ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។
របាយការណ៍បូកសរុបលទ្ធផលការងារអេកូទេសចរណ៍ឆមាសទីមួយឆ្នាំ ២០១៦ បានបង្ហាញថាការអភិវឌ្ឍកំពុងស្ថិតក្នុងដំណាក់កាលការពិភាក្សាបច្ចេកទេសផ្ទៃក្នុងដែលក្រសួងកំពុងធ្វើការងារជាមួយសាកលវិទ្យាល័យ Toulouse មានមូលដ្ឋាននៅប្រទេសបារាំង និងអង្គការរបស់ប្រទេសបារាំងហៅថា Acting for Life សម្រាប់គាំទ្រផ្នែកបច្ចេកទេស។
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានឲ្យដឹងកាលពីម្សិលមិញថាការអភិវឌ្ឍអេកូទេសចរណ៍នឹងជួយដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍នៅប្រទេសកម្ពុជាដោយសារតម្រូវការអេកូទេសចរណ៍កំពុងកើនឡើងជិត ២០ ភាគរយប្រចាំឆ្នាំ។
លោកបានថ្លែងថា៖ «អេកូទេសចរណ៍ជាឧបករណ៍ថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសហើយវាជានិន្នាការថ្មីមួយត្រូវផ្ដោតការយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍របស់យើង»។
លោកបន្តថា៖ «អេកូទេសចរណ៍នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនក្នុងស្រុកដោយផ្ទាល់ដើម្បីធ្វើឲ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែប្រសើរ និងដើរតួជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ»។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍សេចក្តីព្រាងច្បាប់ស្ដីពីអេកូទេសចរណ៍ត្រូវបានកំណត់ទិសដៅបញ្ជាក់លក្ខណវិនិច្ឆ័យដើម្បីគ្រប់គ្រងភារកិច្ចលើអេកូទេសចរណ៍ដូចជាការបញ្ជាក់ពីការទទួលខុសត្រូវនៃការចូលរួមភាគទុនិកនៅក្នុងឧស្សាហកម្មនេះ។ វានឹងគាំទ្រដល់តួនាទីរបស់សហគមន៍មូលដ្ឋានដើម្បីអភិវឌ្ឍអេកូទេសចរណ៍។
លោកស្រី នាវ នារីបញ្ចពិសី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ក្នុងស្រុក All Dream Cambodia បានឲ្យដឹងថាការមានច្បាប់ស្ដីពីអេកូទេសចរណ៍នឹងពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាហើយនឹងជួយក្នុងការធ្វើពិពិធកម្មទិសដៅទេសចរណ៍កម្ពុជាពីទេសចរណ៍វប្បធម៌។
លោកស្រីថ្លែងថា៖ «យើងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរដែលជួយបានយ៉ាងច្រើនដល់ភ្ញៀវទេសចរដើម្បីចូលទៅដល់ទិសដៅអេកូទេសចរណ៍។ វាពិតជាពេលវេលាដ៏ល្អដើម្បីអភិវឌ្ឍវិស័យនេះ។ វាល្អសម្រាប់បរិយាកាស និងផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់ប្រជាជនមូលដ្ឋាននៅជុំវិញតំបន់ទេសចរណ៍នេះ»៕LA


