ព្រះវិហារៈ ពលរដ្ឋ ២៥៣ គ្រួសាររស់នៅឃុំកន្ទួត ស្រុកជាំក្សាន្តដែលមានបញ្ហាដីធ្លីជាមួយអាជ្ញាធរខេត្តព្រះវិហារបានត្រឡប់មកស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានានៅរាជធានីភ្នំពេញវិញក្រោយពីអាជ្ញាធរខេត្តបានប៉ុនប៉ងចាប់ខ្លួនតំណាងពួកគាត់ និងរារាំងមិនឲ្យត្រឡប់ទៅរស់នៅលើដីភូមិចាស់វិញ។
ប្រជាពលរដ្ឋទាំងនោះបានស្នាក់នៅវត្តសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញជិត ២ ឆ្នាំមកហើយដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងនានា និងរដ្ឋសភាដើម្បីទាមទារសិទ្ធិរស់នៅស្របច្បាប់លើដីរបស់ពួកគាត់ទំហំ ៣៣៥៣ ហិកតា។ ប៉ុន្តែកាលពីថ្ងៃទី ២១ ខែមីនាពួកគាត់បានត្រឡប់ទៅកាន់ភូមិចាស់របស់ពួកគាត់វិញក្រោយពីទទួលបានលិខិតអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់អាជ្ញាធរខេត្តឲ្យដោះស្រាយបញ្ហាដីធ្លីនេះ។
តំណាងពលរដ្ឋលោក ទិន ចន្ថា ឲ្យដឹងថាកាលពីព្រឹកថ្ងៃម្សិលមិញអាជ្ញាធរខេត្តជាង ១០ នាក់បានប៉ុនប៉ងចាប់ខ្លួនរូបលោក និងបានហាមពលរដ្ឋមិនឲ្យរស់នៅលើដីនោះទេដោយថាពលរដ្ឋពុំមានឯកសារត្រឹមត្រូវ និងដោយសារស្ថានភាពនៅតាមព្រំដែនមិនទាន់ប្រសើរ។ លោកបន្តថានៅពេលមានការហាមឃាត់នេះពួកគាត់បាននាំគ្នាមកភ្នំពេញវិញដើម្បីបន្តយុទ្ធនាការទាមទាររកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធជាថ្មីទៀត។
លោកថា៖ «អាជ្ញាធរហ្នឹងនៅតែបំពានច្បាប់នៅតែប្រើកងកម្លាំងមកធ្វើបាបរឿងទំនាស់ដីធ្លីមកហាមឃាត់ពលរដ្ឋដែលសម្តេច ស ខេង បាន ស៊ីញ៉េចារប៉ុណ្ណឹងហើយឲ្យពួកខ្ញុំទៅរស់នៅបណ្តោះអាសន្នសិនដើម្បីកុំឲ្យមានផលវិបាកនៅវត្តសាមគ្គីរង្សីអ៊ីចឹងឥឡូវពួកខ្ញុំត្រឡប់ទៅភ្នំពេញវិញហើយ»។
ពលរដ្ឋទាំងនោះបានចោទអាជ្ញាធរខេត្ត និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនលោក សួស យ៉ារ៉ា ថាបានឃុបឃិតគ្នារំលោភយកដីរបស់ពួកគាត់ប៉ុន្តែត្រូវបានលោក សួស យ៉ារ៉ា បដិសេធការចោទប្រកាន់នេះដោយថាដីនោះជាដីអភិរក្សតំបន់ប្រាសាទព្រះវិហារ។
អភិបាលខេត្តព្រះវិហារលោក អ៊ុំ ម៉ារ៉ា មិនអាចសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែបើតាមសេចក្តីប្រកាសព័ត៌មានរួមមួយរបស់អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារចុះថ្ងៃទី ២២ មីនា បានលើកឡើងថាលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង គឺគ្រាន់តែស្នើទៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនេះប៉ុណ្ណោះពុំមែនជាការសម្រេចរបស់ក្រសួងមហាផ្ទៃដែលឲ្យពលរដ្ឋត្រឡប់ទៅរស់នៅលើដីនោះដូចការលើកឡើងរបស់តំណាងពលរដ្ឋទេ។
សេចក្តីប្រកាសបន្តថា អាជ្ញាធរនៅតែបន្តដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដដែលដោយឲ្យពួកគាត់ទៅរស់នៅទីតាំងថ្មីដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ព្រោះដីនៅចំណុចស្វាយជ្រំនោះស្ថិតក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ។
អ្នកសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារលោក ឡោ ចាន់ ថ្លែងថាប្រសិនបើមានការចាប់ខ្លួនពលរដ្ឋណាម្នាក់ដោយសារតែពួកគាត់ត្រឡប់ទៅរស់នៅលើដីភូមិចាស់របស់ខ្លួននោះគឺជារឿងរំលោភសិទ្ធិមនុស្ស។ លោកបានជំរុញឲ្យអាជ្ញាធរមានចំណាត់ការដំណោះស្រាយលើបញ្ហាដីធ្លីនេះជូនប្រជាពលរដ្ឋឲ្យឆាប់ទៅតាម សជណ របស់ក្រសួងមហាផ្ទៃព្រោះប្រជាពលរដ្ឋរង់ចាំដំណោះស្រាយជាច្រើនឆ្នាំមកហើយដែលធ្វើឲ្យពួកគាត់ជួបផលវិបាកក្នុងជីវភាពរស់នៅ៕


