ក្រុងស៊ាងហៃៈ ប្រជាជនចិនដែលទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃសៅរ៍បានចំណាយប្រាក់ច្រើនបំផុតចំនួន ជាង ២៥ ពាន់លានដុល្លារនៅថ្ងៃលក់ទំនិញបញ្ចុះថ្លៃ «Singles Day» ដែលរៀបចំឡើងដោយក្រុមហ៊ុន Alibaba ដោយកើនឡើងជិត ៤០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខកាលពីថ្ងៃម្សិលមិញ។
ដោយត្រូវបានគេស្គាល់ថាជា «ថ្ងៃទី ១១ ស្ទួន» ដោយសារតែធ្វើឡើងនៅថ្ងៃទី ១១ ខែវិច្ឆិកានោះព្រឹត្តិការណ៍ដែលត្រូវបានដាក់ដំណើរការកាលពីឆ្នាំ ២០០៩ ដោយក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំមួយនេះបានចាប់ផ្តើមនៅពាក់កណ្តាលយប់ និងបញ្ចប់ដោយបានបំបែកកំណត់ត្រាការលក់កាលពីឆ្នាំមុន។
ក្រុមហ៊ុន Alibaba បានឲ្យដឹងនៅក្នុងគេហទំព័ររបស់ខ្លួនថាទំហំទំនិញសរុបរបស់ក្រុមហ៊ុនសម្រាប់ការលក់ប្រចាំឆ្នាំរបស់ខ្លួនគិតជាទឹកប្រាក់មានចំនួន ១៦-៨,៣ ពាន់លានយន់ (២៥,៣ ពាន់លានដុល្លារ)។ ការលក់នេះដំណើរការតាមរយៈប្រព័ន្ធទូទាត់ចំណាយអនឡាញ Alipay របស់ក្រុមហ៊ុន Alibaba។
ការលក់សរុបបានកើនឡើង ៣៩ ភាគរយធៀបនឹងការលក់ចំនួន ១២០,៧ ពាន់លានយន់ (១៧,៨ ពាន់លានដុល្លារ) កាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុន Alibaba។
ក្រុមហ៊ុន Alibaba បានឲ្យដឹងថាក្នុងរយៈពេល ៥ នាទីបន្ទាប់ពីពាក់កណ្តាលយប់កម្មវិធី Alipay បានដំណើរការប្រតិបត្តិការទូទាត់ចំនួន ២៥៦ ០០០ ដងក្នុងមួយវិនាទីពោលគឺកើនឡើងទ្វេដងធៀបនឹងប្រតិបត្តិការទូទាត់ច្រើនបំផុតកាលពីឆ្នាំមុន។
ការបញ្ជាទិញតាម Alipay ជាង ៩០ ភាគរយត្រូវបានធ្វើឡើងតាមគ្រឿងអេឡិចត្រូនិកចល័តភាគច្រើនធ្វើឡើងតាមគេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត Taobao.com របស់ក្រុមហ៊ុន Alibaba។
ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជន ១,៣ ពាន់លាននាក់នៅប្រទេសចិន ប្រើប្រាស់ទូរស័ព្ទទំនើបដែលបានក្លាយជាផ្នែកដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃដោយបានប្រើប្រាស់ដើម្បីផ្ញើសារ ទិញទំនិញ មើលព័ត៌មាន និងកម្សាន្ត កក់រថយន្តតាក់ស៊ី និងបញ្ជាទិញអាហារជាដើមហើយប្រើប្រាស់ធ្វើជាកាបូបលុយសម្រាប់ការទិញទំនិញតាមគ្រឿង អេឡិចត្រូនិកទៀតផង៕ BP


