ភ្នំពេញៈ រោងចក្រថ្មីជាង១០០ត្រូវបានចុះបញ្ជីក្នុងអំឡុងរយៈពេល៩ខែដំបូងឆ្នាំនេះ ដោយបង្កើតការងារបានជាង៥០០០០កន្លែង។ នេះបើតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា មានរោងចក្រថ្មី១១៦ត្រូវបានបើកចាប់ពីខែមករា ដល់ខែកញ្ញា ដែលបានផ្តល់ការងារចំនួន ៥១៥៤៨កន្លែង។
លោកបានឲ្យដឹងទៀតថា៖ «យោងតាមតួលេខរបស់យើង កំណើនរោងចក្រគឺ១១ភាគរយច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ»។ លោកបន្តថា រោងចក្រចុះបញ្ជីសរុបមានចំនួន ១៥៥៤។ លោកបន្តថា៖«រោងចក្រតូចៗមួយចំនួនត្រូវបានបិទ ពីព្រោះពួកគេគ្រាន់តែប្រតិបត្តិការជាអ្នកម៉ៅការបន្តប៉ុណ្ណោះ ប៉ុន្តែរោងចក្រធំៗកំពុងប្រតិបត្តិការជាធម្មតា»។
លោកបានព្យាករពីទិន្នន័យកំណើនរោងចក្រដ៏ខ្លាំងសម្រាប់ពេលសេសសល់នៅឆ្នាំនេះ ដោយកត់សម្គាល់ឃើញថា ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា រំពឹងថានឹងបើករោងចក្រថ្មីតម្លៃ១០០លានដុល្លារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅខែធ្នូនេះ។ បន្ថែមពីនេះទៀត អ្នកផលិតជាច្រើនរំពឹងថានឹងបើករោងចក្រកាន់តែច្រើនដើម្បីទទួលបានអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះ GSP ដែលផ្តល់ដោយអាមេរិកក្នងការនាំចេញផលិតផលធ្វើដំណើរទៅទីផ្សារអាមេរិកដោយរួចពន្ធ។
ទិន្នន័យរបស់ក្រសួង បានបង្ហាញឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម SME ថ្មីចំនួន២៦០ក៏ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល៩ខែនេះដែរ ដោយបានបង្កើតការងារបាន ២ ៣៤៤នាក់។
ការចុះបញ្ជី SME ថ្មីនេះធ្វើឲ្យចំនួន SME ចុះបញ្ជីសរុបកើនដល់៣៩ ០៩១ ដែលផ្តល់ការងារជិត២០ម៉ឺននាក់៕ LA


