ក្រុងតូក្យូៈ ក្រុមមន្ត្រី បាននិយាយពីថ្ងៃពុធថា ទឹកជំនន់កំពុងកើនឡើងបង្កដោយព្យុះទីហ្វុងកំណាចមួយ បានធ្វើឲ្យមនុស្ស ១០ នាក់ស្លាប់នៅឯមណ្ឌលថែទាំចាស់ជរាមួយ និងនៅក្នុងផ្ទះក្បែរនោះ ក្នុងប្រទេសជប៉ុន។
សាកសពទាំងនោះត្រូវបានគេរកឃើញក្នុងបរិវេណថែទាំមាត់ទន្លេមួយ ដែលបានកប់ពាក់កណ្តាលក្នុងភក់ និងកម្ទេចកម្ទីបាក់បែក បន្ទាប់ពីព្យុះទីហ្វុង Lionrock បានបោកបក់បំផ្លាញ តំបន់នោះ ដោយនាំមកនូវទឹកភ្លៀងដ៏ខ្លាំងក្លាមកចាក់លើតំបន់ដ៏ធំមួយ។
រូបភាពពីទូរទស្សន៍រដ្ឋ NHK បានបង្ហាញឧទ្ធម្ភាគចក្រមួយគ្រឿង កំពុងហោះក្រវែលពីលើអគារ នៅក្នុងតំបន់ Iwaizumi នោះ ខណៈក្រុមសង្គ្រោះបានព្យាយាមនាំយកក្រុមអ្នកស្រុកដែលជាប់ក្នុងជំនន់ទៅកាន់ទីសុវត្ថិភាព។
មន្ត្រី មហន្តរាយស្រុក បានប្រាប់ AFP ថា មនុស្សចាស់ ៩ នាក់ នោះ បានស្លាប់ដោយសារភក់ដែលបានហូរពន្លិចទីតាំងនោះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Yoshihide Suga បានប្រាប់ ក្រុមអ្នកកាសែតថា ចំនួនអ្នកស្លាប់ បានឡើងដល់ ១០ នាក់ បន្ទាប់ ពីស្ត្រីជរាម្នាក់ ត្រូវបានគេឃើញ ស្លាប់នៅក្នុងផ្ទះជន់លិចមួយរបស់គាត់ ក្បែរនោះ៕


