ក្រុមប្រទេសសេដ្ឋកិច្ចលំដាប់កំពូលទាំង ២០ ឬហៅកាត់ថា ក្រុមប្រទេស G-20 បានគាំទ្រកំណែទម្រង់ប្រព័ន្ធពន្ធសាជីវកម្មពិភពលោក ដែលដាក់ចេញដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនៃ G-20 ធ្វើឡើងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែកក្កដា នៅឯទីក្រុងពាណិជ្ជកម្មបុរាណ Venice ប្រទេសអ៊ីតាលី។
ប្រទេស G-20 ជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅក្នុងពិភពលោក ដោយ ២០ ប្រទេសនេះ បូកបញ្ចូលមានផលិតផលក្នុងស្រុកសរុប (GDP ប្រមាណ ៨០ ភាគរយ នៃ GDPពិភពលោក និងមានពាណិជ្ជកម្មស្មើនឹង ៧៥ ភាគរយនៃពិភពលោក។
កិច្ចប្រជុំកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន គឺជាកិច្ចប្រជុំជួបមុខគ្នាដោយផ្ទាល់លើកដំបូងរវាងរដ្ឋមន្ត្រីសមាជិក G-20 ចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែមានរដ្ឋមន្ត្រីខ្លះដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក Liu Kun បានចូលរួមតាមប្រព័ន្ធវីដេអូ។ ក្រោយពីប្រជុំបានបញ្ចប់ក្រុមរដ្ឋមន្ត្រី និងទេសាភិបាលធនាគារបានចេញសេចក្ដីថ្លែងការណ៍រួម ៦ ទំព័រ ដែលនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកក៏ដូចជាយុទ្ធនាការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ផងដែរ។
តាមរយៈសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុខាងលើនេះ ក្រុមប្រទេស G-20 បានប្រកាសពីការឯកភាពគ្នាលើចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងថ្មីសម្រាប់កំណែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ដែលយល់ព្រមដោយប្រទេសចំនួន ១៣១ កាលពីសប្ដាហ៍មុននេះ។
ក្របខ័ណ្ឌកំណែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិនេះមាន ២ សសរស្ដម្ភ ដែលជាលទ្ធផលនៃការចរចាគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយក្របខ័ណ្ឌមានបំណងពង្រឹងស្ថិរភាពប្រព័ន្ធពន្ធអន្តរជាតិទៀតផង។
សសរស្ដម្ភទាំង ២ នេះមានដូចជា (១) ធានាឱ្យបាននូវការបែងចែកសិទ្ធិក្នុងការយកពន្ធពីក្រុមហ៊ុនពហុជាតិធំៗដែលរួមមានក្រុមហ៊ុន Amazon និង Google ជាដើម ទៅតាមបណ្ដាប្រទេសដែលក្រុមហ៊ុនទាំងនេះ បានទទួលប្រាក់ចំណេញ។ នេះបានសេចក្ដីថា ក្រុមហ៊ុនទាំងនេះ ត្រូវតែបង់ពន្ធឱ្យប្រទេសនានា ដែលសាខារបស់ខ្លួនដំណើរការ ដោយមិនត្រឹមតែបង់ពន្ធឱ្យប្រទេសដែលមានទីស្នាក់ការកណ្ដាលនោះទេ។ (២) កំណត់អត្រាពន្ធសាជីវកម្មអប្បបរមាឱ្យស្មើគ្នាជុំវិញពិភពលោក ដើម្បីកុំឱ្យក្រុមហ៊ុនទាំងនោះគេចចេញពីការបង់ពន្ធ ដោយរើទីស្នាក់ការកណ្ដាលសាជីវកម្មរបស់ខ្លួនទៅប្រទេសដែលមានអត្រាពន្ធទាបបំផុត។ ពន្ធសាជីវកម្មជាពន្ធដែលយកលើប្រាក់ចំណេញរបស់ចំណូលក្រុមហ៊ុនធំៗ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ G-20 មិនបញ្ជាក់ថា ពិភពលោកត្រូវកំណត់យកពន្ធប៉ុន្មាននោះទេ ដោយការចរចាពីព័ត៌មានលម្អិតផ្សេងៗទៀត គឺនៅបន្តនៅឡើយ។ យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឱ្យដឹងថា ក្រុមរដ្ឋមន្ត្រីនឹងធ្វើការចរចាជាលើកចុងក្រោយនៅខែតុលាខាងមុខនេះ។ ប្រសិនបើការចរចាបានសម្រេច គម្រោងកំណែទម្រង់អស់ទាំងនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅឆ្នាំ ២០២៣។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានបង្ហោះនៅក្នុង Twitter កាលពីថ្ងៃសៅរ៍ថា៖ «កិច្ចប្រជុំ G-20 បានបញ្ជាក់កាន់តែច្បាស់ថា ពិភពលោកកំពុងតែត្រៀមខ្លួនក្នុងការបញ្ចប់ការប្រកួតប្រជែងទៅរកពន្ធសាជីវកម្មដ៏ទាបបំផុតហើយ ព្រមទាំងមូលមតិគ្នាក្នុងការបញ្ចប់ការប្រណាំងប្រជែងបែបនេះតាមរយៈកម្រិតពន្ធសាជីវកម្មសកល ១៥ ភាគរយ»។
រដ្ឋមន្ត្រីបារាំងលោក Le Maire បានឱ្យដឹងថា ចំណូលពន្ធសាជីវកម្មទាំងនេះ អាចយកមកផ្គត់ផ្គង់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
មានសេចក្ដីរាយការណ៍ជាច្រើនបានឱ្យដឹងថា ផែនការក្នុងការបង្កើតឱ្យមានកម្រិតយកពន្ធសាជីវកម្មអប្បបរមាមិនទទួលបានការស្វាគមន៍ប៉ុន្មាននោះទេពីប្រទេសដែលយកពន្ធតិចបំផុតដោយក្នុងនោះក៏មានប្រទេសទ្វីបអឺរ៉ុបមួយចំនួនផងដែរដូចជា សាធារណរដ្ឋអៀរឡង់ និងហុងគ្រីជាដើម។
កម្រិតពន្ធសាជីវកម្មអប្បបរមា ១៥ ភាគជាគំនិតផ្ដួច ផ្ដើមរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន។
បើតាមការប៉ាន់ស្មានរបស់ OECD បានឱ្យដឹងថា ពិភពលោកអាចនឹងចំណេញប្រាក់ប្រមាណ ១០០ ពាន់លានដុល្លារ ពីសសរស្ដម្ភទី១ និង ១៥០ ពាន់លានដុល្លារពីសសរស្ដម្ភទី២។
ក្រៅពីពិភាក្សាអំពីកំណែទម្រង់ពន្ធពិភពលោកនេះរដ្ឋមន្ត្រី G-20 បានកត់-សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចពិភព- លោកមានការកើនឡើងល្អក្រោយពីវិបត្តិជំងឺឆ្លងសកលកូវីដ១៩ ប៉ុន្តែការងើបឡើងវិញផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗមិនមានភាពស្មើគ្នានោះទេដែលកាន់តែលំបាកដោយសារការរីករាលដាលនៃវីរុសបំប្លែងដែលតា (Delta) និងភាព-យឺតយ៉ាវនៃការចាក់វ៉ាក់សាំង៕
ហ៊ីម រដ្ឋា


