ក្រុងវៀងចន្ទន៍ៈ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានលុបចោលជំនួបមួយជាមួយមេដឹកនាំហ្វ៊ីលីពីន សម្តីអាក្រក់លោក Rodrigo Duterte ពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានប្រមាថ រូបលោកថាជា «កូនមីសំផឹង» ដែល ដេកននៀលភក់ដូចជ្រូក។
មេដឹកនាំទាំងពីរ គ្រោងនឹងជួបគ្នាក្នុងរដ្ឋធានីវៀងចន្ទន៍របស់ឡាវនៅឯជំនួបនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលមានបំណងលើកស្ទួយភាពសុខដុមរមនា ប៉ុន្តែជារឿយៗ គូសបញ្ជាក់ពីជម្លោះនៅក្នុងតំបន់។
ជំនួបឆ្នាំនេះ បានចាប់ផ្តើមជាមួយការធ្លាក់ចុះជាពិសេសរវាងអាមេរិក និងហ្វ៊ីលីពីន ជាសម្ព័ន្ធមិត្តយូរអង្វែង ដែលគេឃើញទំនាក់ទំនង បានធ្លាក់ចុះ ក្រោម ការប្រមាថជាច្រើនពីលោក Duterte ចាប់តាំងពីលោកចូលកាន់អំណាច នៅថ្ងៃទី ៣០ មិថុនា។
ក្រុមទីប្រឹក្សាលោកអូបាម៉ាបាន ប្រកាសថា ជំនួបដែលបានគ្រោងជាមួយលោក Duterte ពីរសៀលថ្ងៃអង្គារ ត្រូវបានលុបចោល ក្រោយពីមានសម្តីច្រាសឆ្អេះរបស់មេដឹកនាំហ្វីលីពីន ១ ថ្ងៃមុន។

ភ្លាមៗមុនពេលឡើងយន្តហោះមកក្រុងវៀងចន្ទន៍ លោក Duterte បានព្រមានថា លោកនឹងមិនឲ្យលោកអូបាម៉ាស្តីប្រដៅ ជុំវិញ សង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មនៅហ្វីលីពីន ដែលបានឆក់យកជីវិតមនុស្សជាង ២៤០០ នាក់ ក្នុងពេលជាង ២ ខែទេ។
នៅពេលត្រូវបានសួរពី សាររបស់លោកសម្រាប់លោកអូបាម៉ា លោក Duterte បានប្រាប់ក្រុមអ្នកកាសែតថា៖ «គេត្រូវតែគោរពអ្នក។ មិនត្រូវគ្រាន់តែដាក់សំណួរ និងសេចក្តីថ្លែងការណ៍។ កូនមីសំផឹង ខ្ញុំនឹងជេរអ្នកនៅក្នុងវេទិកានោះ»។
លោក Duterte ដែលទទួលកិត្តិសព្ទពិភពលោកមួយ សម្រាប់ភាសាដូចទឹកអាស៊ីតរបស់លោក បន្ទាប់មក បានប្រើភាសាមាន ពណ៌ដើម្បីពណ៌នាពីជំនួបដែលបានគ្រោង បើសិនបញ្ហាត្រឹមត្រូវ បានកើតមានឡើង។លោកបានថ្លែងថា៖ «យើងនឹងននៀលក្នុងភក់ដូចសត្វជ្រូកបើសិនជាអ្នកធ្វើដូចេ្នះចំពោះខ្ញុំ»។
ពីមុន លោក Duterte ក៏ធ្លាប់ បានប្រមាថឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ ក្រុងម៉ានីលថា «កូនមីសំផឹង ស្រឡាញ់ភេទដូចគ្នា» ដែរ និងបានព្យាយាមលាបពណ៌ កិត្តិសព្ទនៃម្តាយរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស ក្នុងរបៀបដូចគ្នានោះដែរ។
ប៉ុន្តែប្រឈមមុខនឹងប្រតិកម្មតបរបស់លោកអូបាម៉ា ពីថ្ងៃអង្គារ លោក Duterte បានផ្តល់ការសោកស្តាយដ៏កម្រមួយ ថ្វីបើវាជ្រុលទៅហើយក្តី។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា៖ «ដោយសារសម្តីខ្លាំងៗរបស់ខ្ញុំ ជាការបង្កហេតុភ្លាមៗ ចំពោះសំណួរអ្នក កាសែតដែលបានបង្កជាក្តីកង្វល់និងទុក្ខព្រួយ យើងក៏សោកស្តាយដែរ ដែលវាបានក្លាយជាការវាយប្រហារផ្ទាល់ខ្លួន លើប្រធានាធិបតីអាមេរិក»៕


