ក្រុងមែលប៊នៈ ក្រុមហ៊ុន Australia & New Zealand Banking Group បានចាប់ផ្តើមឡើងវិញនូវការពិភាក្សា អំពីការលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៣៩ភាគរយនៅក្នុងក្រុម ហ៊ុន PT Bank Pan Indonesia (Bank Panin) បន្ទាប់ពីការពិភាក្សាបានជាប់គាំងអស់រយៈពេលជាង ១ឆ្នាំ។ នេះបើយោងតាមប្រភពដែលបានដឹងពីបញ្ហានេះ។
ការលក់នេះ អាចនឹងទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុន Mizuho Financial Group Inc របស់ជប៉ុន ដែលបានចូលរួមពិភាក្សានាពេលកន្លងមកដើម្បីទិញយកភាគហ៊ុននេះ ក៏ដូចជាក្រុមហ៊ុនចូលរួមដេញថ្លៃផ្សេងទៀតផងដែរ។ នេះបើយោងតាមប្រភពមួយក្នុងចំណោមប្រភពខាងលើ។
ប្រភពដដែល ដែលបានស្នើសុំមិនផ្តល់អត្តសញ្ញាណដោយសារព័ត៌មាននេះ គឺជារឿងឯកជន បានបន្តឲ្យដឹងថា គ្រួសារត្រកូល Gunawan ដែលគ្រប់គ្រងធនាគារ Bank Panin មានមូលដ្ឋាននៅទីក្រុងហ្សាការតា បច្ចុប្បន្នអាចបើកចិត្តកាន់តែទូលាយដើម្បីទទួលយកវិនិយោគិនទិញយកភាគហ៊ុននេះ។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញថា ភាគហ៊ុនក្រុមហ៊ុន Bank Panin បានកើនឡើង ៥៣ភាគរយកាលពីឆ្នាំមុន ដែលធ្វើឲ្យភាគហ៊ុនកាន់កាប់ដោយក្រុមហ៊ុន ANZ មានតម្លៃចំនួនប្រមាណ ៩២៤ លានដុល្លារ។
ធនាគារ Australia & New Zealand Banking ដែលមានមូលដ្ឋាននៅទីក្រុង Melbourne កំពុងព្យាយាមលក់ភាគហ៊ុននេះ បន្ទាប់ពីនិយតករអូស្រ្តាលី បានអនុវត្តច្បាប់ កាលពីឆ្នាំ ២០១៣ តម្រូវឲ្យធនាគារពាណិជ្ជដកខ្លួនចេញពីគម្រោងវិនិយោគភាគហ៊ុនភាគតិចនៅបរទេសទាំងអស់ពីមូលធនកម្រិតទីមួយ (Tier 1 capital) របស់ខ្លួន៕ BP


