ក្រុងដាក្កាៈ ឯកសិទ្ធិពិសេសផ្នែកពាណិជ្ជកម្មរបស់ប្រទេសបង់ក្លាដែសនៅទីផ្សារសហរដ្ឋអាមេរិកត្រូវបានបដិសេធជាថ្មី ខណៈពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តពង្រឹងឯកសិទ្ធិពិសេសដែលស្ថិតក្រោមកម្មវិធីអនុគ្រោះពន្ធក្នុងសប្តាហ៍នេះ។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់ប្រទេសបង់ក្លាដែសត្រូវបានផ្អាក កាលពីខែមិថុនាឆ្នាំ ២០១៣ បន្ទាប់ពីការដួលរលំអគារ Rana Plaza កាលពីខែមេសាក្នុងឆ្នាំនោះដោយបានលើកឡើងពីសិទ្ធិពលករមិនល្អ និងលក្ខខណ្ឌការងារគ្មានសុវត្ថិភាពនៅតាមរោងចក្រនានា។
រដ្ឋបាលរបស់លោក អូបាម៉ា អតីតប្រធានាធិបតីអាមេរិកក៏បានផ្តល់លក្ខខណ្ឌចំនួន ១៦ ដែលត្រូវបំពេញដើម្បីទទួលបានសិទ្ធិពិសេសផ្នែកពាណិជ្ជកម្មនេះមកវិញ។
ប្រទេសបង់ក្លាដែសបានបំពេញលក្ខខណ្ឌទាំងនោះហើយបានបញ្ចូនរបាយការណ៍ចំនួន ២ ដងឲ្យអ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR)។
តែសហរដ្ឋអាមេរិកមិនបានផ្តល់សិទ្ធិពាណិជ្ជកម្មនេះឲ្យប្រទេសនេះវិញទេ ដោយបច្ចុប្បន្នបានលើកឡើងពីសិទ្ធិពលករមិនល្អ។
លើសពីនេះទៀតក្នុងការវាយតម្លៃក្នុងឆ្នាំនេះបង់ក្លាដែសមិនត្រូវបានលុបចេញពីបញ្ជីឈ្មោះនៃប្រទេសដែលត្រូវបានផ្អាកផ្តល់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធ GSP នោះទេ បើទោះជាមានការសម្រេចចិត្តយ៉ាងសកម្មមួយចំនួនដែលត្រូវបានធ្វើឡើងក្នុងកម្មវិធីពង្រឹងការអនុគ្រោះពាណិជ្ជកម្មនេះនៅឆ្នាំ ២០១៧ ក្តី។
ក្នុងការវាយតម្លៃឡើងវិញនេះប្រទេសអាហ្សង់ទីនត្រូវបានផ្តល់សិទ្ធិឡើងវិញសម្រាប់ GSP ដោយមានសុពលភាពពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៨ និងបានស្តារឡើងវិញនូវអត្ថប្រយោជន៍ពាណិជ្ជកម្មដល់ប្រទេសហ្គំប៊ី និង ស្វាស៊ីឡង់។
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មដែលបានស្នើសុំមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា៖ «យើងមិនរំពឹងពីការផ្តល់សិទ្ធិនៃប្រព័ន្ធអនុគ្រោះពន្ធ GSP មកវិញដើម្បីចូលទីផ្សារអាមេរិកទៀតទេដោយសាររដ្ឋាភិបាលអាមេរិកបាននិងកំពុងផ្តល់លក្ខខណ្ឌថ្មីឲ្យប្រទេសបង់ក្លាដែសបំពេញ»។
នៅឆ្នាំ ២០១២ ទំហំនាំចេញសរុបពីបង់ក្លាដែសទៅអាមេរិកក្រោម GSP មាន ៣៤,៧ លានដុល្លារដែលផលិតផលនាំចូលសំខាន់ៗពីបង់ក្លាដែសមាន ថ្នាំជក់ សម្ភារកីឡា ផលិតផលពរ្សឺឡែនចិន និងប្លាស្ទិកជាដើម៕ ANN/BP


