របាយការណ៍ថ្មីមួយ ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យមួយរបស់សហរដ្ឋអាមេរិក ហៅថា CBRE បានបង្ហាញថា កម្ពុជាស្ថិតនៅពិន្ទុក្រោមគេ ក្នុងចំណោមទីកន្លែងដែលគួរឲ្យចង់បានបំផុត សម្រាប់ការវិនិយោគទុនពីបរទេសនៅអាស៊ីអាគ្នេយ៍។
លទ្ធផលនេះ គឺយោងទៅលើការចុះផ្សាយលើកទី៧ របស់របាយការណ៍ «តើឈ្មួញលក់រាយនៅលើសកលលោកមានសកម្មភាពយ៉ាងណា?» របស់ក្រុមហ៊ុននេះតែម្ដង។
របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមឈ្មួញលក់រាយទាំងអស់នៅ លើពិភពលោកដែលត្រូវបានគេស្ទង់មតិ ២៦ភាគរយ បានកំណត់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាគោលដៅទីផ្សារសម្រាប់ឆ្នាំ២០១៦នេះ។
ប្រទេសកម្ពុជា ត្រូវបានកំណត់ជាគោលដៅប្រកបដោយសក្ដានុពលមួយតាមរយៈតួលេខតែ ២ភាគរយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយតួលេខនេះគឺច្រើនជាងតួលេខរបស់ប្រទេសឡាវ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីឈ្មួញលក់រាយទាំងនោះតែ១ភាគរយប៉ុណ្ណោះ។
ផ្ទុយពីប្រទេសទាំងពីរនេះប្រទេសផ្សេងៗទៀតនៅក្នុងតំបន់បាន ទាក់ទាញតួលេខខ្ពស់ណាស់ដែរ។
នាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរី បានទាក់ទាញដល់ទៅ ២១ ភាគរយ នៃក្រុមហ៊ុនលក់រាយផ្សេងៗ។ បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី ដែលទាក់ទាញ ១០ ភាគរយ ហើយបន្តមកទៀតគឺប្រទេសឥណ្ឌូនេស៊ី ដែលបានទាក់ទាញ ៩ ភាគរយ។
ប្រទេសបន្តបន្ទាប់ក្នុងបញ្ជី គឺប្រទេសថៃ វៀតណាម និងប្រទេសភីលីពីន ដែលប្រទេសនីមួយៗបានទាក់ទាញបាន ៨ភាគរយ។
គួរបញ្ជាក់ផងដែរថា ឈ្មួញលក់រាយដែលត្រូវបានស្ទង់មតិចំនួន ៤៨ ភាគរយ មានប្រភពមកពីអឺរ៉ុប ឯ ៣៣ភាគរយទៀត មកពីអាមេរិក។
តួលេខ ២៣ភាគរយ ក្នុងចំណោមពួកគេ គឺជាក្រុមហ៊ុនដែលជាប់ទាក់ទងនឹងពាណិជ្ជកម្មសម្លៀកបំពាក់តម្លៃមធ្យម ហើយ ២៣ ភាគរយទៀត ត្រូវគេពណ៌នាថា ស្ថិតនៅក្រោមប្រភេទ «ប្រណីតភាព និងពាណិជ្ជកម្ម»។ រីឯ ១៨ ភាគរយទៀត ត្រូវបានគេហៅថា «សម្លៀកបំពាក់ជំនាញ» ហើយ ១០ ភាគរយទៀត គឺ «សុខភាព និងសម្រស់»។
ក្រុមហ៊ុន CBRE បានថ្លែងថា៖ «ការប្រុងប្រយ័ត្នខ្ពស់នៅតែត្រូវបានប្រកាន់ខ្ជាប់» ព្រមជាមួយនឹងឈ្មួញលក់រាយដែលត្រូវបានគេស្ទង់មតិមួយភាគធំមានគម្រោងនឹងបើកហាងចំនួនតិចជាងដប់ នៅក្នុងប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍នេះ។
អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន CBRE នៅប្រទេសកម្ពុជា លោក Chris Hobden បានមានប្រសាសន៍ថា តាមពិតទៅ តួលេខខាងលើនេះ មិនមែនបង្អាក់ទឹកចិត្តដូចពីពេលដំបូងដែលគេអានវានោះទេ។
លោកបន្តថា ៖ «ទោះជាកម្ពុជា មិនទាន់មានលទ្ធភាពទាក់ទាញចំណាប់អារម្មណ៍ពីទីផ្សារអាស៊ីអាគ្នេយ៍ ដែល មានភាពអភិវឌ្ឍជាងខ្លួនក៏ដោយ តែតួលេខ ២ ភាគរយនេះ បានកត់សម្គាល់ប្រទេសនេះ ជាគោលដៅទីផ្សារសម្រាប់ឆ្នាំនេះ ជាពិសេស ជាមួយនឹងការមកដល់ថ្មីនូវ ផ្សារទំនើបគុណភាពខ្ពស់ជាច្រើន ព្រមជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលក្នុងស្រុកផងដែរ។ កត្តាទាំង នេះនឹងបន្តជំរុញដ៏សំខាន់សម្រាប់ ការប្រកួតប្រជែងក្នុងឆ្នាំ ២០១៦ នេះ»។
លោកបន្ថែមទៀតថា ៖ «ការដែលក្រុមហ៊ុនលក់រាយដែលត្រូវបានស្ទង់មតិ ចំនួនដល់ទៅ ២៦ ភាគរយ បានធ្វើការជ្រើសរើសតំបន់អាស៊ីអាគ្នេយ៍ជាគោលដៅពង្រីកទីផ្សារ សម្រាប់ឆ្នាំ ២០១៦ នេះ គឺជាការលើកទឹកចិត្តខ្ពស់ណាស់ដែរ ជាពិសេសជាមួយនឹងការបង្ហាញចំណាប់អារម្មណ៍ អំពី ក្រុមហ៊ុនលក់រាយនូវសម្លៀកបំពាក់តម្លៃមធ្យម និងតម្លៃខ្ពស់នានារបស់អឺរ៉ុបតែម្ដង»។
របាយការណ៍ស្ទាប់ស្ទង់មតិអំពីបរិយាកាស និងស្ថានភាពពាណិជ្ជកម្មការលក់រាយរបស់ទីក្រុងភ្នំពេញ ដែលធ្វើឡើង កាលពីចុងឆ្នាំ ២០១៥ បានបង្ហាញថា ចំនួនលម្ហរសម្រាប់បើកហាង នឹងមានការកើនឡើងរហូតទៅដល់ ១១២ ភាគរយ។ ករណីនេះនឹងអាចទៅរួចបាន នៅចុងឆ្នាំ ២០១៧ ដោយសារការដាក់ឲ្យដំណើរការនូវហាងទំនើប Parkson’s Phnom Penh City Centre និង ហាងទំនើប Lion Centre ព្រមទាំងហាងទំនើប Hongkong Land’s Exchange Square ផងដែរ។
ហាងទំនើបទាំងនេះមានគម្រោងនឹងចូលរួមពាណិជ្ជកម្មជាមួយ ផ្សារទំនើប Aeon Mall ដែលនឹងធ្វើការអបអរខួបពីរឆ្នាំនៃដំណើរការមកដល់ពេលនេះផ្សារទំនើបនេះអាចរក្សាបាននូវការប្ដេជ្ញាបាន១០០ភាគរយដដែល។ ម្យ៉ាងវិញទៀតផ្សារទំនើបនេះ ក៏បានប្រកាសពីគម្រោងនឹងបើកសាខា ទីពីរនៅខណ្ឌទួលគោក ផងដែរ។
អ្នកចាត់ការរបស់ក្រុមហ៊ុន បានថ្លែងបន្តថា ៖ «ការដែល Aeon Mall មានសមត្ថភាពរក្សាបាននូវការប្ដេជ្ញាចិត្តក្នុងការធ្វើពាណិជ្ជកម្មលក់រាយបានខ្ពស់ ដូច្នោះ គឺ ព្រមជាមួយនឹងស្នាដៃដ៏ខ្លាំងក្លានៅតំបន់ពាណិជ្ជកម្មដែលមានភាពទាក់ទាញខ្លាំង (prime high-street locations) ដោយបានចង្អុលបង្ហាញថា មូលដ្ឋានគ្រឹះនៃទីផ្សារ ត្រូវបានគេចាត់ចែងយ៉ាងឲ្យទាក់ទាញនូវការដាក់ទំនិញសម្រាប់លក់រាយពីអ្នកផលិត សម្រាប់ពេលអនាគតដ៏ខ្លីនិងមានប្រសិទ្ធភាពបំផុត»៕


