ក្រុងសេអ៊ូលៈ តម្លៃរូបិយប័ណ្ណឌីជីថល Bitcoin បានធ្លាក់ចុះជាង១១ភាគរយ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងហាមឃាត់ការជួញដូរអនាមិកនៃរូបិយប័ណ្ណឌីជីថល និងបង្ក្រាបសកម្មភាពលាងលុយដែលប្រើប្រាស់រូបិយប័ណ្ណទាំងនេះ។
សេចក្ដីប្រកាសនេះបានធ្វើឡើង ខណៈប្រទេស កូរ៉េខាងត្បូង បានក្លាយជាកន្លែងសម្រាប់ជួញដូររូបិយប័ណ្ណឌីជីថល ដែលមានចំនួនប្រហែល ២០ ភាគរយនៃការជួញដូររូបិយប័ណ្ណឌីជីថល bitcoin ពិភពលោក ឬប្រហែល ១០ ដងនៃចំណែកសេដ្ឋកិច្ចពិភពលោករបស់ប្រទេសនេះ។
ច្បាប់ថ្មី ដែលបានប្រកាសដោយទីក្រុងសេអ៊ូលដាក់បញ្ចូលការហាមឃាត់លើការបើកគណនីរូបិយប័ណ្ណឌីជីថលអនាមិក និង បទប្បញ្ញត្តិថ្មីក្នុងការអនុញ្ញាតឲ្យនិយតករបិទការជួញដូររូបិយប័ណ្ណឌីជីថលប្រសិនបើចាំបាច់។
រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «មន្ដ្រីជាច្រើនចែករំលែកការយល់ឃើញថា ការជួញដូររូបិយប័ណ្ណឌីជីថលកំពុងកើនឡើងខ្លាំងដោយមិនច្បាស់លាស់ ហើយយើងមិនអាចមើលរំលងស្ថានការណ៍ប្រថុយប្រថានមិនធម្មតានេះបានទេ»។
គណនីអនាមិកទាំងអស់ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន នឹងត្រូវបានបិទនៅខែក្រោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននេះ។
កញ្ចប់គោលនយោបាយនេះដាក់បញ្ចូលការបង្កើនល្បឿននៃការបង្ក្រាបសកម្មភាពលាងលុយ និងការលួចបន្លំហិរញ្ញវត្ថុ ដែលរួមមានការបោកបញ្ឆោតតម្លៃ ដោយប្រើប្រាស់ការជួញដូររូបិយប័ណ្ណឌីជីថល។
សេចក្ដីប្រកាសព័ត៌មាននេះឲ្យដឹងថា៖ «យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះឧក្រិដ្ឋកម្មបែបនេះដោយកាត់ទោសអតិបរមាលើជនល្មើស»។
សេចក្ដីប្រកាសនេះប្ដេជ្ញាថា នឹង «ធ្វើឲ្យគោលនយោបាយទាំងអស់បើកចំហ ដែលរួមទាំងការបិទការជួញដូររូបិយប័ណ្ណឌីជីថល នៅពេលយល់ឃើញថា ចាំបាច់»។
សេចក្ដីប្រកាសនេះបានធ្វើឡើងពីរសប្ដាហ៍បន្ទាប់ពីទីក្រុងសេអ៊ូលបានហាមឃាត់ក្រុមហ៊ុនហិរញ្ញវត្ថុពីការជួញដូររូបិយប័ណ្ណឌីជីថល ជាពិសេសរូបិយប័ណ្ណឌីជីថល bitcoin ដោយសារតែតម្លៃរបស់រូបិយប័ណ្ណទាំងនេះបានកើនឡើង ដែលបណ្ដាលឲ្យមានការបារម្ភពីការកើនឡើងខ្លាំងដែលបានជំរុញដោយឈ្មួញលក់រាយ៕ LA


