ក្រុងអាដែនៈ ក្រុមមន្ត្រីយោធា បាននិយាយថា ការប៉ះទង្គិចគ្នាថ្មីៗជាច្រើនរវាងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាម បានសម្លាប់មនុស្សជាង ៤០ នាក់ មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ ៤៨ ម៉ោងដ៏ផុយស្រួយបានអស់សុពលភាព ដោយគ្មានផ្អាកអំពើហិង្សា។
ក្រុមមន្ត្រី បាននិយាយថា កម្លាំងដែលស្មោះត្រង់ប្រធានាធិបតីលោក Abedrabbo Mansour Hadi ត្រូវបានវាយរុញច្រាន ដោយកម្លាំងឧទ្ទាមហ៊ូធីនិងសម្ព័ន្ធមិត្តរបស់ពួកគេនៅជាយក្រុង Taez ភាគខាងលិច។
ការវាយប្រហារ ដែលបានចាប់ផ្តើមកាលពីរាត្រីថ្ងៃចន្ទ បានយកតំបន់ Al-Dhabab ជាគោលដៅដែលបានផ្តល់ឲ្យកម្លាំងគាំទ្រ ហ៊ូធីនូវលទ្ធភាពទៅកាន់ក្រុងផ្ទុះអំពើហិង្សា ដែលមានប្រជាជន ៣០ ម៉ឺននាក់ ដែលត្រូវឡោមព័ទ្ធដោយក្រុមអ្នកបះបោរ។
ក្រុមមន្ត្រីបាននិយាយថា យន្តហោះចម្បាំងជាច្រើនមកពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានចូលរួមក្នុងកិច្ចប្រតិបត្តិការ ដើម្បីទប់ទល់ការវាយ ប្រហារនោះ។
ក្រុមមន្ត្រីយោធា ក៏បានរាយការណ៍អំពីការបាញ់កាំភ្លើងធុនធ្ងន់នៅជាយក្រុង Taez ខណៈកម្លាំងគាំទ្រលោក Hadi បានបង្កើនយុទ្ធនាការ ដើម្បីគ្រប់គ្រងវិមានប្រធានាធិបតី អធិការដ្ឋានប៉ូលិស និងមូលដ្ឋានទ័ពអាកាសមកពីក្រុមឧទ្ទាមហ៊ូធី។
ក្រុមមន្ត្រីយោធានោះ បាននិយាយថា យុទ្ធជនឧទ្ទាមប្រមាណ ១១ នាក់ និងទាហានគាំទ្ររដ្ឋាភិបាល ៥ នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅជុំវិញក្រុងនោះភាគនិរតី៕


