ចិនៈ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ឬ G20 នឹងបង្កើតវេទិកាពិភពលោកមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការផលិតលើសតម្រូវការផ្នែកឧស្សាហកម្មពិភពលោក។ នេះបើយោងតាមមន្ដ្រីការទូតសហភាពអឺរ៉ុបបានថ្លែងកាលពីថ្ងៃចន្ទក្នុងកិច្ចប្រជុំកំពូលនៅប្រទេសចិន។
មន្ដ្រីរូបនោះបានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យដឹងថាការប្រកាសចុងក្រោយបានឲ្យដឹងថា៖ «វិធានការជាច្រើនដូចជាការឧបត្ថម្ភធនគឺជាឫសគល់នៃមូលហេតុការប្រែប្រួលទីផ្សារ» ហើយវេទិកានេះនឹងបង្កើតឡើង «ដើម្បីត្រួតពិនិត្យដំណើរការ» នៃការកាត់បន្ថយការផលិតលើស។
ឧស្សាហកម្មដែកថែបពិភពលោកត្រូវបានគំរាមកំហែងដោយការផលិតលើសដ៏ច្រើនជាមួយនឹងតម្រូវការរបស់ប្រទេសចិនកំពុងធ្លាក់ចុះដោយសារតែកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ។
G20 ផលិតដែកថែបពាក់កណ្ដាលរបស់ពិភពលោកហើយត្រូវបានចោទប្រកាន់ពីបទបង្ខូចតម្លៃលើទីផ្សារពិភពលោកដោយអាមេរិក និងសហភាពអឺរ៉ុបហើយភាគីទាំងពីរបានដាក់ពន្ធប្រឆាំងនឹងការបង្ខូចថ្លៃលើផលិតផលផ្សេងទៀតទៅវិញទៅមកនៅក្នុងវិស័យផ្សេងៗ។
ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសចិនកំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរដោយសារតែតម្លៃដែកថែបទាបផងដែរហើយទីក្រុងប៉េកាំងបានសន្យាដដែលៗថានឹងកាត់បន្ថយការផលិតលើសនៅក្នុងប្រទេសនេះ។
នៅមុនកិច្ចប្រជុំកំពូលនេះលោក Jack Lew រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា នឹងដាក់សម្ពាធលើទីក្រុងប៉េកាំងឲ្យកម្រិតការផលិតដែកថែបដែលលើសតម្រូវការនៅក្នុងកិច្ចប្រជុំនេះ។
លោកលើកឡើងនៅទីក្រុងវ៉ាស៊ីនតោនថា៖ «ការផលិតលើសតម្រូវការធ្វើឲ្យប្រែប្រួលទីផ្សារ និងបរិយាកាសដែលបង្កគ្រោះថ្នាក់ដល់កម្មកររបស់យើង និងដំណើរការផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីសម្រេចបានកំណើនរឹងមាំប្រកបដោយស្ថិរភាព និងតុល្យភាព»។
មន្ដ្រីការទូតរូបនោះបន្តថាប្រទេសចិននឹងមិនត្រូវដាក់ឈ្មោះក្នុងឯកសារចុងក្រោយដែលនឹងត្រូវចេញផ្សាយបន្ទាប់ពីជំនួបនៅទីក្រុង Hangzhou។
ទីក្រុងប៉េកាំងបានប្ដេជ្ញាថានឹងកាត់បន្ថយការផលិតពីចំនួន ១០០ ដល់ ១៥០ លានតោនក្នុងចំណោមចំនួនសរុប ១,២ ពាន់លានតោនត្រឹមឆ្នាំ ២០២០៕ LA


