ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំហានបន្ទាប់នៃការដាក់ឱ្យអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលព្យាបាលនៅតាមផ្ទះគឺនឹងអនុញ្ញាតឱ្យដំណើរការនៅក្នុងខេត្តកណ្តាលដោយផ្អែកលើការចាំបាច់ បន្ទាប់ពីចាប់ផ្ដើមដំបូងនៅក្នុងរាជធានីភ្នំពេញ។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១២ ខែកក្កដានេះ ទាក់ទងនឹងការផ្សព្វផ្សាយពីនីតិវិធី និងយន្តការនៃការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញាសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញថា ផែនការនៃការដាក់អ្នកជំងឺកូវីដ ១៩ កម្រិតស្រាលឱ្យព្យាបាលតាមផ្ទះ នៅតាមបណ្តាខេត្តមួយចំនួនធ្វើឡើងក្នុងករណីដែលចាំបាច់។
លោកមានប្រសាសន៍ថា៖ «លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយនឹងអភិបាលខេត្តដែលមានតម្រូវការថា ក្នុងខេត្តរបស់គាត់មានតម្រូវការចាំបាច់ ហើយក្នុងការដាក់ការព្យាបាលនៅតាមផ្ទះ ដោយមូលហេតុមណ្ឌលព្យាបាលដល់កម្រិតមួយ សម្រាប់ត្រៀមទុកឱ្យអ្នកជំងឺកម្រិតធ្ងន់និងមធ្យមដោយទុកអ្នកជំងឺកម្រិតស្រាលសម្រាប់ព្យាបាលតាមផ្ទះ»។
លោក ង៉ូវ កាង បានបន្ថែមថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងនឹងអនុញ្ញាតឱ្យមានការដាក់អ្នកជំងឺកូវីដ ១៩ កម្រិតស្រាលនៅតាមផ្ទះនៅខេត្តកណ្តាល ឬខេត្តដែលមានចំនួនអ្នកជំងឺច្រើននិងមានការចាំបាច់។
លោកបានថ្លែងថា៖ «តាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នាពេលថ្មីៗនេះ លោកបានលើកឡើងថា ជំហានបន្ទាប់នៃការដាក់អ្នកជំងឺកូវីដ ១៩ នៅផ្ទះ គឺខេត្តកណ្តាលហើយខេត្តណាផ្សេងទៀត គឺអាចនឹងដាក់ឱ្យអនុវត្តដំណាលគ្នានឹងខេត្តកណ្តាលផងដែរ»។
លោក ង៉ូវ កាង បានបន្តថា មិនមានការកំណត់ថា ការដាក់ព្យាបាលតាមផ្ទះនេះនឹងមិនមានធ្វើនៅតាមបណ្តាខេត្តនោះទេ។ ប៉ុន្តែនៅពេលដែលមានការចាំបាច់ក្រសួងសុខាភិបាលនឹងអនុវត្តគោលការណ៍ព្យាបាលជំងឺកូវីដ ១៩ នៅតាមផ្ទះទូទាំងប្រទេសឱ្យតែខេត្តនោះអាចអនុវត្តបាននិងមានសុវត្ថិភាពមិនមែនចេះតែចេញឱ្យអនុវត្តតែមិនមានសុវត្ថិភាពនោះទេ។
លោកថា៖ «យើងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់»៕


