ក្រុងហាណូយៈ ប្រទេសវៀតណាមនឹងមិនដាក់បញ្ចូលការធ្វើសច្ចាប័នកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំសភាលើកក្រោយរបស់ខ្លួនទេ។ នេះបើយោងតាមមន្ត្រីមួយរូបកាលពីថ្ងៃសុក្រដោយមន្ត្រីដដែលនេះបានលើកឡើងពីភាពមិនប្រាកដប្រជាចំពោះអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលចុះហត្ថលេខារបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មួយនេះ។
ក្នុងនាមជាអ្នកទទួលផលច្រើនបំផុតនៃកិច្ចព្រមព្រៀងដែលគ្របដណ្តប់ ៤០ ភាគរយនៃទំហំសេដ្ឋកិច្ចសកលប្រទេសវៀតណាមត្រូវបានរំពឹងថានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង TPP នេះពោលគឺជាចក្ខុវិស័យដែលបានជួយជំរុញការវិនិយោគបរទេសដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុនក្នុងវិស័យផលិតកម្មដែលកំពុងរីកចម្រើនខ្លាំងរបស់ប្រទេសនេះ។
ប្រភពនៅសភាវៀតណាមដែលបានដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «កិច្ចព្រមព្រៀង TPP នឹងមិនស្ថិតនៅក្នុងរបៀបវារៈរបស់សភាវៀតណាមទេដោយសារគម្រោងរបស់រដ្ឋាភិបាលនៅមិនទាន់បានបញ្ចប់»។ តែលោកពុំបានផ្តល់ព័ត៌មានលម្អិតទេ។
ការផ្តល់សច្ចាប័នរបស់ប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាទម្រង់ផ្លូវការមួយដោយត្រូវបានអនុម័តរួចទៅហើយកាលពីខែមករាដោយមន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តកំពុងកាន់អំណាច។
សភាជាតិមានសមាជិកគណបក្សចំនួន ៩៦ ភាគរយហើយការប្រឆាំងនៅក្នុងស្រុកចំពោះកិច្ចព្រមព្រៀង TPP គឺមិនមានទេ។ កិច្ចប្រជុំបន្ទាប់របស់សភាវៀតណាមនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ។
ការពន្យារពេលនេះមានន័យថាយ៉ាងឆាប់បំផុតការផ្តល់សច្ចាប័នដោយប្រទេសវៀតណាមនឹងត្រូវចំណាយពេលប៉ុន្មានខែបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ។
គោលនយោបាយពាណិជ្ជកម្មរបស់លោក អូបាម៉ា បានស្ថិតនៅក្រោមការយកចិត្តទុកដាក់ក្នុងស្រុកយ៉ាងខ្លាំងក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនៅអាមេរិកដោយលោកស្រី Hillary Clinton បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យបានបង្ហាញពីការងឿងឆ្ងល់អំពីកិច្ចព្រមព្រៀង TPP ហើយលោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ។ ការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងនេះដោយសមាជិកសភាអាមេរិកគឺមិនមានភាពច្បាស់លាស់ទេ។
ការចរចាត្រូវបានបញ្ចប់កាលពីឆ្នាំមុនសម្រាប់កិច្ចព្រមព្រៀង TPP ដែលគេស្គាល់ថាជា «កិច្ចព្រមព្រៀងប្រចាំតំបន់ដ៏ធំមួយ» ដើម្បីបង្កើតជាតំបន់ពាណិជ្ជកម្មរបស់ប្រទេសចំនួន ១២ ដែលមានកំណើន ផ.ស.ស សរុប ទំហំ ២៧ ពាន់ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងនេះមានបំណងលើកកម្ពស់ស្តង់ដារ និងប្រកួតប្រជែងនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន។ តែការជជែកដេញដោលនៅសហរដ្ឋអាមេរិកបានជំរុញឲ្យមានភាពតានតឹងក្នុងចំណោមប្រទេសជាសមាជិកមួយចំនួននៃកិច្ចព្រមព្រៀង TPP នេះដែលរួមមានប្រទេសជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ ប៉េរូ ស៊ីលី អូស្រ្តាលី នូវែលសេឡង់ កាណាដា និងប្រទេសម៉ិកស៊ិក។
លោក អូបាម៉ា បានបង្ហាញពីទំនុកចិត្តនៃការទទួលបានការអនុម័តពីសភាចំពោះកិច្ចព្រមព្រៀង TPP នេះមុនពេលលោកចាកចេញពីតំណែងដោយបានរំឭកថាការមិនអាចទទួលបានការអនុម័តពីសភាចំពោះកិច្ចព្រមព្រៀងនេះនឹងប៉ះពាល់ដល់ភាពជាអ្នកដឹកនាំរបស់អាមេរិកនៅក្នុងតំបន់ហើយផ្តល់លទ្ធភាពឲ្យប្រទេសចិនបង្កើតច្បាប់ពាណិជ្ជកម្មប្រចាំតំបន់៕ BP


