ធនាគារធំៗរបស់អាមេរិក កំពុងបន្តយុទ្ធសាស្ត្រខុសគ្នាយ៉ាងខ្លាំងសម្រាប់ការដាក់ពង្រាយប្រាក់បញ្ញើរាប់ពាន់លានដុល្លាររបស់ខ្លួនលើទីផ្សារបំណុលរបស់រដ្ឋាភិបាល ដោយបង្ហាញពីការពិភាក្សានៅ Wall Street អំពីទិសដៅនៃអត្រាការប្រាក់។
ធនាគារអាមេរិក (BofA) ដែលជាអ្នកផ្តល់ប្រាក់កម្ចីអាមេរិកធំជាងគេទី២ បានបង្កើនប្រាក់ចំណូលនៅត្រីមាសទី៣ របស់ខ្លួន ដោយបង្កើនការប្រាក់ពីផលបត្របំណុលដែលកើនឡើង ៧៧ ភាគរយ ក្នុងរយៈពេល ១ ឆ្នាំកន្លងមក ហើយបច្ចុប្បន្ន ធនាគារនេះមានចំនួនជិត ៩៧០ ប៊ីលានដុល្លារ។
ធនាគារ JP Morgan Chase ដែលជាធនាគារធំជាងគេរបស់អាមេរិកធ្វើប្រតិបត្តិការលើផលបត្រមូលបត្រវិនិយោគក្នុងទំហំតូចជាងហើយមានទំនោរចង់ដាក់ប្រាក់បញ្ញើនៅធនាគារកណ្តាលអាមេរិកជាជាងខ្ជះខ្ជាយលុយកាក់ ឬមូលបត្រភ្នាក់ងារ។
លោក Jason Goldberg អ្នកវិភាគធនាគារនៅ Barclays និយាយថា៖ «អ្នកមើលឃើញធនាគារកំពុងប្រើយុទ្ធសាស្រ្តផ្សេងៗជុំវិញរបាយការណ៍តុល្យការ និងការគ្រប់គ្រងអត្រាការប្រាក់។ ពេលវេលានឹងប្រាប់ថាមួយណាជាជម្រើសល្អជាងគេ»។
បញ្ហាប្រឈមសម្រាប់ធនាគារនោះ គឺការព្យាយាមប្រើប្រាស់ប្រាក់បញ្ញើទាំងអស់ដែលប្រមូលបាននៅលើតារាងតុល្យការរបស់ខ្លួនដោយសារការជំរុញរបស់រដ្ឋាភិបាលនិងការដាក់ចេញនូវកម្មវិធីបន្ធូរបន្ថយបរិមាណក្នុងអំឡុងពេលមានវិបត្តិសុខភាព។ការផ្តល់ប្រាក់កម្ចីជាជម្រើសដែលធនាគារពេញចិត្ត ប៉ុន្តែកំណើនប្រាក់កម្ចីមានភាពយឺតយ៉ាវដោយសារក្រុមហ៊ុនបានរកឃើញសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារមូលបត្របំណុលហើយអ្នកប្រើប្រាស់សងបំណុលតាមកាតឥណទាន។
លោក Mark Cabana ប្រធានយុទ្ធសាស្ត្រអត្រាការប្រាក់អាមេរិកនៅ BofA និយាយថា៖ «ប្រសិនបើធនាគារកំពុងជួបការលំបាកក្នុងការបង្កើតប្រាក់កម្ចីនោះមានន័យថាពួកគេនឹងត្រូវស្រូបយកមូលបត្របន្ថែម។មានការរំពឹងដែលថា នឹងមានការដេញថ្លៃធនាគារដែលមានភាពរឹងមាំសម្រាប់រតនាគារ»។
ផ្ទុយទៅវិញក្រុមហ៊ុន JP Morgan បានបង្កើនទំហំនៃផលបត្របំណុលរបស់ខ្លួនបានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ កាលពីឆ្នាំមុន ខណៈធនាគារវិនិយោគ Citigroup កើនឡើង ១៤ ភាគរយ និងធនាគារ Wells Fargo កើនឡើង ១២ ភាគរយ៕
ហួន ឌីណា


