ភ្នំពេញៈ ក្រសួងទេសចរណ៍បានប្រកាសកាលពីម្សិលមិញថា អាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់នឹងត្រូវតម្រូវឲ្យមានអាជ្ញាប័ណ្ណ ជាអ្វីដែលក្រសួងអះអាងថា នឹងជួយបង្កើនប្រាក់ចំណូលពីវិស័យនេះ។ នេះបើយោងតាមមន្ត្រីក្រសួងទេសចរណ៍។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់នាយកដ្ឋានឧស្សាហកម្មទេសចរណ៍កាលពីម្សិលមិញ លោក គីម សេរីរត្ន ប្រធានឧស្សាហកម្មទេសចរណ៍ ឲ្យដឹងថា ក្រសួងនឹងជួយធ្វើយុទ្ធនាការ ដែលហៅថា «លែងមានទៀតហើយអាជីវកម្មទេសចរណ៍គ្មានអាជ្ញាប័ណ្ណក្នុងឆ្នាំ២០១៧»។
លោកបន្តថា ក្រសួងនឹងសហការជាមួយវិស័យឯកជនក្នុងការអនុវត្តយុទ្ធនាការនេះ ដើម្បីពង្រឹងប្រាក់ចំណូលពីការផ្តល់អាជ្ញាប័ណ្ណលើអាជីវកម្មទេសចរណ៍។ យុទ្ធនាការនេះក៏ដើម្បីពង្រឹងគុណភាពសេវាទេសចរណ៍ និងស្ដង់ដារគ្រប់គ្រងនៅក្នុងឧស្សាហកម្មនេះផងដែរ។ នេះបើតាម សេរីរ័ត្ន។
លោកបានបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានប្រកាសផែនការ៧ចំណុចដើម្បីសម្រេចបានយុទ្ធនាការនេះ។
លោកលើកឡើងថា៖ «ដោយសារកន្លងមក រហូតមកដល់ពេលនេះ យើងបានរកឃើញថា មានភាពខ្សោយ និងបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មនេះ ប្រសិនបើយើងអាចអនុវត្តតាមជំហាននីមួយៗ យើងនឹងសម្រេចបានសមិទ្ធផលនេះ ដូច្នេះយើងនឹងសម្រេចបានតាមទិសដៅកំណើនរបស់យើងក្នុងឆ្នាំ២០២០»។
តាមលោក គីម សេរីរត្ន នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលបានកំណត់ទិសដៅកំណើនទេសចរបរទេសឲ្យបាន៧លាននាក់។
យោងតាមរបាយការណ៍របស់ក្រសួង បច្ចុប្បន្នមានទីតាំងកម្សាន្ត១៤២៩ កន្លែង សណ្ឋាគារ ៦៤៧ ផ្ទះសំណាក់ ១ ៩៩៦ ភោជនីយដ្ឋាន ១ ៨៤៤ ក្លិបកម្សាន្តបែបយុវវ័យមានចំនួន៦៨៨ កន្លែង និងទីភ្នាក់ងារទេសចរណ៍មានចំនួន ៥៨៨ កំពុងប្រតិបត្តិការនៅក្នុងឧស្សាហកម្មនេះ។
បើទោះបីយ៉ាងនេះក្តីក្រសួងមិនបានបញ្ជាក់ថា បច្ចុប្បន្នអាជីវកម្មក្នុងវិស័យប៉ុន្មានភាគរយដែលកំពុងប្រតិបត្តិការដោយគ្មានអាជ្ញាប័ណ្ណនោះទេ។
របាយការណ៍នេះបង្ហាញថា មានការមកដល់ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០១៦ មានចំនួន៥លាននាក់ កើនឡើង៥ភាគរយធៀបនឹងឆ្នាំ២០១៥ ដោយរកប្រាក់ចំណូលបាន៣ពាន់លានដុល្លារពីឧស្សាហកម្មនេះ។ ប្រាក់ចំណូលនេះស្មើនឹង១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប( GDP) ដោយបានផ្ដល់ការងារសរុប ចំនួន ៦២០ ០០០នាក់។
លោក អាង គឺមអៀង ប្រធានទីភ្នាក់ងារទេសចរណ៍មហាអង្គរ បានឲ្យដឹងថា លោកស្វាគមន៍នូវយុទ្ធនាការនេះ ហើយវាដើរតួនាទីដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងការរក្សាគុណភាពវិស័យទេសចរណ៍កម្ពុជា។
លោកបញ្ជាក់ថា៖ «នេះជាអ្វីដែលយើងកំពុងរង់ចាំទទួលដំណឹងពីក្រសួងទេសចរណ៍កន្លងមក រហូតមកដល់ពេលនេះ»។
លោកបន្ថែមថា៖ «អាជីវកម្មទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណប៉ះពាល់ មិនគ្រាន់តែលើអាជ្ញាប័ណ្ណអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់វិស័យនេះទាំងមូលផងដែរ កេរ្ដិ៍ឈ្មោះរបស់ប្រទេស និងការខាតបង់ប្រាក់ចំណូលបានពីការបង់ពន្ធទៀតផង»។
លោកចង់ឃើញការបង្ក្រាបពីសំណាក់អាជ្ញាធរទៅលើអាជីវកម្មទាំងនោះ ពិសេសអាជីវកម្មនៅតាមអនឡាញ៕ LA


