារោងចក្រសហគ្រាសដទៃទៀត ដែលផលិតផលិតផលផ្សេង»។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរូបនេះ បន្ថែមថា៖ «យើងឃើញថា នៅក្នុងនោះផលិតផលមួយចំនួន ផ្នែកម្ហូបអាហារ និងភេសជ្ជៈនេះ គឺយើងបានបង្កើនការផលិត និងបង្កើតរោងចក្រថ្មីៗ ដែលអាចជំនួសការនាំចូលបាន ខ្លះរហូតដល់១០០% ហើយមួយចំនួនទៀត ចន្លោះពី៤០%ទៅ៦០%រួចរាល់ហើយដែរ»។
ជាមួយគ្នានេះ លោក ហេង សុខគង់ បានអះអាងថា ស្មារតីស្នេហាជាតិ និងជាតិនិយមរបស់ប្រជាពលរដ្ឋយើងក្នុងការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសថៃនេះ គឺជាជំហានមួយដ៏ល្អ និងជាកាលានុវត្តភាព ដែលធ្វើឱ្យសហគ្រាសនៅក្នុងស្រុក ចាប់ផ្តើមពង្រឹង និងពង្រីកទាំងគុណភាព និងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ក៏ដូចជាការបង្កើតថ្មីរបស់សហគ្រាសមួយចំនួនទៀត ដើម្បីផលិតនូវបណ្តាផលិតផលទាំងឡាយជំនួសឱ្យផលិតផលនាំចូល។
លោកបានសង្កត់ធ្ងន់ថា៖ «យើងឃើញថា ចាប់តាំងពីកើតមានសង្រ្គាមនៅតាមព្រំដែន រហូតមកដល់បច្ចុប្បន្ននេះ ការលក់របស់សហគ្រាសធុនតូច និងមធ្យមរបស់យើង មានកំណើនខ្ពស់ ប្រមាណជា ៤០% ទៅ ៤៥% បើប្រៀបធៀបនឹងមុនពេលមានការធ្វើពហិការរបស់ប្រជាពលរដ្ឋយើង»។
យ៉ាងណាក៏ដោយ លោក ហេង សុខគង់ មិនបានផ្តល់តួរលេខសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានបិទនោះទេ ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តគាំទ្រផលិតផលខ្មែរកាន់តែច្រើនថែមទៀត ក្រោមពាក្យស្លោក «ប្រើប្រាស់ផលិតផលខ្មែរ គឺស្នេហាជាតិ»៕

