សិង្ហបុរីៈ ការនាំចេញរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះជាងការរំពឹងទុកកាលពីខែកក្កដាធៀបនឹងឆ្នាំមុនដោយសារតែតម្រូវការរបស់ប្រទេសចិន និងអាមេរិកកាន់តែចុះខ្សោយដែលគេរំពឹងថានឹងមានការធ្លាក់ចុះបន្ថែមទៀត។
ការបារម្ភអំពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែចុះខ្សោយបានបណ្ដាលឲ្យរដ្ឋាភិបាលកាត់បន្ថយការព្យាករកំណើនរបស់ខ្លួនសម្រាប់ឆ្នាំនេះមកពី ១ ទៅ ២ ភាគរយខណៈដែលពីមុនមានពី ១ ទៅ ៣ ភាគរយ។
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងតិចតួច ២,០ ភាគរយកាលពីឆ្នាំ ២០១៥ ជាអត្រាកើនឡើងទាបបំផុតចាប់តាំងពីឆ្នាំ ២០០៩ ដោយសារតែផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុពិភពលោក។
កាលពីថ្ងៃពុធសហគ្រាសអន្តរជាតិប្រទេស សិង្ហបុរី ដែលជាស្ថាប័នលើកកម្ពស់ពាណិជ្ជកម្មរបស់រដ្ឋាភិបាលបានចេញផ្សាយទិន្នន័យដែលបង្ហាញថាការនាំចេញក្នុងស្រុកមិនមែនប្រេងរបស់ប្រទេសនេះបានធ្លាក់ចុះ ១០,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំមុនកាលពីខែកក្កដា។
ការនាំចេញគ្រឿងអេឡិចត្រូនិកដូចជាឧបករណ៍អេឡិចត្រូនិកបានធ្លាក់ចុះ ១២,៩ ភាគរយខ្ពស់ជាងកាលពីខែមិថុនាដែលធ្លាក់ចុះ ១,៧ ភាគរយប៉ុណ្ណោះ។
ការនាំចេញមិនមែនគ្រឿងអេឡិចត្រូនិកដែលរួមមានថ្នាំពេទ្យ ប្រេងឥន្ធនះ និងគ្រឿងម៉ាស៊ីនឯកទេសបានធ្លាក់ចុះ ៩,៥ ភាគរយធៀបនឹងការធ្លាក់ចុះ ២,៦ ភាគរយកាលពីខែមិថុនា។
លោក Irvin Seah សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ DBS Bank បានលើកឡើងថា៖ «ពិតហើយនៅពេលរឿងអាក្រក់មួយកើតឡើងវានឹងកើតឡើងមួយទៀត។ នេះវានឹងបន្ថែមដល់បញ្ជីរយៈពេលវែងនៃទិន្នន័យមិនល្អដែលកំពុងតែបង្ហាញពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅពេលខាងមុខបន្តទៀត»៕ LA


