យោងតាមរដ្ឋាភិបាលជប៉ុន បានឱ្យដឹងកាលពីថ្ងៃទី ២៩ ខែមីនាថា សមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬហៅកាត់ថា TPP នឹងបើកកិច្ចប្រជុំពិភាក្សាមួយនៅក្នុងខែនេះ ដើម្បីជជែកអំពីការអនុញ្ញាតឱ្យអង់គ្លេសចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះ។
ប្រសិនបើសំណើសុំចូលជាសមាជិកភាពរបស់អង់គ្លេសត្រូវបានអនុម័ត នោះកិច្ចព្រមព្រៀងនេះនឹងអាចពង្រីកសមាជិកបន្ថែមទៀត ដែលបច្ចុប្បន្ននេះមានសមាជិក ១១ប្រទេសហើយបានគ្របដណ្តប់ប្រហែល ១០% នៃទិន្នផលសេដ្ឋកិច្ចសរុបរបស់ពិភពលោក។
ប្រភពដដែលបានលើកឡើងថា ការចូលជាសមាជិករបស់អង់គ្លេសត្រូវបានគេសង្ឃឹមថា នឹងអាចជួយកសាងសន្ទុះបន្ថែមទៀត និងអាចទាក់ទាញការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិកដែលបានដកខ្លួនចេញនៅឆ្នាំ២០១៧ ក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ(Donald Trump)។
គួរដឹងដែរថា ប្រទេសចិនក៏ស្ថិតក្នុងចំណោមប្រទេសនៅក្នុងតំបន់ផ្សេងទៀតដែលបានស្នើសុំចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះផងដែរ។
កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេ រិកលោក បារ៉ាក់ អូបាម៉ា (Barak Obama) ប៉ុន្តែបានជួបបញ្ហានៅពេលដែលលោក ដូណាល់ ត្រាំចូលកាន់តំណែង។
ក្រោយមក ជប៉ុនបានបន្តខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនេះឡើងវិញហើយក៏ត្រូវបានព្រមព្រៀងគ្នាជាមួយសមាជិកដទៃទៀត ប្តូរឈ្មោះជាផ្លូវការថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CPTPP។
រដ្ឋាភិបាលជប៉ុនបានប្រាប់ទៅកាន់សារព័ត៌មានKyodo News ថា បណ្ដារដ្ឋមន្ត្រីមកពីសមាជិកនៃកិច្ចព្រមព្រៀងំ TPP រួមមានប្រទេសជប៉ុន កាណាដា និងអូស្ត្រាលីជាដើម នឹងជួបប្រជុំគ្នាតាមរយៈអនឡាញនៅអំឡុងខែនេះ ហើយក៏នឹងជជែកបន្ថែមអំពីការព្រមព្រៀងគ្នាលើការអនុញ្ញាតឱ្យអង់គ្លេសចូលជាសមាជិក។
ដោយឡែក ការអនុម័តជាផ្លូវការនឹងធ្វើការសម្រេចដោយអង្គប្រជុំធំដែលមានការចូលរួមពីសមាជិកទាំងអស់នៃកិច្ចព្រមព្រៀង។គួរបញ្ជាក់ផងដែរថា ការចូលជាសមាជិករបស់កិច្ចព្រមព្រៀងTPP គឺតម្រូវឱ្យមានការយល់ព្រមពី
បណ្ដាប្រទេសសមាជិកទាំងអស់របស់កិច្ចព្រមព្រៀង។
បន្ទាប់ពីបានចាកចេញពីសមាជិកភាពរបស់សហគមន៍អឺរ៉ុប (Brexit) ប្រទេសអង់គ្លេសបានក្លាយជាប្រទេសដែលស្ថិតនៅក្រៅតំបន់ប៉ាស៊ីហ្វិកដំបូងគេដែលបានស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងTPP ជាផ្លូវការ។ ក្រៅពីនោះក៏មានប្រទេសចិន តៃវ៉ាន់ និងអ៊ុយរូហ្គាយ ផងដែរដែលបានស្នើសុំចូលជាសមាជិក។
យ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានប្រកាន់ជំហរយ៉ាងតឹងតែងបំផុតចំពោះសមាជិកភាពរបស់ចិន ដោយសារតែជប៉ុនមានការព្រួយបារម្ភថាទីក្រុងប៉េកាំងមិនអនុលោមតាមបទប្បញ្ញត្តិផ្សេងៗនៃកិច្ចព្រមព្រៀងស្តីពីការការពារកម្មសិទ្ធិបញ្ញា និងបញ្ហាផ្សេងៗមួយចំនួនទៀត។
គួរដឹងដែរថា សមាជិកកិច្ចព្រមព្រៀងTPP ផ្សេងទៀតមានដូចជា ប្រ៊ុយណេ ស៊ីលី ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់(Rishi Sunak)បានលើកឡើងថា៖«នៅចុងសប្តាហ៍នេះ ក្រុមរដ្ឋមន្ត្រីត្រូវជួបពិភាក្សាអំពីកិច្ចព្រមព្រៀងCPTPP ជាមួយសមភាគីរបស់ពួកគេ ហើយនឹងធ្វើការជូនដំណឹងពីការវិវត្តបន្ថែមទៀត»។
ការចូលជាសមាជិកភាពរបស់អង់គ្លេស នឹងអាចបំពេញបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលអង់គ្លេសមានស្រាប់ជាមួយប្រទេសជាសមាជិកមួយចំនួន ពោលគឺមានគោលបំណងកាត់បន្ថយពន្ធបន្ថែមលើទំនិញ និងកាត់បន្ថយឧបសគ្គចំពោះសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផ្សេងៗ។
អ្នកនាំពាក្យខាងលើបានថ្លែងថា ៖ «រដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីធានាថា អង់គ្លេសអាចទទួលយកបាននូវលក្ខខណ្ឌផ្សេងៗ ក្នុងការជួយសម្រួលដល់ម្ចាស់ធុរកិច្ចអង់គ្លេស និងស្របតាមគោលការណ៍អាទិភាពក្នុងស្រុកផងដែរ»៕


