ក្រុងវីយែនៈ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងរបស់អូស្រ្តាលីគឺក្រុមហ៊ុន Red Bull បានឲ្យដឹងថាក្រុមហ៊ុនរបស់ខ្លួនបានកត់ត្រាប្រាក់ចំណេញខ្ពស់បំផុតចំនួន ៥០១ លានអឺរ៉ូ (៥៥៩ លានដុល្លារ) កាលពីឆ្នាំ ២០១៥ ដែលមានកំណើន ៣៥ ភាគរយ។ នេះបើយោងតាមទស្សនាវដ្តីសេដ្ឋកិច្ច Trend។
យោងតាមទស្សនាវដ្តី Trend បានឲ្យដឹងថាក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជីក្នុងផ្សារហ៊ុន និងមិនទាន់ប្រកាសដោយផ្ទាល់ពីតួលេខរបស់ខ្លួននេះបានឃើញថាការលក់ភេសជ្ជៈកើនឡើង ៦,១ ភាគរយដល់ ៥,៩៦ ពាន់លានកេស ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះបានកើនឡើង ២០ ភាគរយដល់ ៣,២ ពាន់លានអឺរ៉ូហើយប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៩០ ភាគរយដល់ ៦៣៣,៣ លានផោន។
ទស្សនាវដ្តីមួយនេះបានរាយការណ៍ថាប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Red Bull បានកើនឡើងដោយសារកម្មវិធីកាត់បន្ថយថ្លៃដើម និងប្រាក់អឺរ៉ូដែលមានតម្លៃថោក។
ដោយបានចែកចាយនៅក្នុងប្រទេសចំនួន ១៦៩ ការលក់ភេសជ្ជៈប៉ូវកម្លាំងនេះបានកើនឡើងនៅតាមទីផ្សារមួយចំនួនរួមមានប្រទេសតួកគី (កើនឡើង ២៥ ភាគរយ) អាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត (កើនឡើង ១៩ ភាគរយ) ប្រទេសឥណ្ឌា (កើនឡើង ១៨ ភាគរយ) ប៉ូឡូញ (កើនឡើង ១៨ ភាគរយ) និងអាល្លឺម៉ង់ (កើនឡើង ១៦ ភាគរយ)។
ភាគហ៊ុនចំនួន ៤៩ ភាគរយរបស់ក្រុមហ៊ុននេះជាកម្មសិទ្ធិរបស់លោក Dietrich Mateschitz សហគ្រិនជនជាតិអូស្រ្តាលីដែលបានបង្កើតក្រុមហ៊ុននេះឡើងនៅឆ្នាំ ១៩៨៧ ដោយភាគហ៊ុនចំនួន ៥១ ភាគរយដែលនៅសេសសល់ត្រូវបានកាន់កាប់ដោយគ្រួសារ Yoovidhya ដែលជាម្ចាស់ប៉ាតង់របស់ភេសជ្ជៈនេះ។
Red Bull គឺជាម្ចាស់ឧបត្ថម្ភដល់វិស័យកីឡាបាល់ទាត់កីឡាប្រណាំងរថយន្ត និងកីឡាផ្សងព្រេងដ៏ធំមួយ៕ BP


