លំនៅឋានសាធារណៈ សំដៅដល់ផ្ទះសម្រាប់អ្នកមានប្រាក់ចំណូល ទាប និងមធ្យមដែលជាគោលនយោបាយថ្មីរបស់រដ្ឋាភិបាល មិនទាន់មានសញ្ញាណាមួយលេចចេញជារូបរាងនៅពេលឆាប់ៗនោះទេ ខណៈសេចក្តីព្រាងគោលនយោបាយនៃការរៀបចំលំនៅឋានសាធារណៈរបស់រដ្ឋ មិនទាន់កំណត់ពេលវេលាបញ្ចប់ជាក់លាក់នៅឡើយ។
តំណាងមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ វិស័យឯកជន សង្គមស៊ីវិលបានជួបជុំគ្នាកាលពីសប្តាហ៍មុន តាមរយៈអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ឯកសារបច្ចេកទេសគាំទ្រការងារឥណទាន និងការគ្រប់គ្រងលំនៅឋានសាធារណៈ» ដើម្បីស្វែងរកយោបល់ ក៏ដូចជាការឆ្លើយតបមួយពីវិស័យហិរញ្ញវត្ថុនានា ដើម្បីឲ្យពួកគេបញ្ចុះអត្រាការប្រាក់ បន្ថយលក្ខខ័ណ្ឌក្នុងការទទួលបានឥណទានលំនៅឋាន និងផ្តល់ប្រាក់កម្ចីដែលមានរយៈពេលវែង។
លោក ទេព កោសល្យ ប្រធាននាយកដ្ឋានមូលនិធិ និងឥណទានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ឥឡូវនេះរាជរដ្ឋាភិបាលមានគោលនយោបាយជាតិស្តីពីលំនៅឋានសាធារណៈ សម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងមធ្យម ដូច្នេះការជួបប្រជុំគ្នានេះមានគោលបំណង ចង់ជួបជជែកជាមួយអ្នកអភិវឌ្ឍលំនៅឋាន ថាតើពួកគេចង់បានការលើកទឹកចិត្តអ្វីខ្លះពីរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុនានាអាចបញ្ចុះអត្រាការប្រាក់ និងពន្យាពេលបង់ប្រាក់យ៉ាងដូចម្តេច ដើម្បីឲ្យប្រជាជនមានប្រាក់ចំណូលទាបអាចមានលទ្ឋភាពខ្ចីឥណទានបាន ព្រោះកន្លងមកអ្នកមានប្រាក់ចំណូលទាប និងមធ្យមមិនងាយខ្ចីប្រាក់បាននោះទេ ហើយបើ ខ្ចីបានក៏មានអត្រាការប្រាក់ខ្ពស់ ហើយតម្លៃផ្ទះក៏ថ្លៃខ្ពស់ផងដែរ។

លោកបន្តថា ៖ «ឥឡូវនេះយើងកំពុងព្រាងគោលនយោបាយលំនៅឋានសាធារណៈនេះហើយ ដើម្បីឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធ្វើការអភិវឌ្ឍគម្រោងរបស់ពួកគេ ព្រោះរដ្ឋាភិបាលមិនមានទុននោះទេ»។ លោកបន្តថា ៖ «ដូច្នេះទើបយើងចង់ដឹងថា តើពួកគេចង់បានការលើកទឹកចិត្តពីរដ្ឋាភិបាលអ្វីខ្លះ»។
លោក ទេព កោសល្យ បានបន្តថា តម្លៃលំនៅឋានសាធារណៈ មិនទាន់មានការកំណត់ពីក្រសួងនោះទេ តែកន្លងមកមានការកំណត់តម្លៃចន្លោះពី ១៥.០០០ ទៅ ២៥.០០០ ដុល្លារ ប៉ុន្តែក្រោយមកមានការសំណូមពរពីខាងភាគីអ្នកអភិវឌ្ឍអចលនទ្រព្យ ថាតម្លៃ ១៥០០០ ដុល្លារ មានការលំបាក ដោយសារតម្លៃដីមានតម្លៃថ្លៃ។
លោកបន្តថា តម្លៃលំនៅឋានដែលលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land (អ្នកវិនិយោគមានគម្រោងសាងសង់លំនៅឋានសាធារណៈដំបូងគេ) កំណត់កន្លងមក ប្រហែលជាគាត់ចំណេញបាន តែរដ្ឋាភិបាលមិនមានការកំណត់បែបនេះទេ។

លោកបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានបានថ្លែងថា ដោយសារសេដ្ឋកិច្ចរីកចម្រើនព្រមទាំងលំហូរប្រជាជនមកពីជនបទចូលទីក្រុង និងទីប្រជុំជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងស្ថាប័នបន្ថែម និងក្របខ័ណ្ឌគតិយុត្តិបំពេញបន្ថែម លើការកសាងគោលនយោបាយលំនៅឋានសាធារណៈ ដែលធ្វើឲ្យបរិយាកាសវិនិយោគត្រូវបានកែលំអ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេស ពិសេសការវិនិយោគលើវិស័យលំនៅឋាន។
លោកបន្តថា ៖ «ការអភិវឌ្ឍលំនៅឋានភាគច្រើនផ្តោតតែលើប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ដូច្នេះតម្រូវការលំនៅឋានសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះនៅតែជាបញ្ហាដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ»។
លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា បច្ចុប្បន្ននេះមានស្ថាប័នឯកជនជាច្រើនដូចជា ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាដែលផ្តល់ឥណទានសម្រាប់សាងសង់លំនៅឋាន និងទិញលំនៅឋានសម្រាប់រស់នៅ ប៉ុន្តែឥណទានដែលទទួលបានមានរយៈពេលខ្លី អត្រាការប្រាក់ខ្ពស់ និងលក្ខខណ្ឌតម្រូវច្រើន ជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាបមានការលំបាក និងមិនអាចទទួលបានឥណទានទាំងនេះ។
លោកបន្តថា ៖ «លំនៅឋានមានសារសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗយ៉ាងហោចណាស់ឲ្យមានលំនៅឋានសម្រាប់ជ្រក»។
លោកបន្តថា ៖ «ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស រាជរដ្ឋាភិបាលកម្ពុជាពីមុនបានគិតត្រឹមតែមានបាយហូប និងការស្លៀកពាក់ប៉ុន្តែពេលនេះបានឈានមកគិតដល់ការរៀបចំលំនៅឋានសម្រាប់ប្រជាពលរដ្ឋបន្ថែមទៀត»។
លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលគ្រោងបោះទុន ១០០ លានដុល្លារ ជាមួយអ្នកវិនិយោគមកពីប្រទេសសិង្ហបុរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកធ្លាប់បានថ្លែងថា គម្រោងអភិវឌ្ឍន៍លំនៅឋានសាធារណៈរបស់លោក មិនទាន់ចេញជារូបរាងនោះទេ ដោយសារមិនទាន់មានការឆ្លើយតបពីរាជរដ្ឋាភិបាលដែលលោកស្នើសុំរដ្ឋាភិបាលឲ្យមានការរៀបចំប្រព័ន្ធទឹក និងអគ្គិសនីលើគម្រោងរបស់លោកដើម្បីអាចចាប់ផ្តើមសាងសង់លំនៅឋានសាធារណៈនោះបាន។

លោកអះអាងថា ៖ «រហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលលើសំណើររបស់លោកនៅឡើយទេ»។
លោក អាន ចាន់នី ប្រធានផ្នែកលក់នៃក្រុមហ៊ុន World City ដែល មានបាននិងកំពុងវិនិយោគទីក្រុងកាំកូស៊ីធីបានថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីរៀបចំលំនៅឋានសាធារណៈ សម្រាប់ផ្តល់ឱកាសឲ្យប្រជាជនមានប្រាក់ចំណូលទាប និងមធ្យមអាចទិញផ្ទះនេះ ជាចំណុចមួយដ៏ល្អប្រសើរ ប៉ុន្តែក្រសួងត្រូវបែងចែកគោលនយោបាយឲ្យមានសមភាព និងច្បាស់លាស់ ដើម្បីឲ្យអ្នកមានតម្រូវការជាក់ស្តែងបានទទួលផលពីគម្រោងនេះ ព្រោះគោលនយោបាយខ្លះធ្វើមែនតែការអនុវត្តជាក់ស្តែងបានផលតែអ្នកមានធនធានច្រើនដដែល។
