ភ្នំពេញៈ ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក នឹងជ្រើសរើស «ដៃគូនិស្សិត» ជាង១០០ នាក់ ពីគ្រឹះស្ថានឧត្តមសិក្សានានាមកធ្វើជា «ឯកអគ្គរដ្ឋទូត» របស់ខ្លួន ដែលជាផ្នែកមួយនៃកម្មវិធី «Microsoft Student Partner» ដែលក្រុមហ៊ុននេះទើបតែសម្ពោធកាលពីម្សិលមិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Microsoft «ដៃគូនិស្សិត» ប្រមាណ ១០០ នាក់ ដែលនឹងត្រូវបានជ្រើសរើសតាមរយៈអង្គការ STEM Cambodia នឹងក្លាយជា «ឯកអគ្គរដ្ឋទូត» ក្នុងការលើកកម្ពស់ការសិក្សាជំនាញវិទ្យាសាស្រ្តបច្ចេកវិទ្យា ប្រចាំនៅស្ថាប័នដែលពួកគេសិក្សា។ វាបានបញ្ជាក់ថា និស្សិតទាំងនោះ ពុំចាំបាច់ជានិស្សិតដែលសិក្សាជំនាញព័ត៌មានវិទ្យា ឬ វិស្វកម្មនោះឡើយ។
សេចក្តីប្រកាសបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល សម្ភារៈបច្ចេកវិទ្យាថ្មី និងឯកសារយោងពាក់ព័ន្ធនានា និស្សិតទាំងនោះត្រូវទទួលបន្ទុករៀបចំព្រឹត្តការណ៍នានា «ដើម្បីចែករម្លែកចំណេះដឹង និងចំណង់ចំណូលចិត្តចំពោះបច្ចេកវិទ្យាជាមួយនិស្សិតដទៃទៀត» មានសិក្ខាសាលាទាក់ទងនឹងបច្ចេកវិទ្យាកុំព្យូទ័រជាដើម។
អ្នកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការសម្រាប់ទីផ្សារថ្មីនៅតំបន់អាស៊ីអាគ្នេយ៍របស់ Microsoft បានឲ្យដឹងម្សិលមិញថា កម្មវិធីនេះនឹងផ្តល់ឱកាសបណ្តុះបណ្តាលជំនាញសមត្ថភាព និង បទពិសោធន៍ ធ្វើការផ្នែកបច្ចេកវិទ្យាពីអ្នកជំនាញរបស់ Microsoft ក៏ដូចជាឱកាសអភិវឌ្ឍភាពជាអ្នកដឹកនាំទៅដល់និស្សិតជាដៃគូ ហើយវាក៏ពង្រីកឱកាសនៃការយល់ដឹងពីបច្ចេកវិទ្យាទំនើបរបស់និស្សិតដទៃនៅកម្ពុជាផងដែរ ដែលទាំងអស់នេះគឺជាគុណសម្បត្តិសំខាន់ៗក្នុងទីផ្សារការងារបច្ចុប្បន្ន។
អ្នកស្រីនិយាយថា៖ «អត្រាគ្មានការងារធ្វើក្នុងចំណោមយុវវ័យនៅតែជាបញ្ហាចម្បងនៅអាស៊ីប៉ាស៊ីហ្វិក។ ឧបសគ្គសំខាន់មួយ ដែលយុវវ័យប្រឈមមុខ គឺកង្វះការអភិវឌ្ឍជំនាញការងារត្រឹមត្រូវនៅពេលអនាគត»។
កម្មវិធី Microsoft Student Partner ទំនងជាឆ្លើយតបទៅនឹងគោលនយោបាយថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។
កាលពីដើមខែសីហានេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសេចក្តីណែនាំមួយ បានឲ្យដឹងថា យោងតាមការសិក្សា នៅក្នុងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍជាច្រើន និស្សិតដែលបានបញ្ចប់ការសិក្សាលើមុខវិជ្ជា វិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកទេស និងគណិតវិទ្យា (STEM) មានអត្រាមានការងារធ្វើ និងប្រាក់បៀរវត្សខ្ពស់ ដោយសារតែមានតម្រូវការក្នុងទីផ្សារខ្ពស់។
ក្រសួងបន្តថា ហេតុដូចនេះហើយបានក្រសួងអប់រំយកចិត្តទុកដាក់ក្នុងការពង្រឹងជំនាញទាំងនេះ ព្រមទាំងជំរុញទឹកចិត្តសិស្សឲ្យចូលរៀនមុខវិជ្ជាទាំងនោះផងដែរ តាមរយៈការគោលនយោបាយអប់រំ និងការផ្តល់អាហារូបករណ៍ផ្សេងៗ៕


