ហ្សាការតាៈ ប្រតិបត្តិការហាង Pizza Hut អាមេរិកនៅឥណ្ឌូនេស៊ីអះអាងពីសុវត្ថិភាពអាហាររបស់ខ្លួនបន្ទាប់ពីភោជនីយដ្ឋាននៅឥណ្ឌូនេស៊ីត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងផ្សំហួសកាលបរិច្ឆេទរហូតដល់ ៦ ខែ។
ការចោទប្រកាន់ទៅលើភោជនីយដ្ឋាន Pizza Hut និងភោជនីយដ្ឋាន Pizza Hut Delivery នៅក្នុងប្រទេសនេះធ្វើឡើងតាមរយៈក្រុមហ៊ុនក្នុងស្រុក Sarimelati Kencana ត្រូវបានធ្វើឡើងនៅក្នុងការស៊ើបអង្កេតរួមគ្នាដោយទស្សនាវដ្ដី និងប្រព័ន្ធផ្សាយព័ត៌មានឥណ្ឌូនេស៊ីរបស់សាជីវកម្មផ្សាយព័ត៌មានរបស់ប្រទេសអង់គ្លេស (BBC)។
ភោជនីយដ្ឋានដែលមានហាងជាង ៣០០ នៅក្នុងប្រជុំកោះនេះត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងផ្សំដែលរួមមាននំប៉ោង សាច់ក្រក បន្លែ និងទឹកជ្រលក់ carbonara នៅពេលដែលខ្លួនបានដឹងថាគ្រឿងផ្សំទាំងនេះផុតការកំណត់កាលបរិច្ឆេទហើយ។
ការស៊ើបអង្កេតនេះក៏បានចោទប្រកាន់ភោជនីយដ្ឋានមីជប៉ុន Marugame Udon ផងដែរពីបទគ្រឿងផ្សំផុតកាលបរិច្ឆេទប្រើប្រាស់នៅក្នុងហាងមួយចំនួនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ទាំង Pizza Hut និង Marugame Udon បានបដិសេធការចោទប្រកាន់នេះ។
Pizza Hut ឲ្យដឹងកាលពីថ្ងៃអង្គារថាភោជនីយដ្ឋានរបស់ខ្លួនមួយចំនួននៅលើកោះជ្វាដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ហើយអាជ្ញាធរខាងសុខភាពបានរកឃើញថាពួកគេបានឆ្លើយតបតាមស្ដង់ដារអនាម័យ។
លោក Stephen J. McCarthy នាយកក្រុមហ៊ុន Sarimelati Kencana ក៏បានការពារ Pizza Hut ផងដែរ។ លោកបានឲ្យដឹងកាលពីចុងសប្ដាហ៍នេះថា៖ «Pizza Hut ជាភោជនីយដា្ឋនស្អាតបំផុតលើពិភពលោក បើនរណាម្នាក់ចង់មើលផ្ទះបាយរបស់យើងទូរស័ព្ទមកខ្ញុំ ខ្ញុំនឹងទៅទទួលអ្នកដោយផ្ទាល់»។
លោកបន្តថា៖ «យើងមានកេរ្ដិ៍ឈ្មោះខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ីយើងរំពឹងថានឹងមិនផ្លាស់ប្តូរ និងមានតែទទួលបានកាន់តែប្រសើរឡើង»។
ក្រុមហ៊ុន Pizza Hut បាននិងកំពុងប្រតិបត្តិការអស់រយៈពេល ៣២ ឆ្នាំហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានផ្ដល់ការងារដល់កម្មករជាង ១៣ ០០០ នាក់។ LA