លោកបន្តថា ៖ «លំនៅឋានសាធារណៈគួរមានតម្លៃចន្លោះពី២៥០០០ទៅ៣ម៉ឺនដុល្លារ ដើម្បីឲ្យអ្នកអភិវឌ្ឍអាចរកចំណេញបាន និងអ្នកមានចំណូលទាប និងមធ្យមអាចមានលទ្ធភាពបង់បាន»។ លោកបន្តថា៖ «ខ្ញុំគាំទ្រចំពោះគម្រោងក្នុងការធ្វើយ៉ាងណាឲ្យបានជជែកពិភាក្សាជាមួយភាគីធនាគារ ដើម្បីបញ្ចុះអត្រាការប្រាក់ និងផ្តល់កម្ចីកាន់តែមានរយៈពេលវែងបន្ថែមទៀត»។
លោក ចាន់ឌី ម៉ាន់ អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd. បានថ្លែងថា លោកមានការយល់ស្រប នឹងគោលនយោបាយរបស់រដ្ឋាភិបាលទាក់ទងការជំរុញឲ្យធនាគារនានាឲ្យធ្វើការបញ្ចុះអត្រាការប្រាក់ និងការពន្យាការបង់ប្រាក់របស់អតិថិជន ប៉ុន្តែការសុំអាជ្ញាប័ណ្ណនៃការសាងសង់ ការកាត់ប្លង់ជូនអតិថិជន និងការមិនបង់ពន្ធលើអចលនទ្រព្យក៏ជាកត្តាសំខាន់ដែរ។
លោកបានលើកជាសំណួរថា តើក្រសួងជួយសម្រួលបែបណា ដល់ការងារខាងលើនេះ ព្រោះប្រសិនជាមិនមានការជួយសម្រួលពីរដ្ឋាភិបាលលើការងារខាងលើនេះ ការវិនិយោគលំនៅឋានសាធារណៈ ដែលមានតម្លៃទាបក៏ពិបាកចំណេញដែរ ដោយសារតម្លៃដី និងតម្លៃសំណង់ក៏ខ្ពស់ដែរនាពេលបច្ចុប្បន្ននេះ។
លោកបន្តថា ៖ «រដ្ឋាភិបាលគួរមានការលើកទឹកចិត្តលើបញ្ហាទាំងអស់នេះបើរដ្ឋាភិបាលលើកទឹកចិត្ត វិស័យឯកជន ឬអ្នកវិនិយោគមួយចំនួនអាចពិចារណាច្រើនលើការអភិវឌ្ឍលំនៅឋានសាធារណៈ»។
លោកបន្តថា ៖ «លំនៅឋានសាធារណៈគួរមានតម្លៃ២៥០០០ ទៅ៣០០០០ដុល្លារ ព្រោះតម្លៃនេះមិនធ្វើឲ្យអ្នកវិនិយោគមានប្រាក់ចំណេញច្រើននោះទេ ប៉ុន្តែគម្រោងនេះគួរធ្វើយ៉ាងណាឲ្យអ្នកក្រីក្រពិតប្រាកដ បានទទួលផលប្រយោជន៍ពិតប្រាកដ មិនមែនសាងសង់សម្រាប់អ្នកមានចំណូលទាបតែអ្នកទទួលបានផលប្រយោជន៍ជាអ្នកមានប្រាក់នោះទេ»។
តាមរយៈបទបង្ហាញរបស់មន្ត្រីក្រសួងដែនដី ដែលបានចែងក្នុងសេចក្តីព្រាងគោលនយោបាយលំនៅឋានសាធារណៈ ក៏បានកំណត់ពីអត្តសញ្ញាណអ្នកអាចទិញលំនៅឋានសាធារណៈ ត្រូវមានលក្ខខណ្ឌយ៉ាងដូចម្តេច និងកំណត់រយៈពេលស្នាក់នៅជាក់លាក់ ក្រោយពេលគម្រោងសាងសង់ចប់ផងដែរ។
លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអ៊ិលស៊ី បានថ្លែងថា គំនិតផ្តួចផ្តើមឲ្យមានការផ្តល់ឥណទានរយៈពេលវែង និងអត្រាការប្រាក់ទាបជាការត្រឹមត្រូវ ប៉ុន្តែឥណទានរយៈពេលវែង អត្រាការប្រាក់កាន់តែច្រើន ហើយបន្ទុកសងត្រឡប់កាន់តែមានរយៈ ពេលវែងផងដែរ។
លោកបន្តថា រយៈពេលនៃការផ្តល់ឥណទានមិនអាចកំណត់ឲ្យធនាគារនីមួយៗធ្វើដូចគ្នានោះទេ វាអាស្រ័យលើប្រភពទុនដែលធនាគារ និងមីក្រូហិរញ្ញវត្ថុនីមួយៗទទួលបានមក។ រហូតមកទល់ពេលនេះមានធនាគារខ្លះបានផ្តល់ឥណទានរយៈពេលរហូតដល់៣០ឆ្នាំហើយនាពេលនេះ ប៉ុន្តែអេស៊ីលីដាផ្តល់ឥណទានរយៈពេលត្រឹម១០ឆ្នាំប៉ុណ្ណោះ។
លោកបន្តថា ៖ «អត្រាការប្រាក់មិនទាន់អាចបញ្ចុះបានទេ ព្រោះយើងខ្ចីពីគេមានអត្រាការប្រាក់ខ្ពស់ដែរ ដោយសារប្រទេសយើងមានហានិភ័យខ្ពស់ ប៉ុន្តែបើប្រទេសយើងរួចផុតពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក៏ការប្រាក់នឹងមានអត្រាទាបជាងសព្វថ្ងៃដែរ»៕


