ភ្នំពេញ:/strong> តំណាងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជាគ្រោងដាក់សំណើទៅរដ្ឋាភិបាលដើម្បីសុំការអនុញ្ញាតឲ្យជនបរទេសដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបអាចចូលរមណីយដ្ឋានអង្គរបានដោយឥតគិតថ្លៃដោយពួកគេអះអាងថានឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសឲ្យស្នាក់នៅបានយូរនៅខេត្តសៀមរាប។
លោក លូ ម៉េង សហប្រធានក្រុមការងារឯកជនលើវិស័យទេសចរណ៍ឲ្យដឹងថាលោកគ្រោងនឹងដាក់លិខិតផ្លូវការទៅរដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជានៅចុងឆ្នាំនេះដើម្បីយល់ព្រមលើសំណើនេះខណៈសមាជិកក្រុមរបស់លោកបានពិភាក្សាបញ្ហានេះក្រៅផ្លូវការជាមួយមន្ដ្រីក្រសួងរួចហើយ។
យោងតាមលោក លូ ម៉េង មានជនបរទេសប្រហែល ៥០០ នាក់កំពុងរស់នៅ និងធ្វើការងារនៅក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបហើយពួកគេត្រូវបានតម្រូវឲ្យទិញសំបុត្រនៅពេលចូលទស្សនាឧទ្យានបុរាណប្រាសាទអង្គរវត្ត។ ការធ្វើដូច្នេះលោក ម៉េង ជឿជាក់ថាពួកគេភាគច្រើនមិនហ៊ានចំណាយប្រាក់ទៅតំបន់អង្គរទេហើយបញ្ហានេះអាចរារាំងពួកគេក្នុងការបញ្ចុះបញ្ចូលក្រុមភ្ញៀវទេសចរបរទេសរបស់ពួកគេឲ្យស្នាក់នៅកាន់តែយូរ។
លោកលើកឡើងថា៖ « [ធ្វើដូច្នេះ] យើងនឹងខាតបង់ប្រាក់ចំណូលប៉ុន្តែផ្ទុយទៅវិញយើងនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនតាមរយៈការមានភ្ញៀវទេសចរបរទេសកាន់តែច្រើនស្នាក់នៅរយៈពេលវែងនៅក្នុងខេត្តនេះ»។
លោកបន្តថាចំណូលពីការលក់សំបុត្របានពីជនបរទេសកំពុងធ្វើការងារនៅក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបមានតិចតួចប៉ុណ្ណោះដោយសារតែមិនមានមនុស្សច្រើនហ៊ានចំណាយប្រាក់ទិញសំបុត្រញឹកញាប់ទេ។ ប្រសិនបើពួកគេត្រូវបានអនុញ្ញាតឲ្យចូលដោយមិនបានបង់ប្រាក់ហើយពួកគេអាចបញ្ចុះបញ្ចូលឲ្យភ្ញៀវអាចស្នាក់នៅកាន់តែយូរវានឹងរកប្រាក់ចំណេញបានកាន់តែច្រើនដល់សេដ្ឋកិច្ចខេត្ត។
លោកបន្តថា៖ «ភ្ញៀវទេសចរបរទេសជឿលើមនុស្សមកពីប្រទេសដូចគ្នា។ ជនបរទេសដែលធ្វើការងារនៅក្នុងឧស្សាហកម្មទេសចរណ៍នៅទីនេះនឹងមានបណ្ដាញល្អដើម្បីទាក់ទងភ្ញៀវទេសចរបរទេសឲ្យស្នាក់នៅកាន់តែយូរ»។
លោក លូ ម៉េង បានឲ្យដឹងថាក្រសួងអាចស្នើសុំឲ្យជនបរទេសធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបសុំប័ណ្ណចូលទស្សនាមិនគិតប្រាក់តាមរយៈការបង្ហាញកិច្ចសន្យាការងារដើម្បីឲ្យប្រាកដថាពួកគេពិតជាធ្វើការនៅសៀមរាបមែន។
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថាលក្ខណៈវិនិច្ឆ័យពេលបច្ចុប្បន្នអនុញ្ញាតឲ្យជនបរទេសដែលមានបេសកកម្មស្ថាបនានៅឧទ្យានបុរាណប្រាសាទអង្គរវត្តចូលទីកន្លែងនេះដោយសេរីសម្រាប់ការងាររបស់ពួកគេ។ ប៉ុន្តែក្រសួងមិនដែលគិតថាអនុញ្ញាតឲ្យជនបរទេសនៅក្នុងឧស្សាហកម្មទេសចរណ៍ចូលឧទ្យាននេះដោយមិនគិតប្រាក់នៅឡើយទេ។
លោកថ្លែងថា៖ «បើពួកគេស្នើសុំពួកយើង យើងនឹងពិចារណាអំពីបញ្ហានេះ។ ខ្ញុំមិនអាចបញ្ជាក់បានពេលនេះថាតើយើងនឹងផ្ដល់ការអនុញ្ញាត ឬអត់នោះទេ»។
លោក ហូ វណ្ណឌី អគ្គលេខាធិការរងសម្ព័ន្ធទេសចរណ៍ជាតិរបស់កម្ពុជាបានឲ្យដឹងថាវាជាបណ្ដាញដ៏ល្អក្នុងការសហការជាមួយជនបរទេសដែលធ្វើការងារនៅក្នុងវិស័យទេសចរណ៍ក្នុងការពន្យារពេលភ្ញៀវទេសចរបរទេសដែលកំពុងទស្សនាប្រទេសកម្ពុជាប៉ុន្តែលោកព្រមានថាវាត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការបង្ការផលប៉ះពាល់ណាមួយដល់ការងារមគ្គុទេ្ទសក៍ទេសចរណ៍កម្ពុជា។
លោកបញ្ជាក់ថា៖ «យើងចាំបាច់ត្រូវប្រុងប្រយ័ត្ននៅពេលធ្វើការសម្រេចចិត្តលើបញ្ហានោះដោយសារតែយើងចាំបាច់ត្រូវធ្វើឲ្យប្រាកដថាវានឹងមិនមានផលប៉ះពាល់អវិជ្ជមាននោះទេ»។
លោកបន្តថា៖ «ប្រសិនបើជនបរទេសអាចចូលតំបន់នោះបានដោយសេរីហើយពួកគេដើរតួនាទីជំនួសឲ្យមគ្គុទេ្ទសក៍ទេសចរណ៍របស់យើង និងបង្ហាញព័ត៌មានមិនត្រឹមត្រូវអំពីប្រាសាទរបស់យើងដល់ជនបរទេសវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់អត្ថប្រយោជន៍របស់ប្រទេសយើង»។
វិទ្យាស្ថានអង្គរដែលជាភ្នាក់ងារពិសេសគ្រប់គ្រងការលក់សំបុត្រសម្រាប់ឧទ្យានបុរាណប្រាសាទអង្គរវត្តបានប្រកាសកាលពីដើមខែនេះថានឹងបង្កើនតម្លៃចូលទស្សនាអង្គរជិតទ្វេដង ។
តម្លៃសំបុត្រនឹងកើនឡើងសម្រាប់សំបុត្ររយៈពេល ៣ ថ្ងៃដល់ ៦២ ដុល្លារដែលកើនពី ៤០ ដុល្លារខណៈសំបុត្រទស្សនារយៈពេលមួយសប្ដាហ៍នឹងមានតម្លៃ ៧២ ដុល្លារកើនពី ៦០ ដុល្លារខណៈរយៈពេលមួយថ្ងៃកើនពី ២០ ដល់ ៣៧ ដុល្លារ៕ LA


