ក្រុងសេអ៊ូលៈ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានឲ្យដឹងថាខ្លួនបានពន្យារពេលការលក់រថយន្ត Volkswagen ចំនួន ៨០ ម៉ូដែលក្នុងការស៊ើបអង្កេតកាន់តែធំមួយចំពោះរឿងអាស្រូវបន្លំការបញ្ចេញកាបូនរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ។
ក្រសួងបរិស្ថានកូរ៉េខាងត្បូងបានឲ្យដឹងថារថយន្តម៉ូដែលភាគច្រើនត្រូវបានដាក់បង្ហាញសម្រាប់លក់រហូតមកដល់បច្ចុប្បន្នហើយបានបន្តឲ្យដឹងថារថយន្តដែលមានបញ្ហាបានបន្លំឯកសារសម្រាប់ការធ្វើតេស្តបញ្ចេញកាបូន និងការធ្វើតេស្តពីកម្រិតសំឡេងរំខាន។
ក្រសួងនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅត្រឹមថ្ងៃទី ២ ខែសីហាយើងបានលុបចោលវិញ្ញាបនបត្ររថយន្តចំនួន ៨៣ ពាន់គ្រឿងរបស់រថយន្តចំនួន ៨០ ម៉ូដែលនេះ»។
កាលពីខែមុនព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានឃាត់ខ្លួនមន្ត្រីប្រតិបត្តិក្រុមហ៊ុន VW ប្រចាំកូរ៉េខាងត្បូងដោយចាត់ទុកជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីររបស់ពិភពលោកមួយនេះប្រឈមវិធានការផ្លូវច្បាប់នៅតាមប្រទេសមួយចំនួនបន្ទាប់ពីក្រុមហ៊ុននេះបានសារភាពពីការបន្លំការធ្វើតេស្តបញ្ចេញកាបូននៅសហរដ្ឋអាមេរិកលើរថយន្តម៉ាស៊ីនម៉ាស៊ូតមួយ។
នៅខែវិច្ឆិកាឆ្នាំមុនរដ្ឋាភិបាលក្រុងសេអ៊ូលបានបញ្ជាឲ្យក្រុមហ៊ុន Volkswagen Korea ប្រមូលរថយន្តដែលប្រើប្រាស់ប្រេងម៉ាស៊ុតជាង ១២៥ ពាន់គ្រឿងដែលបានលក់នៅប្រទេសកូរ៉េខាងត្បូងមកវិញហើយបានពិន័យក្រុមហ៊ុននេះជាសាច់ប្រាក់ចំនួន ១៤,១ ពាន់លានវ៉ុន (១២,៣ លានដុល្លារ)។
ក្រុមហ៊ុនផលិតរថយន្តបរទេសជាពិសេសម៉ាករថយន្តអាល្លឺម៉ង់ដូចជាម៉ាក VW បានបង្កើនវត្តមានរបស់ខ្លួនជាបន្តបន្ទាប់ក្នុងទីផ្សាររថយន្តរបស់កូរ៉េខាងត្បូងដែលគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកគឺក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kiaដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។
ការលក់រថយន្តបរទេសមានទំហំស្មើនឹង ១៥ ភាគរយនៃការលក់រថយន្តសរុបធៀបនឹងទំហំ ១០ ភាគរយនៅឆ្នាំ ២០១២។
ការលក់រថយន្តបរទេសប្រមាណ ៧០ ភាគរយនៅកូរ៉េខាងត្បូងគឺជារថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត៕ BP


