ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាកំពុងរៀបចំមេរៀនស្តីពីហិរញ្ញវត្ថុហើយគ្រោងដាក់បញ្ចូលមុខវិជ្ជាថ្មីនេះទៅក្នុងប្រព័ន្ធអប់រំទូទៅរបស់រដ្ឋក្នុងគោលដៅបញ្ជ្រាបការយល់ដឹងពីហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាតាំងពីវ័យក្មេង។ នេះបើយោងតាមការឲ្យដឹងពីតំណាងធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា (NBC) ថ្លែងថាធនាគារជាតិកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីជួយបង្កើតកម្មវិធីសិក្សាអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោកស្រីបន្តថាខណៈប្រជាជនត្រូវការដោះស្រាយប្រចាំថ្ងៃជាមួយនឹងប្រាក់ប្រជាជនគួរតែយល់ដឹងអំពីវាហើយអាចគ្រប់គ្រងវាបានយ៉ាងល្អឧទាហរណ៍ការវិនិច្ឆ័យបានល្អលើការចំណាយលើអ្វីដែលចាំបាច់ និងទទួលកម្ចីក្នុងអត្រាការប្រាក់ និងលក្ខខណ្ឌត្រឹមត្រូវ។
លោកស្រីលើកឡើងថា៖ «វាមានសារៈសំខាន់សម្រាប់ក្មេងៗយ៉ាងហោចណាស់ត្រូវយល់ដឹងពីគំនិតអត្រាការប្រាក់ និងការគណនាការប្រាក់»។
លោកស្រីបន្តថា៖ «ប្រជាជនដែលអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានល្អអាចចៀសផុតពីការធ្លាក់ចូលក្នុងបំណុលហើយប្រាកដណាស់អាចជួយឲ្យពួកគេគ្រប់គ្រងការរស់នៅរបស់ពួកគេកាន់តែប្រសើរទៀតផង»។
NBC មិនទាន់មានដៃគូជាក់លាក់ណាមួយនៅឡើយទេប៉ុន្តែថាមានស្ថាប័នច្រើនបង្ហាញការចាប់អារម្មណ៍។ មិនមានការកំណត់ពេលវេលាជាក់លាក់ ឬកម្រិតពិតប្រាកដដែលមុខវិជ្ជាថ្មីនេះនឹងត្រូវបានអនុវត្តនៅឡើយទេប៉ុន្តែទិសដៅរបស់ធនាគារកណ្ដាលនឹងដាក់បញ្ចូលវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងកម្មវិធីអប់រំចំណេះទូទៅ។
លោកស្រីបញ្ជាក់ថា៖ «យើងមិនរំពឹងថាមានមុខវិជ្ជាផ្នែកហិរញ្ញវត្ថុនេះដាច់ដោយឡែកផ្ទាល់នោះទេប៉ុន្តែវានឹងត្រូវបានដាក់បញ្ចូលនៅក្នុងមុខវិជ្ជាសំខាន់ៗដែលមានស្រាប់ដូចជាគណិតវិទ្យា ឬការសិក្សាសង្គមជាដើម»។
NBC នឹងស្វែងរកការផ្ដល់យោបល់ពីក្រសួងអប់រំសម្រាប់កម្មវិធីនេះ។
លោក ដាវីដ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia of Bower Group Asia ជាក្រុមហ៊ុនឯកទេសខាងសេវាប្រឹក្សាយោបល់បានឲ្យដឹងថាចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅពេលនេះត្រូវការខ្លាំងសម្រាប់ប្រជាជនកម្ពុជាជាពិសេសប្រជាជននៅតាមតំបន់ជនបទដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ កង្វះការយល់ដឹងពីអត្រាការប្រាក់ និងការគណនាអត្រាការប្រាក់ក្នុងចំណោមអ្នកភូមិធ្វើឲ្យពួកគេយកកម្ចី និងប្រើប្រាស់វាមិនសមស្របហើយបញ្ហានេះកំពុងប៉ះពាល់ដល់សមត្ថភាពសងប្រាក់។
លោកបានបន្ថែមថា ប្រជាជនជនបទជាច្រើនយល់ច្រឡំថាអត្រាការប្រាក់កម្ចី ៣ ភាគរយក្នុងមួយខែគឺទាបប៉ុន្តែតាមពិតវាជាចំនួនមួយខ្ពស់។
លោកបន្តថា វាជិតស្នើ ៣៦ ភាគរយនៃកម្ចីរបស់ពួកគេនៅពេលពួកគេសងវាក្នុងមួយឆ្នាំ។
លោកបានបញ្ជាក់ថា៖ «ប្រជាជនមួយចំនួនមិនអាចដឹងថាអាជីវកម្មប្រភេទអ្វីដែលពួកគេត្រូវទទួលអត្រាការប្រាក់កម្ចីចំនួន ៣ ភាគរយក្នុងមួយខែនោះទេ»។
លោកបន្តថា៖ «នេះបានឆ្លុះបញ្ចាំងថាការអប់រំពួកគេអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់ពួកគេ»។
លោក ចាន់ សុផល នាយកនៅមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ស្វាគមន៍ដល់គំនិតផ្ដួចផ្ដើមក្នុងការបង្ហាញចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មវិធីសិក្សាតាមសាលារៀន។
លោកលើកឡើងថា៖ «ខ្ញុំបារម្ភថាប្រជាជនរបស់យើងដែលយកកម្ចីនៅក្នុងកម្រិតធំប៉ុន្តែពួកគេមានចំណេះដឹងអំពីហិរញ្ញវត្ថុនៅអន់»។
លោកបន្តថា៖ «វាជាដំណោះស្រាយល្អបំផុតក្នុងការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សា»៕ LA


