ព្រះវិហារៈ បើតាមអ្នកស្រុកក្នុងតំបន់បានឲ្យដឹងថាគម្រោងថ្មីមួយដើម្បីនាំយកអគ្គិសនីពីប្រទេសឡាវមកប្រទេសកម្ពុជាបាននិងកំពុងគំរាមកំហែង និងបំផ្លិចបំផ្លាញដល់ដីព្រៃការពារប្រហែលប្រាំហិកតានៅក្នុងខេត្តព្រះវិហារហើយវាត្រូវបានអនុវត្តដោយគ្មានការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន។
បើយោងតាមឯកសារដែលទទួលបានកាលពីម្សិលមិញបានបង្ហាញថាសាជីវកម្ម China National Heavy Machinery Cooperation ត្រូវបានគេផ្តល់លិខិតអនុញ្ញាតដើម្បីអភិវឌ្ឍថាមពលអគ្គិសនីដែលមានកម្លាំងចំនួន ១១៥ គីឡូវ៉ាត់ដែលនឹងតភ្ជាប់ខេត្តកំពង់ធំជាមួយនឹងថាមពលអគ្គិសនីរបស់ឡាវដោយឆ្លងកាត់តាមខេត្តព្រះវិហារ។
ប្រភពដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា៖ «ខ្សែភ្លើងនឹងត្រូវឆ្លងកាត់ព្រំដែនជិតតំបន់ដនសាហុង។ វាជាប្រធានបទដែលគេចង់សំដៅទៅលើទំនប់វារីអគ្គិសនីនៅឯប្រទេសឡាវដែលគេបានដាក់សំណើដើម្បីសាងសង់នាពេលកន្លងមកដែលអ្នកបរិស្ថានវិទ្យាបាននិយាយថាការសាងសង់ទំនប់វារីអគ្គិសនីនោះវានឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មនេសាទនៅតំបន់មេគង្គធ្ងន់ធ្ងរបំផុត។
លោកថ្លែងថាសំណើដើម្បីសាងសង់ទំនប់វារីអគ្គិសនីគឺកាត់ត្រង់តំបន់ព្រៃការពារបស់សហគមន៍ដែលសកម្មជនក្នុងមូលដ្ឋានបានឲ្យដឹងថាសហគមន៍មូលដ្ឋាននៅក្នុងខេត្តព្រះវិហារបានដឹងអំពីគម្រោងដែលគេបានស្នើឡើងនោះអស់រយៈពេលជាងមួយឆ្នាំមកហើយប៉ុន្តែមិនមានអ្នកណាប្រាប់ពួកគាត់ថាគម្រោងនោះវានឹងបំផ្លិចបំផ្លាញដល់តំបន់ព្រៃការពារនោះទេ។
លោក គង់ ផន សមាជិកព្រៃសហគមន៍ឈើកំពង់ស្រណោះបាននិយាយថាទោះជាយ៉ាងណារយៈពេលជាង ១០ ថ្ងៃកន្លងទៅពួកអ្នកស្រុកបានឃើញមានកម្មករដែលមកពីក្រុមហ៊ុនចិនបានចាប់ផ្តើមកាប់ដើមឈើ និងជីកដី។
លោក ផន បានថ្លែងថា៖ «វាបំផ្លាញព្រៃឈើដែលយើងបានព្យាយាមការពារយ៉ាងលំបាក។ យើងមានការខកចិត្តណាស់ហើយពួកគេគួរតែប្រាប់យើងអំពីរឿងនេះជាមុន»។ លោក ផន បន្ថែមថាប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេះពឹងផ្អែកលើព្រៃឈើសម្រាប់ជីវភាពរបស់ខ្លួន។ សហគមន៍ព្រៃឈើនេះបានប្តឹងទៅអាជ្ញាធរមូលដ្ឋាន និងបានស្នើឲ្យក្រុមហ៊ុនបញ្ឈប់ការងាររបស់ខ្លួន។
ក្រុមអ្នកស្រាវជ្រាវ និងមជ្ឈដ្ឋានដទៃៗទៀតបានថ្លែងថាក្រុមហ៊ុនចិនដែលពាក់ព័ន្ធនឹងគម្រោងនេះគឺជាសាខានៃសហគ្រាសកម្មសិទ្ធិដោយរដ្ឋរបស់ប្រទេសចិនឈ្មោះ Sinomach ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា និងមានទំនាក់ទំនងជាមួយឧស្សាហកម្មវារីអគ្គិសនី។
បើតាមលោក ស ម៉ូរី ស អនុប្រធានបណ្តាញយុវជនកម្ពុជាដែលធ្វើការជាញឹកញាប់លើបញ្ហាបរិស្ថានបានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាកំពុងចាត់ទុកសន្តិសុខថាមពលសំខាន់ជាងក្តីបារម្ភអំពីប្រព័ន្ធអេកូឡូស៊ី។
លោក ម៉ូរី បានថ្លែងតាមអ៊ីមែលថា៖ «គេសន្មតថារដ្ឋាភិបាលកម្ពុជាគឺត្រៀមខ្លួនរួចរាល់ក្នុងការនាំចូលអគ្គិសនីពីឡាវ ឬពីទំនប់វារីអគ្គិសនី [ដនសាហុង]»។ «នោះហើយជាមូលហេតុដែលរដ្ឋាភិបាលកម្ពុជាស្ទាក់ស្ទើរប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងប្រទេសឡាវ»។
វិស័យថាមពលរបស់កម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលអគ្គិសនី។
បើតាមស្ថិតិដែលចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជាកាលពីខែមករា ឆ្នាំ ២០១៦ នេះបានបង្ហាញថាក្នុងឆ្នាំ ២០១៥ កម្ពុជាបាននាំចូលអគ្គិសនីចំនួន ២៧៧ មេហ្គាវ៉ាត់ពីប្រទេសវៀតណាម និងចំនួន ១៣៥,៥ មេហ្គាវ៉ាត់ពីប្រទេសថៃ និងចំនួនតែ ៤ មេហ្គាវ៉ាត់ពីប្រទេសឡាវ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ អ្នកជំនាញក៏តែងតែធ្វើការរិះគន់ផងដែរចំពោះគម្រោងសង់ទំនប់វារីអគ្គិសនីជាច្រើននៅកម្ពុជា៕ PS/NS
Cristina Maza


