បុរសជនជាតិម៉ាឡេស៊ី ៣ នាក់ ត្រូវបានអាជ្ញាធរធ្វើបត្យាប័នទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ ជុំវិញការសង្ស័យថាពួកគេមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើជាមិត្តភត្តិ» តាមទូរស័ព្ទ ដែលកំណត់គោលដៅលើជនជាតិសិង្ហបុរី។
បុរសទាំង ៣ នាក់នោះ មានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែមីនា ដោយនាយកដ្ឋានកិច្ចការពាណិជ្ជកម្មសិង្ហបុរី ដែលរួមប្រតិបត្តិការជាមួយនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មពាណិជ្ជកម្មរដ្ឋជូហ័រនៃប៉ូលិសម៉ាឡេស៊ី។
កងកម្លាំងប៉ូលិសសិង្ហបុរីបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា ការស៊ើបអង្កេតបឋមបានបង្ហាញថា បុរសទាំង៣ បានចាប់ផ្តើមប្រតិបត្តិការឆបោករបស់ខ្លួននៅដើមឆ្នាំនេះ ហើយមានការជាប់ពាក់ព័ន្ធក្នុងរបាយការណ៍ឆបោកជាង៤០ដែលបាត់បង់ទឹកប្រាក់សរុបជាង ២៥០ ០០០ ដុល្លារសិង្ហបុរី (១៨៧ ៩៥០ដុល្លារអាមេរិក)។
ប៉ូលិសដដែល បានឱ្យដឹងថា ចាប់តាំងពីខែមករាមក មនុស្សជាង ១ ៣០០ នាក់ ដែលជាជនរងគ្រោះនៃប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើមិត្ត» ត្រូវបានគេឆបោកអស់ប្រាក់យ៉ាងហោចណាស់ ៤,៣៣ លានដុល្លារសិង្ហបុរី។
គួរគូសបញ្ជាក់ថា ជាធម្មតាប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើមិត្ត» គឺពាក់ព័ន្ធនឹងអ្នកបោកប្រាស់ដែលទាក់ទងជនរងគ្រោះតាមរយៈការផ្ញើសារ ឬការហៅទូរស័ព្ទ ដោយបន្លំធ្វើជានរណាម្នាក់ដែលជនរងគ្រោះស្គាល់ រួចហៅសុំឱ្យជួយផ្ញើលុយឱ្យ។
ប្រធាននាយកដ្ឋានកិច្ចការពាណិជ្ជកម្មសិង្ហបុរី លោក David Chew បានថ្លែងថា៖ «ការបោកប្រាស់ «ក្លែងធ្វើមិត្ត» តាមទូរស័ព្ទ កំពុងកើនឡើង ហើយនេះគឺជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរ»។ លោកបន្តថា៖ «យើងនឹងបន្តចាត់វិធានការតឹងតែងប្រឆាំងនឹងបុគ្គលដែលបន្តការបោកប្រាស់ បើទោះបីជាពួកគេរស់នៅបរទេសក៏ដោយ»។
សូមបញ្ជាក់ថា ជនសង្ស័យជនជាតិម៉ាឡេស៊ី ដែលគេមិនបញ្ចេញអត្តសញ្ញាណលម្អិតទាំង៣នាក់ នឹងត្រូវបញ្ជូលទៅតុលាការនៅថ្ងៃព្រហស្បតិ៍ ក្រោមសំណុំរឿងសមគំនិតក្លែងបន្លំ។ បើរកឃើញថាមានទោស ពួកគេអាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ហើយត្រូវពិន័យជាប្រាក់តាមទោស៕


