ភ្នំពេញៈ អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងក្នុងរបាយការណ៍មួយថាក្រសួងពាណិជ្ជកម្មបានធ្វើការរៀបចំបញ្ជីរោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងដែលមិនដំណើរការចំនួន ១២០ ឡើងវិញដែលបានបិទ ឬផ្អាកដំណើរការក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០១៦។
ILO ឲ្យដឹងថា តើការផ្លាស់ប្តូរថ្មីនេះអាចជាសញ្ញាថារោងចក្រកាត់ដេរកំពុងដកខ្លួនចេញពីកម្ពុជាដោយសារការបង្កើនប្រាក់ឈ្នួលឬយ៉ាងណា?
ILO បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រព័ត៌មានវិស័យកាត់ដេរ និងស្បែកជើងថ្មីបំផុតរបស់ខ្លួនថា៖ «ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០១៦ ក្រសួងបានឲ្យដឹងថារោងចក្រជាច្រើនមិនដំណើរការអស់រយៈពេលជាច្រើនខែហើយក្នុងករណីមួយចំនួនបានបិទទ្វារដោយមិនបានជូនដំណឹងជាផ្លូវការដល់ក្រសួងទេដូច្នេះមិនត្រូវបានកត់ត្រានៅក្នុងតារាងទិន្នន័យនោះទេ។ អាស្រ័យហេតុនេះក្រសួងបានធ្វើបញ្ជីជាថ្មីលើរោងចក្រកាត់ដេរ និងស្បែកជើង ១២២ ត្រូវបានបិទទ្វារ ឬស្ថិតក្នុងការបិទទ្វារជាបណ្ដោះអាសន្ន»។
ព្រឹត្តិបត្រព័ត៌មាននេះបន្តថាទិន្នន័យរបស់ក្រសួងបានបង្ហាញថារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងថ្មីចំនួន ១២ បានបើកដំណើរការក្នុងអំឡុងត្រីមាសទី ១ ដែលបង្ហាញការបិទទ្វាររោងចក្រសុទ្ធមានចំនួន ១១០ ក្នុងអំឡុងពេលនេះដែលធ្វើឲ្យចំនួនរោងចក្រចុះបញ្ជីសរុបសម្រាប់នាំចេញគិតត្រឹមចុងខែមីនាឆ្នាំនេះមានចំនួន ៥៨៩។
មន្ដ្រីក្រសួងពាណិជ្ជកម្មមិនអាចទាក់ទងសុំការអត្ថាធិប្បាយរបាយការណ៍ ILO បានទេ។
ខណៈតួលេខបានលើកឡើងនៅក្នុងព្រឹត្តិបត្រព័ត៌មាននេះមិនបានផ្ដល់ការចង្អុលបង្ហាញពីមូលហេតុ ឬរយៈពេលដែលរោងចក្រទាំងនោះមិនដំណើរការវាត្រូវគ្នានឹងការអះអាងថ្មីៗនេះពីការកើនឡើងនៃការបិទរោងចក្រនៅកម្ពុជា។
កាលពីថ្ងៃទី ២២ ខែសីហាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រកាសថាដោយផ្អែកលើទិន្នន័យសមាជិកភាពរបស់ខ្លួនថារោងចក្រកាត់ដេរ និងស្បែកជើងសរុប ៧០ បានបិទទ្វារគិតត្រឹម ៦ ខែឆ្នាំនេះហើយមានតែរោងចក្រថ្មី ២០ ប៉ុណ្ណោះបើកដំណើរការ។
ស្ថាប័នឧស្សាហកម្មនេះបានសន្មតថាការបិទទ្វាររោងចក្រឆាប់រហ័សនេះដោយសារតែភាពមិនច្បាស់លាស់ផ្នែកនយោបាយ ភាពចលាចលកម្លាំងពលកម្ម និងកង្វះសមត្ថភាពប្រកួតប្រជែងដែលយោងដល់ផលិតភាពទាប និងការចំណាយកាន់តែខ្ពស់ដែលបណ្ដាលមកពីការបង្កើនប្រាក់ឈ្នួលរបស់កម្មកររោងចក្រ។
ទោះបីយ៉ាងនេះក្តីព្រឹត្តិបត្រព័ត៌មានរបស់ ILO បានបង្ហាញចក្ខុវិស័យខុសគ្នាខ្លាំងសម្រាប់វិស័យកាត់ដេរ និងស្បែកជើងដែលមានតម្លៃ ៦ ពាន់លានដុលា្លររបស់កម្ពុជានេះដោយអះអាងថាការធ្វើបញ្ជីថ្មីរបស់រោងចក្រ ១២០ មិនតំណាងឲ្យស្ថានភាពរបស់ឧស្សាហកម្មនេះទេ។ ព្រឹត្តិបត្រព័ត៌មានបន្តថា៖ «ការធ្លាក់ចុះបង្ហាញមួយផ្នែកធំជាស្ថិតិពីមុនដែលកើតឡើងពីការកែតម្រូវការកត់ត្រាជាជាងការកើនឡើងនៅក្នុងអត្រានៃការបិទទ្វាររោងចក្រពិតប្រាកដនោះទេ»។
ព្រឹត្តិបត្រនេះបន្ថែមថា៖ «តួលេខនាំចេញ និងតួលេខការងារបង្ហាញកំណើនដែលកំពុងបន្តនៅក្នុងឧស្សាហកម្មនេះ»៕ LA


