កណ្ដាលៈ មនុស្សប្រុស-ស្រីជាតិវៀតណាម ៣ នាក់ និងខ្មែរម្នាក់ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនកាលពីម្សិលម្ង៉ៃ មួយថ្ងៃបន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនពេលចុះបង្ក្រាបផ្ទះជួលរបស់ក្រុមហ៊ុន Metfone ដោយបានរកឃើញស្ដុកឈើប្រណីតគ្មានច្បាប់ និងឃាត់ខ្លួនជនសង្ស័យ ១៩ នាក់នៅផ្ទះលេខ ៤៥៦ ផ្លូវលេខ ១១៥ ក្នុងភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្ដកណ្ដាលបានឲ្យដឹងកាលពីម្សិលមិញថា បន្ទាប់ពីសមត្ថកិច្ចបញ្ជូនជនសង្ស័យ ៦ នាក់មកតុលាការកាលពីម្សិលម្ង៉ៃ តុលាការក៏បានសាកសួរ និងបានសម្រេចឃុំខ្លួន ៤ នាក់ ខណៈ ២ នាក់ទៀតត្រូវបានដោះលែង។ លោកបន្តថាអ្នកទាំង ៤ ដែលជាប់ឃុំនោះ មានឈ្មោះ ដាំង យ៉ាំងតាំ ភេទប្រុសអាយុ ៣១ ឆ្នាំ,ឈ្មោះ ដូ យ៉ាំងឡាំ ភេទប្រុសអាយុ ៦០ ឆ្នាំ និងស្ត្រីឈ្មោះ លួង ចន្ធី អាយុ ៣៧ ឆ្នាំ។ ទាំង ៣ នាក់ជាជនជាតិវៀតណាម។
រីឯបុរសម្នាក់ទៀតឈ្មោះ ឱម តុលារតន៍ អាយុ ៣៧ ឆ្នាំ ជាជនជាតិខ្មែរដោយពួកគេសុទ្ធតែជាមុខរបរកម្មករ។ ចំណែកបុរសជាកម្មករខ្មែរ ២ នាក់ទៀតម្នាក់ឈ្មោះ ច្រឹង លាងហេង អាយុ ៣០ ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៉ាត ទី អាយុ ៣២ ឆ្នាំត្រូវបានដោះលែងវិញ។
លោកបញ្ជាក់ថា៖ «គេបញ្ជូនមកតុលាការ ៦ នាក់តែក្រោយពេលសួរនាំហើយ តុលាការបានដោះលែង ២ នាក់វិញ។ ចំណែក ៤ នាក់ត្រូវបានតុលាការចោទពីបទប្រមូលផលអនុផលព្រៃឈើប្រភេទកម្រដោយឃុំខ្លួន និងផាកពិន័យតាមច្បាប់»។
លោក ឈាង ធីណា នាយផ្នែករដ្ឋបាលព្រៃឈើតាខ្មៅបានឲ្យដឹងពីម្សិលមិញថាក្រោយពីសាកសួរមនុស្ស ១៩ នាក់នោះសមត្ថកិច្ចបានរកឃើញមនុស្ស ៦ នាក់មានជាប់ពាក់ព័ន្ធជាមួយមេខ្លោងជាជនជាតិវៀតណាមម្នាក់ដែលកំពុងរត់គេចខ្លួន ហើយក្រៅពីនោះបានដោះលែងវិញ។
លោកបញ្ជាក់ថា៖ «មនុស្ស ៦ នាក់នេះសមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការខេត្តកណ្ដាលកាលពីថ្ងៃទី ១១ ខែវិច្ឆិកាហើយការសួរនាំផ្សេងៗនៅលើតុលាការ។ ចំណែកវត្ថុតាងមានឈើប្រភេទគ្រញូង និងរថយន្តកំពុងរក្សាទុកនៅកន្លែងរបស់ខ្ញុំដោយរង់ចាំការរៀបចំឯកសារ និងចាត់ចែងតាមនីតិវិធីច្បាប់»។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលបានឲ្យដឹងពីម្សិលមិញថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដសហការជាមួយនគរបាលក្រុងតាខ្មៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាក្ដុលបានចុះឆែកឆេរផ្ទះជួលមួយកន្លែងដែលស្តុកឈើប្រណីតគ្មានច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យ ១៩ នាក់ផងដែរ។
លោកបន្តថាមុនពេលកើតហេតុសមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការណ៍មួយថាមានរថយន្ដមួយគ្រឿងម៉ាកកាមរីបានដឹកឈើប្រណីតបត់ចូលក្នុងលំនៅឋានកើតហេតុ ភ្លាមៗនោះលោក និងលោក ទិត សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាលបញ្ជាឲ្យកម្លាំងចុះឡោមព័ន្ធ និងឆែកឆេរលំនៅឋាននោះដោយរកឃើញវត្ថុតាង និងឈានដល់ការឃាត់ខ្លួនមនុស្ស ១៩ នាក់យកមកស្នងការដ្ឋាននគរបាលខេត្ដដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯជនសង្ស័យជាម្ចាស់ឈើបានរត់គេចខ្លួន។
លោកបញ្ជាក់ថា៖ «រឿងនេះវាកើតឡើងក្នុងទីតាំងរបស់ Metfone ប៉ុន្ដែមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Metfone ទេ វាគ្រាន់តែមានបុគ្គលពីខាងក្រៅម្នាក់ចូលទៅឃុបឃិតជាមួយប្រធានសាខាហ្នឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់គាត់ហ្នឹង ហើយក៏នៅតាមចាប់មេខ្លោងហ្នឹងដែរ ប៉ុន្ដែក្រុមហ៊ុន Metfone គេអត់ដឹងទេ»។
បុគ្គលិកក្រុមហ៊ុនទូរស័ព្ទចល័ត Metfone កាលពីម្សិលមិញបានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះតាមទូរស័ព្ទ។
បើតាមរបាយការណ៍នគរបាលខេត្ដបង្ហាញថាជនសង្ស័យជាម្ចាស់ឈើមានឈ្មោះ ទូ ជនជាតិវៀតណាមបានរត់គេចខ្លួន និងមនុស្សពាក់ព័ន្ធ ១៩ នាក់ដែលឃាត់ខ្លួនដោយបានដកហូតវត្ថុតាងរួមមានឈើគ្រញូង ៣៣០៥ គីឡូក្រាមស្មើនឹង ២,៥៤២ ម៉ែត្រគុបរថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌សចំណុះ ៥ តោនគ្មានស្លាកលេខមួយគ្រឿង រថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខ 0720 ភព ២ មួយគ្រឿង និងរថយន្ដម៉ាកកាមរីពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2B-4994៕


