ភ្នំពេញ៖ អ្នកជំនាញកិច្ចការបរទេសកម្ពុជាម្នាក់បានអះអាងថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានឡើយ ដោយអំពាវនាវឱ្យប្រទេសទាំងពីរផ្តោតលើការផ្សះផ្សា ស្ដារទំនាក់ទំនងធម្មតាឡើងវិញ និងអនុញ្ញាតឱ្យយន្តការព្រំដែនដែលមានស្រាប់បន្តបំពេញភារកិច្ចរបស់ខ្លួន។
ការលើកឡើងនេះ ធ្វើឡើងដោយលោក ពូ សុធារ័ក្ស ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាតំបន់កម្ពុជា (CCRS) ក្នុងវេទិកាពិភាក្សាមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន Lowy Institute ក្រោមប្រធានបទថា តើអាស៊ានអាចឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានដែរឬទេ។
លោកបានលើកឡើងថា កម្ពុជា និងថៃ គឺជា «ប្រទេសជិតខាងគ្នា» ដែលមានចំណងមិត្តភាព តម្លៃរួម និងទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ ហើយមិនគួរឱ្យបញ្ហាព្រំដែនដែលមិនទាន់បោះបង្គោលពេញលេញ មកប៉ះពាល់ដល់ទំនាក់ទំនងល្អដែលមានជាង ៧៥ ឆ្នាំកន្លងមកនោះទេ។
លោកសរសេរនៅលើបណ្ដាញ LinkedIn ថា៖ «ភាគីទាំងពីរមិនគួរពឹងផ្អែកលើដំណោះស្រាយតាមផ្លូវយោធាសម្រាប់ជម្លោះព្រំដែនឡើយ។ ផ្ទុយទៅវិញ គួរតែបង្ហាញពីការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី»។
លោកបានបន្ថែមថា ប្រទេសទាំងពីរគួរផ្តោតលើការផ្សះផ្សា ការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈប្រក្រតីឡើងវិញ និងការរួមរស់ដោយសន្តិភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ការលើកឡើងរបស់លោក សុធារ័ក្ស ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងភ្នំពេញ និងបាងកក នៅតែស្ថិតក្នុងភាពតានតឹង បន្ទាប់ពីមានជម្លោះតាមបណ្ដោយព្រំដែន និងការខ្វែងគំនិតផ្នែកនយោបាយដែលបានប៉ះពាល់ដល់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា គណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ (JBC) គួរតែត្រូវបានអនុញ្ញាតឱ្យបន្តការងាររបស់ខ្លួន ដើម្បីបោះបង្គោលព្រំដែនជាង ៨០០ គីឡូម៉ែត្រ ដែលនៅមិនទាន់កំណត់រួចរាល់។
លោកបានបញ្ជាក់ថា៖ «JBC ត្រូវតែអាចបន្តបំពេញការងាររបស់ខ្លួន ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនជាង ៨០០ គីឡូម៉ែត្រ»។
ក្រៅពីនេះ លោកក៏បានស្នើផែនទីបង្ហាញផ្លូវមួយសម្រាប់ការស្ដារទំនាក់ទំនងឡើងវិញ ដោយរួមមានការបើកច្រកព្រំដែនអន្តរជាតិជាបណ្ដើរៗ និងការស្ដារប្រតិបត្តិការស្ថានទូតនៅរាជធានីភ្នំពេញ និងទីក្រុងបាងកកឱ្យដំណើរការពេញលេញឡើងវិញ។
ទោះជាយ៉ាងណា ការស្ដារទំនាក់ទំនងនេះ នៅតែប្រឈមនឹងឧបសគ្គផ្នែកនយោបាយជាច្រើន។
ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បានអះអាងជាបន្តបន្ទាប់ថា កម្ពុជាមិនមែនជាភាគីដែលផ្ដើមបិទព្រំដែននោះទេ ហើយថា ការរឹតបន្តឹងការធ្វើដំណើរ និងសកម្មភាពព្រំដែន បានចាប់ផ្ដើមពីភាគីថៃជាមុន។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាអាចរក្សាស្ថានភាពបិទព្រំដែនបានយូរប្រសិនបើចាំបាច់ ដោយធ្លាប់ថ្លែងថា កម្ពុជាអាចបិទព្រំដែនជាមួយថៃបានរហូតដល់ «៥០០ឆ្នាំ» ប្រសិនបើស្ថានការណ៍មិនមានការផ្លាស់ប្តូរ។
ជាមួយគ្នានេះ លោកក៏បានប្រកាសហាមឃាត់យ៉ាងតឹងរ៉ឹងនូវការនាំចូលទំនិញពីថៃតាមផ្លូវគោក ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតានតឹងដែលកំពុងកើតមាន។
ភាគីថៃវិញ បានអះអាងជាបន្តបន្ទាប់ថា វិធានការរបស់ខ្លួនគឺដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីការបរទេសថៃ បានចោទប្រកាន់កម្ពុជាថា ជាអ្នកបង្កភាពតានតឹង និងបានបញ្ជាក់ថា ថៃមិនទាន់មានផែនការបើកច្រកព្រំដែនឡើងវិញនោះទេ។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពយោធារបស់ថៃនៅតាមបណ្ដោយព្រំដែន រួមទាំងការហោះហើរយន្តហោះចម្បាំង F-16 ដែលភាគីកម្ពុជាយល់ថា អាចបង្កឱ្យស្ថានការណ៍កាន់តែតានតឹងជាជាងជួយសម្រួលដល់ការចរចា។
ទោះបីជាមានភាពតានតឹងក៏ដោយ កម្ពុជាបានបន្តអះអាងថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានបញ្ជាក់ថា ខ្លួនបានផ្ញើលិខិតផ្លូវការជាច្រើនទៅកាន់ភាគីថៃ ដើម្បីជំរុញឱ្យមានកិច្ចប្រជុំ JBC និងបន្តដំណើរការបោះបង្គោលព្រំដែន ប៉ុន្តែការពិភាក្សាមិនទាន់មានវឌ្ឍនភាព ដោយសារភាគីថៃបានលើកហេតុផលផ្សេងៗក្នុងការពន្យារពេល។
លោក សុធារ័ក្ស បានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍វិវត្តទៅជាសង្គ្រាមពេញទំហឹង តួនាទីរបស់សហគមន៍អន្តរជាតិគឺមានសារៈសំខាន់ណាស់។
លោកបានសរសេរថា៖ «អង្គការសហប្រជាជាតិ អាស៊ាន ក៏ដូចជាប្រទេសមិត្តរបស់ភាគីទាំងពីរ គួរតែរួមចំណែកធានាឱ្យមានប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលត្រូវបានជួយសម្របសម្រួលដោយអាស៊ាន សហរដ្ឋអាមេរិក និងចិន»។
លោកបានកត់សម្គាល់ថា អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង ដោយចាប់ផ្ដើមពីប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ដែលបានជំរុញកិច្ចសន្ទនាការទូត និងការចរចារវាងភាគីពាក់ព័ន្ធ។
ក្រៅពីនេះ ឯកអគ្គរដ្ឋទូត និងអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងជំរំបណ្ដោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ ដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌ និងគាំទ្រដំណោះស្រាយដោយសន្តិវិធី។
លោក សុធារ័ក្ស បានបញ្ចប់ថា បញ្ហាព្រំដែនដែលមិនទាន់ដោះស្រាយ មិនគួរត្រូវបានអនុញ្ញាតឱ្យបំផ្លាញទំនាក់ទំនងដែលប្រទេសទាំងពីរបានកសាងអស់ជាច្រើនទសវត្សរ៍នោះទេ។
លោកបានបញ្ជាក់ថា៖ «ប្រទេសទាំងពីរគួរជ្រើសរើសការសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា និងជ្រើសរើសការរួមរស់ដោយសន្តិភាព ជាជាងការប្រកួតប្រជែងផ្នែកយោធា»៕

