ក្រុងស្ពោខេន: អាពាហ៍ពិពាហ៍រឹងមាំ សុខុមាលភាព និងអាយុយឺនយូរ ដំណេករាត្រីស្កប់ស្កល់ ទាំងនេះអ្នកអាចចំណាយពេលពេញមួយឆាកជីវិតដោយព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំដើម្បីទទួលបានលទ្ធផលទាំងបីខាងលើ។
ប៉ុន្ដែយោងតាមការសិក្សាថ្មីមួយ បានបង្ហាញថា សកម្មភាពដ៏សាមញ្ញមួយនឹងជះឥទ្ធិពលវិជ្ជមានមិននឹកស្មានដល់ នោះគឺការចែករំលែកដំណឹងល្អៗជាមួយដៃគូមុនចូលនិន្ទ្រា។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា គូស្នេហ៍ដែលចែករំលែករឿងរ៉ាវល្អៗជាមួយគ្នានាពេលល្ងាចទទួលបានមកនូវការសម្រាកច្រើន កាន់តែផ្អែមល្ហែម និងមិនងាយកើតរោគស្រេ្តស។
ជាលទ្ធផលកើតចេញពីការផ្លាស់ប្ដូរបន្ដិចបន្ដួច គូស្នេហ៍អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទាក់ទាញនឹងអាយុបានច្រើនគួរឲ្យកត់សម្គាល់ ដែលបង្កពីបញ្ហាឆាប់ក្រេវក្រោធ និងគេងមិនលក់។
អ្នកស្រី សារ៉ា អាពីន ជាចិត្ដវិទូសង្គមវិទ្យាមកពីសាកលវិទ្យាល័យហ្គូនហ្សាហ្គា ដែលចូលរួមក្នុងការសិក្សានេះ បាននិយាយថា៖ «ការសិក្សានេះបានបន្ថែមភ័ស្ដុតាងលើការសិក្សាធំមួយដែលគាំទ្រពីសារៈសំខាន់ក្នុងការចែករំលែកភាពរីករាយជាមួយគូស្នេហ៍ ដោយទទួលមកវិញនូវអត្ថប្រយោជន៍ដ៏មានសុភមង្គលផងដែរ»។
ការសិក្សាដែលបង្ហាញនៅសន្និបាតស្ដីពី Society for Personality and Social Psychology ឆ្នាំ ២០១៧ ក៏ណែនាំឲ្យចែករំលែករឿងរ៉ាវលម្អិតសប្បាយៗតូចតាចដែលបានកើតឡើងតាំងពីព្រឹករហូតដល់ព្រលប់ចាប់ពីការងារជោគជ័យ ធ្វើលំហាត់ប្រាណ ឬរឿងពីនេះពីនោះជាដើម៕HR


